ជនជាតិ​ចិន​ម្នាក់​បង្ខាំង​មនុស្ស ដើម្បី​ជំរិត​ទារប្រាក់

90

ខេត្តសៀមរាប ៖ នា​វេលា​ម៉ោង​០៩​ព្រឹក ថ្ងៃ​ទី​០៨ ខែមិថុនា ឆ្នាំ​២០១៩ កម្លាំង​ការិយាល័យ​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃ​ស្នងការ​នគរបាល​ខេត្តសៀមរាប បាន​ឃាត់ខ្លួន​បញ្ជូន​ពិរុទ្ធជន​ឈ្មោះ LYU FEIFEI ភេទ​ប្រុស កើត​ថ្ងៃ​ទី​១០ កញ្ញា ១៩៨៧ ជនជាតិ​ចិន កាន់​លិខិតឆ្លងដែន​លេខ E៥៧៥៦៦៩៨០ ខណៈ​ដែល​កម្លាំង​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប បាន​ឃាត់ខ្លួន កាលពី​ល្ងាច​ថ្ងៃ​ទី​០៧ មិថុនា ២០១៩។

Loading...

តាម​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​ពិរុទ្ធជន​របស់​សាលាដំបូង ខេត្តសៀមរាប លេខ​៧២ ដ​ច​ជ​”​ក​”/១៩ ចុះ​ថ្ងៃ​ទី​២៩ មេ​សា ២០១៩ ពី​បទ ចាប់​ឃុំឃាំង ឬ​បង្ខាំង​មនុស្ស​ដោយ​ខុសច្បាប់​ក្នុង​គោលដៅ​ជំរិត​យក​ទ្រព្យសម្បត្តិ ប្រព្រឹត្តិ​កាលពី​ថ្ងៃ​ទី​១២-១៣ ខែ កក្កដា ឆ្នាំ​២០១៨ នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ និង​នៅ​ភូមិ​ជ្រៃ ឃុំ​ខ្ចាស់ ស្រុក​សូទ្រនិគម ខេត្តសៀមរាប ទៅ​សាលាដំបូង​ខេត្តសៀមរាប​ចាត់ការ​តាម​នីតិវិធី នេះ​បើ​តាម​សម្តី​របស់​លោក ឧត្តមសេនីយ៍ត្រី ជា គឹ​ម​សាន្ត ស្នងការ​រង​ទទួល​ផែន​ការិយាល័យ​នគរបាល​អន្តោប្រវេសន៍ នៃ​ស្នងការ​នគរបាល​ខេត្តសៀមរាប​។

លោក​ឧត្តមសេនីយ៍ត្រី ជា គឹ​ម​សាន្ត ស្នងការ​រង​ទទួល​ផែន ការិយាល័យ​អន្តោប្រវេសន៍ នៃ​ស្នងការ​នគរបាល​ខេត្តសៀមរាប បាន​ប្រាប់​នៅ​ល្ងាច​ថ្ងៃ​ទី​៨ ខែមិថុនា ឆ្នាំ​២០១៩​នេះ​ថា បន្ទាប់​ពី​កម្លាំង​ការិយាល័យ​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃ​ស្នងការ​នគរបាល​ខេត្ត សៀមរាប បាន​ឃាត់ខ្លួន​បញ្ជូន​ពិរុទ្ធជន​ឈ្មោះ LYU FEIFEI ភេទ​ប្រុស កើត​ថ្ងៃ​ទី​១០ កញ្ញា ១៩៨៧ ជនជាតិ​ចិន កាន់​លិខិតឆ្លងដែន​លេខ E៥៧៥៦៦៩៨០ ទៅ​តុលាការ​ខេត្តសៀមរាប កាលពី​ព្រឹក​ថ្ងៃ​ទី​៨ ខែមិថុនា ឆ្នាំ​២០១៩ រហូត​ដល់​វេលា​ម៉ោង​១ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​០៨ មិថុនា ២០១៩។

ពិរុទ្ធជន​រូប​នេះ​ត្រូវ​បាន​លោក ស្រេង វុ​ទ្ធា ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តសៀមរាប ចេញ​ដីកា​ឱ្យ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្តសៀមរាប​។ បច្ចុប្បន្ន​ជនជាតិ​ចិន​(​ពិរុទ្ធជន​) ត្រូវ​បាន​កម្លាំង​ជំនាញ រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​តុលាការខេត្ត បន្ទាប់​មក​ត្រូវ​បាន​លោក ស្រេង វុ​ទ្ធា ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តសៀមរាប ចេញ​ដីកា​ឱ្យ​នាំ​ខ្លួន​ទៅ​ឃុំ​នៅ​ពន្ធនាគារ​ខេត្តសៀមរាប រួចរាល់​នៅ​រសៀល​ថ្ងៃ​ទី​៨ ខែមិថុនា ឆ្នាំ​២០១៩៕ ដោយ ៖ ច័ន្ទ រស្មី