ប្រភព​ទឹក​ថ្មី​ត្រូវ​បាន​មន្ត្រី​ជំនាញ ធ្វើការ​ត​ភ្ជាប់​បណ្តាញ​បន្ថែម

66

ខេត្តមណ្ឌលគិរី ៖ ប្រភព​ទឹក​ថ្មី​ត្រូវ​បាន​មន្ត្រី​ជំនាញ​ក្នុង​ខេត្តមណ្ឌលគិរី ធ្វើការ​ត​ភ្ជាប់​បណ្តាញ​បន្ថែម ដើម្បី​ទ្រទ្រង់​ការ​ប្រើប្រាស់​របស់​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​សែន​មនោ​រម្យ ខណៈ​ប្រភព​ទឹក​ចាស់​បាន​រីង​ហួត​កាលពី​រដូវប្រាំង​។

Loading...

លោក តូ​វ សុធា​រ៉ា ប្រធាន​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម​ខេត្តមណ្ឌលគិរី បានឱ្យ​ដឹង​ថា យោង​ស្មារតី​អង្គប្រជុំ​ដោះស្រាយ បន្ទាន់​ករណី​រីង​ប្រភព​ទឹក​បឹង​ទំនប់​លើ​កាលពី​ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០១៩ នៅ​សាល​ប្រជុំ​សាលាខេត្ត​មណ្ឌលគិរី ឯកឧត្តម ស្វាយ សំ​អ៊ា​ង អភិបាលខេត្ត បាន​ណែនាំ​ដល់​អង្គភាព​រដ្ឋាករទឹក​ខេត្តមណ្ឌលគិរី ធ្វើការ​បំពាក់​ម៉ាស៊ីនបូមទឹក និង​ទុយោ​ថ្មី ដោយ​ទាញ​ទឹក​ឆៅ​ពី​ប្រភព​ទឹក​ទំនប់​សណ្ឋាគារ​មណ្ឌលគិរី សម្រាប់​ផ្គត់ផ្គង់​បន្ថែម​ដល់​ការ​ផលិត​ទឹក ស្អាត​របស់​អង្គភាព​រដ្ឋាករទឹក ដើម្បី​ដោះស្រាយ​បញ្ហា​កង្វះ​ប្រភព​ទឹក​ឆៅ​។

ដូច្នេះ​អង្គភាព​រដ្ឋាករទឹក​មណ្ឌលគិរី បាន​ធ្វើការ​បំពាក់​ទុយោ​ប្រភេទ HDPE Ø110 ប្រវែង ៩៨០ ម៉ែត្រ និង​ម៉ាស៊ីន​ម៉ា​ស៊ូ​ត​បូមទឹក​កម្លាំង ៣០​សេះ ព្រមទាំង​ក្បាល​បូម N8 ដែល​មាន​សមត្ថភាព​អាច​បូមទឹក​បាន ១២​ម៉ែត្រគូប​/​ម៉ោង ចាប់ពី​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០១៩ ដោយ​មាន​កិច្ចសហការ​របស់​សាលាក្រុង​សែន​មនោ​រម្យ និង​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្តមណ្ឌលគិរី បាន​បញ្ចប់​ជា​ស្ថាពរ និង​ត្រៀម​ដំណើរការ​បូម​ផលិត និង​ផ្គត់ផ្គង់​។

សូម​បញ្ជាក់​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​០៧ ខែមិថុនា ឆ្នាំ​២០១៩ លោក ចឹ​ង សុច​ន្ថា អភិបាលរង​ខេត្តមណ្ឌលគិរី រួម​ទាំង​លោក ឡុ​ង វិបុល អភិបាលក្រុង​សែន​មនោ​រម្យ និង​មន្ត្រី នៃ​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម​ខេត្ត បាន​ចុះ​ត្រួតពិនិត្យ​លទ្ធផល​ការងារ​ស្ថានីយ​បូមទឹក​ឆៅ នៅ​ទំនប់​សណ្ឋាគារ​មណ្ឌលគិរី ដែល​អង្គភាព​រដ្ឋាករទឹក​ខេត្តមណ្ឌលគិរី ធ្វើការ​បំពាក់​ម៉ាស៊ីនបូមទឹក និង​ទុយោ​ថ្មី ដោយ​ទាញ​ទឹក​ឆៅ​ពី​ប្រភព​ទឹក​ទំនប់​សណ្ឋាគារ​មណ្ឌលគិរី សម្រាប់​ផ្គត់ផ្គង់​បន្ថែម​ដល់​ការ​ផលិត​ទឹក ស្អាត​របស់​អង្គភាព​រដ្ឋាករទឹក ដើម្បី​ដោះស្រាយ​បញ្ហា​កង្វះ​ប្រភព​ទឹក​ឆៅ​៕ ដោយ ៖ សាយ ករុណា