ទស្សនកិច្ច​សិក្សា​ពង្រឹង​អង្គ​ភាពរឹងមាំ​លើ​គ្រប់​វិស័យ នៅ​កងអនុសេនាធំ​ល្បាត​ទី​៥

100

ខេត្តបាត់ដំបង ៖ កងទ័ព​ត្រូវ​មាន​ស្មារតី ក្នុង​ការ​ពង្រឹង និង​ពង្រីក​សមត្ថភាព​ជំនាញ ដើម្បី​ធានា​បានការ​បំពេញ​តួនាទី​ភារកិច្ច ការពារ​ឯករាជ្យ អធិបតេយ្យ​បូរណភាព​ទឹកដី នៃ ព្រះរាជាណាចក្រ​កម្ពុជា​ឲ្យ​បាន​សក្តិ​សម​នឹង​ទំនុកចិត្ត ដែល​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា មាន ចំពោះ​កង​យោធពលខេមរភូមិន្ទ​។ នេះ​ជា​បណ្តាំ​ផ្តាំផ្ញើ​របស់​លោក​ឧត្តមសេនីយ៍ឯក ឯក សំ​អូន មេបញ្ជាការ​រង​កងទ័ពជើងគោក មេបញ្ជាការ​យោធភូមិ​ភាគ​ទី​៥ ក្នុង​ពិធី​ទស្សន​សិក្សា​កសាង​ពង្រឹង អង្គ​ភាពរឹងមាំ​លើ​គ្រប់​វិស័យ​របស់​កងអនុសេនាធំ​ល្បាត​ទី​៥ ចំណុះ​កងការពារ​ព្រំដែន​គោក​លេខ​៥០៣ ស្ថិត​ក្នុងភូមិ​ជោក​ជ័យ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ​។

Loading...

កាលពី​ព្រឹក​ថ្ងៃ​ទី​០៥ ខែមិថុនា ឆ្នាំ​២០១៩ កន្លង​ទៅ​ថ្មី​ៗ និង​បាន​អ​ញ្ជើ​ញ​ចូលរួម​ផង​ដែរ មាន​ឯកឧត្តម មេបញ្ជាការ​រង​យោធភូមិ​ភាគ នាយសេនាធិការ មេបញ្ជាការ មេបញ្ជាការ​រង​តំបន់​១ បន្ទាយ​មាន​ជ័យ អស់លោក មេបញ្ជាការ មេបញ្ជាការ​រង គ្រប់​កង​ឯ​ភាព កងពល តំបន់​ប្រតិបត្តិការ​សឹក​ខេត្តបាត់ដំបង បន្ទាយ​មាន​ជ័យ ពោធិ៍សាត់ និង​ប៉ៃលិន វរ​សេនា​តូច កង​ល្បាត តំណាង​អាជ្ញាធរ​ឃុំ កង​នគរបាល​ព្រំដែន និង​នាយទាហាន សរុប ៣៤៥ នាក់​។

ក្នុង​ដំណើរ​ទស្សនកិច្ច​ប្រតិភូ​ដែល​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ឯក ឯក សំ​អូន និង នាយទាហាន អមដំណើរ បាន​អញ្ជើញ​កាត់​ខ្សែបូ​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​អគារ​ពេទ្យ ០១​ខ្នង និង​ឃ្លាំង​អាវុធ​ក្នុង​កង​ល្បាត​៥ ដែល​ជា​អំណោយ របស់ លោក តុល សា​រិ​ន មេឃុំ​អូរ​បី​ជាន់ និង​លោក​ឧត្តមសេនីយ៍ទោ ឈុ​ន ម៉ៅ មេបញ្ជាការ​តំបន់​១ ព្រមទាំង​សប្បុរសជន ហើយ​បាន​ទស្សនា ការ​សម្តែង​លំ​ហាត់​កាយវិការ របស់​កងកម្លាំង ការ​គោរព​ទង់ជាតិ ដែល​គ្រប់​ស្ថាប័ន អនុវត្តន៍​ជា​ប្រចាំ និង​ពិនិត្យ​ទីតាំង​កន្លែងធ្វើការ​ងារ​ថ្នាក់​កងអនុសេនាធំ​ល្បាត បណ្តា​ប៉ុស្តិ៍​យាម​ប្រចាំការ​អគារ​ស្នាក់​នៅ​។

បន្ទាប់​មក​ប្រតិភូ បាន​បន្ត​ពិនិត្យ​ជុំវិញ​ប្រព័ន្ធ​ការពារ​ទីតាំង​រឹង​មាំ​ដែល​ជា​កត្តា​សំខាន់ របស់​កង​យោធពលខេមរភូមិន្ទ ព្រមទាំង​ការងារ​ពង្រឹង​អង្គ​ភាពរឹងមាំ​លើ​គ្រប់​វិស័យ កងអនុសេនាធំ​ល្បាត​ទី​៥ បាន​ចូល​ជ្រៅ​លើ​ការងារ​ដាំ​ដុះ​ដំណាំ​ផ្សេង​ៗ បន្លែ​គ្រប់មុខ ការ​ច​ញ្ចឹ​ម សត្វ​មាន់ ទា ជ្រូក ការ​ចិញ្ចឹម​ត្រី និង​ផ្ទះបាយ​គំរូ ថ្នាក់​កងអនុសេនាធំ ដែល​ភាព​រីក​ចម្រើន​ក្នុង​ការ​គ្រប់គ្រង ដឹកនាំ​បញ្ជា​ការងារ​ការពារ និង​ការ​ធានា​ជីវភាព​រស់នៅ​របស់​កងទ័ព​បាន​សមរម្យ​ជាង​នេះ ទៅ​ទៀត កងអនុសេនាធំ​ល្បាត​៥​។

បន្ទាប់​មក​លោក​ឧត្តមសេនីយ៍ត្រី ឃួ​ន ជឿន មេបញ្ជាការ​កង​ព្រំដែន​គោក​លេខ ៥០៣ មាន​មតិ​ស្វាគមន៍ និង​របាយការណ៍​បាន​បញ្ជាក់​ពី​សកម្មភាព និង​ភាព​រីក​ចម្រើន​របស់​អង្គភាព កងអនុសេនាធំ​ល្បាត​ទី​៥ នា​រយៈពេល​កន្លង​មក និង​មតិ​ចូលរួម​រិះគន់​ក្នុង​នៃ​ស្ថាបនា ដើម្បី​មូលដ្ឋាន កែ​លម្អ​ដក​ពិសោធន៍​ទៅ​វិញ​ទៅ​មក និង​បាន​ធ្វើការ​វាយតម្លៃ​រាល់​ចំណុចខ្លាំង​ខ្សោយ​ផង​ដែរ​។

លោក​ឧត្តមសេនីយ៍ទោ សេង ធា​រិ​ន មេបញ្ជាការ​រង នាយសេនាធិការ​យោធភូមិ​ភាគ​ទី​៥ បាន​ចាប់អារម្មណ៍ និង​ផ្តាំផ្ញើ​ដល់​កងកម្លាំង​ទាំងអស់​ត្រូវ​ពង្រឹង​បន្ថែម​ទៀត​អំពី​ការ​រីក​ចម្រើន ព្រោះ​លោក​ធ្លាប់​រស់នៅ​ដឹកនាំ​នៅ​ទី​នេះ​ពី​ពេល​មុន​មក​ឃើញ​ភាព​ខុស​គ្នា​ឆ្ងាយ​ណាស់​អំពី​ការ​រីក​ចម្រើន សំខាន់​កងទ័ព​នៅ​តំបន់​នេះ​តែងតែ​ចុះ​ជា​ប្រចាំ​ជួយ​ដល់​ប្រជាជន​នៅ​ពេល​ជួប​គ្រោះ​មហន្តរាយ​ដោយ​ផ្ទាល់ ហើយ​សុំ​សរសើរ លោក​មេឃុំ​អូរ​បី​ជាន់ គឺ​លោក តុល សា​រិ​ន តែងតែ​ជួយ​ដល់​កងទ័ព​ជា​ប្រចាំ តាំងពី​ដើម​រៀង​មករ​ហូត​ដល់​ពេល​នេះ​។

មាន​ប្រសាសន៍​បូក​សរុប និង​សំណេះសំណាល នា​ពេល​នោះ លោក​ឧត្តមសេនីយ៍ឯក ឯក សំ​អូន ក្នុង​នាម​មេបញ្ជាការ​យោធភូមិ​ភាគ​ទី​៥ បាន​សម្តែង​ការ​វាយតម្លៃ​ខ្ពស់ ចំពោះ​អស់លោក​នាយទាហាន ពល​ទាហាន ក្នុង​កងអនុសេនាធំ​ល្បាត​៥ ពិសេស​ទូ​ទាំង កង​ព្រំដែន​គោក លេខ​៥០៣ ដែល​បាន​ខិតខំ​ប្រឹងប្រែង​យក​អស់កម្លាំង​កាយ​ចិត្ត បំពេញ​តួនាទី​ភារកិច្ច ប្រកបដោយ​ភាព​សហ​ការណ៍​កន្លង​មកនេះ និង​បាន​ពុះពារ​គ្រប់ការ​លំបាក​ក្នុង​ការ​កសាង​នូវ​សមិទ្ធផល ជា​ច្រើន ពិសេស​ការ​ក៏​សាង​ផ្ទះបាយ​គំរូ​សមរម្យ​ក្នុង​ការ​ហូប​ចុក​ប្រចាំ​ថ្ងៃ និង​បាន​គ្រប់គ្រង​កម្លាំង មាន​មុខជា​ប្រចាំ​ព្រម​ជាមួយ​ការ​ផ្តល់​នូវ គោល​គំនិត​បទ​ពិសោធន៍​ល្អ​ៗ ដល់​នាយទាហាន ពល​ទាហាន និង​បាន​ដោះស្រាយ​ការ​ជួប​លំបាក​រាល់​ភាព​ប្រឈម​ផង​ដែរ​។

លោក​ឧត្តមសេនីយ៍ឯក ឯក សំ​អូន បាន​ធ្វើការ​បូក​សរុប​ឡើង​វិញ​រាល់​ចំណុចខ្លាំង ខ្សោយ និង​បាន​ធ្វើការ​កែតម្រូវ​រាល់​ចំណុច​ខ្វះខាត មួយ​ចំនួន​បំពេញបន្ថែម ដើម្បី​ជា​គន្លឹះ​ឈាន​ឆ្ពោះទៅ​រក​ភាព​រីក​ចម្រើន លោក​ឧត្តមសេនីយ៍ឯក បាន​ផ្តល់ លទ្ធភាព​និង​គ្រប់​សកម្មភាព​ការងារ ព្រមទាំង​បាន​លើក​ឡើង​ថា​កងទ័ព គឺជា​ឆ្អឹងខ្នង​របស់​រាជរដ្ឋាភិបាល​។

ដូចនេះ​ត្រូវ​បង្កើន​ការ​បេ្ត​ជ្ញា​ចិត្ត​អនុវត្តន៍​នូវ​បទបញ្ជា​លក្ខន្តិកៈ របស់ កង​យោធពលខេមរភូមិន្ទ​ស្មោះត្រង់​ដាច់ខាត​ការពារ ជាតិ សា​នា ព្រះមហាក្សត្រ និង​អនុវត្តន៍​នូវ អនុសាសន៍​១០​ចំណុច របស់​សម្តេច​តេ​ជោ​ឲ្យ​ទទួល​បាន​ជោគជ័យ ហើយ​នេះ​ក៏​ជា​ការ​ធ្វើ​ទស្សន​សិក្សា ស្វែង​យល់​នូវ​ភាព​រីក​ចម្រើន​នៅ​តាម​កងឯកភាព កងអនុសេនាធំ​ល្បាត​ទី​៥ ដែល​ជា​ការ​លើកកម្ពស់ ជីវភាព​កងទ័ព​រស់នៅ​ឲ្យ​បាន​សមរម្យ និង​បាន​រួមចំណែក​លើ​ការងារ ចលនា ប្រឡងប្រណាំង​ក្នុង​អង្គភាព ព្រមទាំង​បាន ឧបត្ថម្ភ​ដល់​កម្មវិធី​ថវិកា​០២​លាន​រៀល​ផង​ដែរ​៕ ដោយ ៖ ហួត សុង​ហាក់