ក្រសួងបរិស្ថាន​ប្រារព្ធ​ទិវា​កុមារ ដើម្បី​លើកកម្ពស់​ការ​អភិវឌ្ឍ និង​ស្រឡាញ់​បរិស្ថាន​ដល់​កុមារ

63

រាជធានី​ភ្នំពេញ ៖ ក្រសួងបរិស្ថាន សហការ​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា រាជធានី​ភ្នំពេញ គ្រោង​នឹង​រៀបចំ​កម្មវិធី​ក្តី​សុបិន ដើម្បី​ចូលរួម​អបអរសាទរ​ទិវា​កុមារ​អន្តរជាតិ ១​មិថុនា ទិវា​ពិភពលោក ប្រឆាំង​ពលកម្ម​កុមារ ១២​មិថុនា និង​ទិវា​កុមារ​កម្ពុជា នៅ​ថ្ងៃ​សៅរ៍ ៦​កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព​.​ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃ​ទី​០៨ ខែមិថុនា ឆ្នាំ​២០១៩ នៅ​អគារ​ខេមរា​នី ស្នាក់​ការ​សហភាព​សហព័ន្ធ យុវជន​កម្ពុជា រាជធានី​ភ្នំពេញ​។

Loading...

ការ​ប្រារព្ធ​ពិធី​ក្នុងឆ្នាំនេះ​មិន​ត្រឹមតែ​ដើម្បី​ជា​ការ​អបអរ និង​លើកទឹកចិត្ត ដល់​មន្ត្រីរាជការ​នៅ​ក្នុង​ក្រសួងបរិស្ថាន និង​កុមារ​ដែល​ជា​កូន​របស់​ពួក​គាត់​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​ផ្តល់ ជា​ឱកាស​សម្រាប់​មន្ត្រីរាជការ និង​កូន​ៗ​មន្ត្រីរាជការ​នៃ​បណ្តា​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ និង​សាធារណៈជន បាន​ចូលរួម​ស្វែង​យល់​ពី​បញ្ហា​បរិស្ថាន ព្រមទាំង​ចែករំលែក​នូវ​ភាព​សប្បាយ​រីករាយ បង្កើន​ទំនាក់ទំនង និង​ចំណង​សាមគ្គីភាព​រវាង​បុគ្គល និង​បុគ្គល ស្ថាប័ន និង​ស្ថាប័ន ឱ្យ​កាន់តែ​ស្និទ្ធស្នាល​ថែម​មួយ កម្រិត​ទៀត​។

ការ​ប្រារព្ធ​ទិវា​នេះ ក៏​ជា​ការ​បង្ហាញ​ពី​ការ​យកចិត្តទុកដាក់​របស់​រាជរដ្ឋាភិបាល​ចំពោះ​កុមារ ស្រប​តាម​រដ្ឋធម្មនុញ្ញ និង​អនុសញ្ញា​ផ្សេង​ៗ​ស្តី​ពី​សិទ្ធិ​កុមារ​។ ក្រសួងបរិស្ថាន​ជា​សមាជិក​ក្នុង​ក្រុមការងារ ដើម្បី​កុមារ និង​ក្នុង​គណៈកម្មាធិការ​សម្របសម្រួល​បច្ចេកទេស​កុមារ​តូច ដោយ​បាន​រៀបចំ​ដាក់​បញ្ចូល​នូវ បញ្ហា​កុមារ​និង​បរិស្ថាន ទៅ​ក្នុង​ផែនការ​យុទ្ធសាស្ត្រ និង​ផែនការ​ថវិកា​របស់​ក្រសួង ក្នុង​គោលបំណង​ជំរុញ លើកកម្ពស់​សុខភាព​បរិស្ថាន ដើម្បី​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ ជា​ពិសេស​ស្ត្រី និង​កុមារ ព្រមទាំង​ទប់ស្កាត់ ការ​បំពុល​នានា​ដែល​នាំ​ឱ្យ​ប៉ះពាល់​ដល់​ការ​គាំពារ និង​អភិវឌ្ឍ​កុមារ​។

សូម​បញ្ជាក់​ថា កម្មវិធី​ក្តី​សុបិន ចូលរួម​អបអរសាទរ​ទិវា​កុមារ​អន្តរជាតិ ១​មិថុនា ទិវា​ពិភពលោក​ប្រឆាំង​ពលកម្ម​កុមារ ១២​មិថុនា និង​ទិវា​កុមារ​កម្ពុជា រៀបចំ​ឡើង​ដោយ​សកម្មភាព​ជា​ច្រើន ដើម្បី​បណ្តុះ​ស្មារតី និង​ឆ​ន្ទះ​ស្រឡាញ់ បរិស្ថាន​ទៅ​ដល់​កុមារ តាម​រយៈ ការ​ប្រឡងប្រណាំង​ផាត់​ពណ៌ និង​ការ​ផ្គុំ​រូបភាព​, ការ​ទស្សនាការ​ដាក់​តាំង​បង្ហាញ​សំណាក​សត្វ និង​វី​ដេ​អូ (​ឯកសារ​ជីវចម្រុះ​), ទស្សនាការ​ដាក់​តាំង បង្ហាញ​ផ្ទាំង​រូបភាព​អប់រំ​, ការ​សម្ដែង​សិល្បៈ​«​ល្ខោនខោល​», ការ​ធ្វើ​ម្ហូប​, សកម្មភាព​កីឡា​, ការ​ដើរ​បង្ហាញ​ម៉ូត​សម្លៀក​បំពាក់​, ការ​ប្រគំ​តន្ត្រី និង​ចម្រៀង​កុមារ​, ការ​ចូលរួម​លេងល្បែង​កំសាន្ត​ផ្សេង​ៗ​ជា​ច្រើន​ទៀត​៕ ដោយ ៖ សុខ សា​រ៉ា​យ