ម៉ូតូ​១​គ្រឿង​ជិះ​គ្នា​ដល់​ទៅ​៥​នាក់ បុក​ជាមួយ​ម៉ូតូ​១​គ្រឿង​ទៀត​ស្លាប់​ម្នាក់​របួសធ្ងន់​ស្រាល​៤​នាក់

83

រាជធានី​ភ្នំពេញ ៖ ស្ទើរតែ​មិន​គួរ​ឲ្យ​ជឿ​ឡើយ​ដែល​មាន​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​វ៉េវ​ជិះ​គ្នា​រហូត ដល់​ទៅ ៥​នាក់ មាន​ប្រុស​មាន​ស្រី​ហើយ​បាន​បើក​ឆ្លងផ្លូវ បណ្ដាល​ឲ្យ​ម៉ូតូ​១​គ្រឿង​ទៀត​ម៉ាក​ស៊ុ​យ​ហ្ស៊ុ​យ​គី​និ​ច កំពុង​បើក​លឿន​តាម​ផ្លូវត្រង់​គេច​មិន​ទាន់​ក៏​ជ្រុល​ទៅ​ពន្លះ​គ្នា​យ៉ាង​ពេញទំហឹង​លាន់​សូរដូច​រន្ទះ​។ ភ្លាម​ៗ​នោះ​បណ្ដាល​ឲ្យ​បុរស​ដែល​ជា​អ្នកបើកបរ​ម៉ូតូ​វ៉េវ​ស្លាប់​ក្រោយ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ ដល់​ពាក់កណ្ដាល​ផ្លូវ ចំណែក​អ្នក​រួម​ដំណើរ​ជាមួយ​៤​នាក់​ទៀត មាន​៣​នាក់​រង​របួសធ្ងន់ និង​ស្រាល ហើយ​ម្នាក់​រួច​ផុត​ពី​គ្រោះថ្នាក់ រីឯ​ខាង​អ្នក​បើក​ម៉ូតូ​ស៊ុ​យ​ហ្ស៊ុ​យ​គី​និ​ច​បាន​រង​របួសធ្ងន់ សន្លប់​ស្ដូកស្ដឹង​តែ​ម្ដង​។

Loading...

ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរ​នោះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​១ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២ ខែមិថុនា ឆ្នាំ​២០១៩ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ត្រង់​ចំណុច​មុខ​សាលា​កង​អាវុធ​ហត្ថកំ​បូល ស្ថិត​នៅ​ក្នុងភូមិ​ផ្សា​រកំ​បូល សង្កាត់​កំ​បូល ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ​។ នគរបាល​បាន​និយាយ​ថា បុរស​អ្នកបើកបរ​ម៉ូតូ​ហុងដា​វ៉េវ​ដែល​ស្លាប់​នៅ​ក្នុង​ឧប្បត្តិហេតុ នេះ​ឈ្មោះ ផាត សុ​ភ័​ក្រ អាយុ​២៦​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ស្នាក់​នៅផ្ទះ​ជួល ក្នុងភូមិ​ត្រពាំង​គល់ សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល ជិត​កន្លែង​កើតហេតុ​នោះ​ដែរ​។ និង​មានស្រុក​កំណើត​នៅ​ក្នុងភូមិ​ជ្រៃ​ឧត្តម ឃុំ​ក្រាំង​តា​យ៉ង ស្រុក​ពាម​ជរ ខេត្តព្រៃវែង​។

ដោយឡែក​ម៉ូតូ​ដែល​បើក​បុក​គ្នា​បណ្ដាល​ឲ្យ​មាន​អ្នក​ស្លាប់ និង​រង​របួស​នោះ​១​គ្រឿង​ម៉ាក​ហុងដា​វ៉េវ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ឆ្នាំង 1I-9765 និង​១​គ្រឿង​ទៀត​ម៉ាក​ស៊ុ​យ​ហ្ស៊ុ​យ​គី​និ​ច ពណ៌​ស្ករ ពាក់​ស្លាក​លេខ កំពង់ចាម 1T-2904 បើកបរ​ដោយ​យុវជន​ម្នាក់​មិន​ស្គាល់ឈ្មោះ​ហើយ​បាន​រង​របួសធ្ងន់​ស្លប់​បាត់ស្មារតី​។ នគរបាល​ដដែល​បាន​បន្ត​ថា នៅ​មុន​ពេល​កើតហេតុ​ម៉ូតូ​ហុងដា​វ៉េវ​ជិះ​គ្នា​រហូត​ដល់​ទៅ​នា​៥​នាក់​ឯណោះ ដោយ​បុរស ដែល​ស្លាប់​គឺជា​អ្នកបើកបរ ហើយ​ក៏​មាន​អ្នក​រួម​ដំណើរ​ចំនួន​៤​នាក់​ទៀត​ផង​ដែរ ក្នុង​មានឈ្មោះ សេង ហុង ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ ត្រូវជា​បង និង​ប្រពន្ធ​របស់​គាត់​ឈ្មោះ អ៊ុ​ល ធឿ​ន អាយុ​៤១​ឆ្នាំ រួម​ជាមួយ​កូនប្រុស​២​នាក់​ទៀត​។

ដោយ​បាន​ឌុ​ប​គ្នា​ធ្វើ​ដំណើរ​ចេញពី​ធ្វើការ​ត្រឡប់​ទៅ​កាន់ ផ្ទះ​ជួល​ឆ្លងផ្លូវ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង បន្ទាប់​មក​បាន​បត់​ឆ្ពោះទៅ​ទិស​ខាងកើត​វិញ​។ ចំណែក​គី​ម៉ូតូ​ស៊ុ​យ​ហ្ស៊ុ​យ​គី​និ​ច​ជិះ​ម្នាក់ឯង​បាន​បើកបរ​ក្នុង​ល្បឿន​លឿន ពី​កើត​ទៅ​លិច​ហើយ​ពេល​នោះ​បាន​វាក់ គេច​មិន​ទាន់​ក៏​ជ្រុល​ទៅ​បុក​ចំ​កង់​មុខ​ម៉ូតូ​វ៉េវ​ពេញទំហឹង បណ្តាល​ឲ្យ​ដួល​រង​ការ​ខូច​ខារ​ទាំង​សងខាង​។ ប្រភព​ខាងលើ​បាន​បន្ត​ថា ក្រោយ​ពេល​កើតហេតុ​មាន​អ្នក រង​របួស​ចំនួន​៥​នាក់​ដួល​ដេក​រដូករណែល​នៅ​លើ​ផ្លូវ​ក្នុង​នោះ​ក្នុង​ចំណោម​អ្នក​ជិះ​ម៉ូតូ​ហុងដា​វ៉េវ​ទាំង​៥​នាក់​បាន​របួសធ្ងន់ និង​ស្រាល​ចំនួន​៤​នាក់ ចំណែក​ខាង​ភាគី​ម៉ូត​ស៊ុ​យ​ហ្ស៊ុ​យ​គី​និ​ចរងរ​បួស​១​នាក់ ព្រោះ​ម៉ូតូ​នោះ​ជិះ​តែ​ម្នាក់ឯង​ប៉ុណ្ណោះ​បើ​ជិះ​គ្នា​ច្រើន​ដូច​ម៉ូតូ​វ៉េវ​ក៏​ប្រហែលជា​របួស​ច្រើន​ដែរ​។

បន្ទាប់​មក​ជន​រង​គ្រោះ​សរុប​ទាំង​៥​នាក់ ត្រូវ​បាន​រថយន្ត​ពេទ្យ​ដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ ប៉ុន្តែ​ជា​អកុសល​ដោយសារ​តែ​របួសធ្ងន់​ពេក​បណ្ដាល​ឲ្យ​បុរស​អ្នកបើកបរ​ម៉ូតូ​ហុងដា​វ៉េវ​ស្លាប់​។ ដោយឡែក​អ្នក​រង​របួសធ្ងន់​មួយ​ចំនួន​ទៀត​កំពុង​ត្រូវ​បាន​គ្រូពេទ្យ​ជួយ​សង្គ្រោះ​បន្ទាន់ ហើយ​នគរបាល​ចរាចរណ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ក៏​បាន​ចុះ​ធ្វើការ​វាស់វែង និង​នាំ​យក​ម៉ូតូ​ទាំង​២​គ្រឿង​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​ខណ្ឌ​រង់ចាំ​ការ​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​៕ ដោយ ៖ យន់ ស៊ី​ថា