អង្គការ​មូលនិធិ​ប្រាសាទ​ពិភពលោក​ប្រារព្ធ​ខួប​៣០​ឆ្នាំ នៃ​កិច្ច​សហប្រតិបត្តិការ

101

ខេត្តសៀមរាប ៖ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ៨​កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០១៩ អង្គការ​មូលនិធិ​ប្រាសាទ​ពិភពលោក World Monuments Fund (WMF) បាន​ប្រារព្ធ​ខួប ៣០​ឆ្នាំ លើ​ការងារ​អភិរក្ស និង​ជួសជុល​ប្រាសាទ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​។ ពិធី​នេះ​ប្រារព្ធ​ឡើង ក្រោម​វត្តមាន​ដ៏​ខ្ពង់ខ្ពស់ លោក​ជំទាវ ភឿ​ង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា លោក Michael Newbill ភារធារី​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា លោកស្រី Gineavra Boato តំណាង​អង្គការ​មូលនិធិ​ប្រាសាទ​ពិភពលោក​ប្រចាំ​អាស៊ី​អាគ្នេយ៍ មន្ត្រី បុគ្គលិក​អាជ្ញាធរ​ជាតិ​អប្សរា សរុប​ចំនួន​ប្រមាណ​២០០​នាក់​។

Loading...

លោកស្រី Gineavra Boato តំណាង WMF ប្រចាំ​អាស៊ី​អាគ្នេយ៍ បាន​លើក​ឡើង​ថា អង្គការ​នេះ​បាន​ចូល​មក​បំពេញការងារ​នៅ​តំបន់​អង្គរ នៅ​ឆ្នាំ​១៩៨៩ ដោយ​ការងារ​អាទិភាព​ដំបូង​គឺ​ការ​បណ្ដុះបណ្ដាល​ធនធានមនុស្ស​កម្ពុជា​លើ​ការងារ អភិរក្ស និង​ជួសជុល​ប្រាសាទ​។

ជា​បន្តបន្ទាប់​មក WMF បាន​ធ្វើ​វាយតម្លៃ​លើ​ការ​ខូចខាត​របស់​ប្រាង្គ​ប្រាសាទ បុរាណ​ដែល​កម្ពុជា​បាន​ជួប​ប្រទះ និង​ការ​ខ្វះ​កិច្ច​អភិរក្ស​ជួសជុល​ក្រោយ​ពី​សង្គ្រាមស៊ីវិល​។ នៅ​ឆ្នាំ​២០០៨ WMF បាន​ចាប់ផ្តើម​គម្រោង​អភិរក្ស​ប្រាសាទភ្នំបាខែង ដែល​ការងារ​នេះ​ត្រូវ​បាន​គ្រប់គ្រង​រៀបចំ និង​អនុវត្តន៍​ដោយ​អ្នក​ជំនាញការ​ខ្មែរ​ដែល​ទទួល​បានការ​បណ្ដុះបណ្ដាល​នា​ពេល​កន្លង​មក​។

ក្នុង​នាម​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា លោក Michael Newbill បាន​ចាត់​ទុក​ការ​ប្រារព្ធ​ពិធី​នេះ ជា​ការ​បញ្ជាក់​ពី​ទំនាក់ទំនង​ដ៏​យូរអង្វែង​រវាង​សហរដ្ឋអាមេរិក​តាម​រយៈ WMF ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា និង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ជា​ពិសេស​ក្នុង​រយៈពេល​៣០​ឆ្នាំ​មកនេះ WMF បាន​បណ្ដុះបណ្ដាល​អ្នកជំនាញ​ខ្មែរ​ជា​ច្រើន​រូប ហើយនឹង​ផ្តល់​ឱកាស​ដល់​ពលរដ្ឋ​កម្ពុជា​ជាង​១០០​នាក់​។ ចំពោះ​គម្រោង​ជួសជុល​ប្រាសាទភ្នំបាខែង គឺជា​គម្រោង​ដែល​មាន​ភាព​លេចធ្លោ និង​មានការ​ចូលរួម ភាគច្រើន​ដោយ​បុគ្គលិក​ជំនាញ​កម្ពុជា​។

មាន​ប្រសាសន៍​ក្នុង​ពិធី​នេះ​ដែរ លោក​ជំទាវ ភឿ​ង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ថ្លែងអំណរគុណ​ដល់ WMF ដែល​បាន​រួមចំណែក​ក្នុង​ការ កសាង​សមត្ថភាព​ធនធានមនុស្ស​របស់​កម្ពុជា និង​បាន​អនុវត្ត​កិច្ចការ​អភិរក្ស និង​ជួសជុល​ប្រាសាទ​ចាប់ពី​ឆ្នាំ​១៩៩២ ជា​ពិសេស​ប្រាសាទព្រះខ័ន តា​សោម អង្គរវត្ត និង​ប្រាសាទភ្នំបាខែង​។

លោក​ជំទាវ ក៏​បាន​រំលេច​អំពី​ផលប្រយោជន៍​នៃ​កត្តា​សន្តិភាព ព្រោះ​កត្តា​នេះ​បាន​ចូលរួម​ចំណែក​យ៉ាង​ខ្លាំងក្លា​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម និង​សុ​ខុ​ដុមរ​មនា​របស់​ប្រទេស​នា​ពេល​បច្ចុប្បន្ន និង​អនាគត រួម​ទាំង​កិច្ចការ​អភិរក្ស និង​អភិវឌ្ឍ​រមណីយដ្ឋាន​អង្គរ​៕ ដោយ ៖ ច័ន្ទ រស្មី