កម្ពុជា​-​សិង្ហ​បុរី កាន់តែ​រឹតចំណង​មិត្តភាព​រវាង​ប្រទេស​ទាំង​ពីរ

31

រាជធានី​ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​បញ្ជាការដ្ឋាន​កងទ័ពជើងគោក​កម្ពុជា ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ​ជាមួយនឹង​លោក តែ ជី​ហាន (Teo Chee Hean) ទេស​រដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី ទទួល​បន្ទុក​កិច្ចការ​សន្តិសុខ​ជាតិ នៃ​សាធារណរដ្ឋ​សិង្ហ​បុរី នៅ​រសៀល​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០១៩​។

Loading...

ក្នុង​ជំនួប​នេះ​លោក ទេស​រដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ចការ​សន្តិសុខ​ជាតិ នៃ​សាធារណរដ្ឋ​សិង្ហ​បុរី​បាន​សម្តែង ការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ជូន​ចំពោះ ឧត្តមសេនីយ៍ឯក ហ៊ុន ណែ​ត និង​គណៈប្រតិភូ ដែល​បាន​មក​បំពេញ​ទស្សន កិច្ច​ផ្លូវការ នៅ​សាធារណរដ្ឋ​សិង្ហ​បុរី​។ លោក​បាន​បន្ត​ថា ប្រទេស​សិង្ហ​បុរី និង​ប្រទេស​កម្ពុជា មាន​ទំនាក់ទំនង​ល្អ ជាមួយ​គ្នា​តាំងពី​យូរ​ឡុ​ង​ណាស់​មក​ហើយ និយាយ​ជា​រួម​ក្នុង​វិស័យ​មួយ​ចំនួន ដូច​ជា​អប់រំ ពាណិជ្ជកម្ម ទេសចរណ៍ និង​និយាយ​ដោយឡែក​ក្នុង​វិស័យ​សន្តិសុខ​។

លោក​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា ទស្សនកិច្ច​របស់​មេបញ្ជាការ​កងទ័ព ជើង​គោក នា​ពេល​នេះ នឹង​កាន់តែ​រឹតចំណង​មិត្តភាព​រវាង​ប្រទេស​ទាំង​ពីរ​។ ឧត្ត​មេ​នី​យ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​សម្តែង​ការ​អរគុណ​ចំពោះ​សាធារណរដ្ឋ​សិង្ហ​បុរី ដែល​បាន​អញ្ជើញ​រូប​លោក និង​គណៈប្រតិភូ​កងទ័ព ជើងគោ​កមក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​។

មេបញ្ជាការ​កងទ័ពជើងគោក បាន​បន្ត​ថា ជា​ការ​ពិត ប្រទេស​កម្ពុជា និង​ប្រទេស​សិង្ហ​បុរី មាន​ទំនាក់ទំនង​ជាមួយ​គ្នា​ជាង​៥០​ឆ្នាំ​មក​ហើយ ហើយ​ទំនាក់ទំនង​នេះ​នឹង​នៅ​តែ​បន្ត​ទៅ ថ្ងៃ​អនាគត​។ ពាក់ព័ន្ធ​ការងារ​សន្តិសុខ និង​សិ្ថ​រ​ភាព​ក្នុង​តំបន់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់​ថា ប្រទេស​កម្ពុជា ក៏​ដូច​ជា​បណ្តា​ប្រទេស​ដទៃ​ក្នុង​តំបន់​ត្រូវ​រួម​គ្នា​ថែរក្សា បើ​ពុំ​មាន​សន្តិភាព និង​សិ្ថ​រ​ភាព នោះ​ក៏​ពុំ​មានការ​អភិវឌ្ឍ​ផង​ដែរ​៕ ដោយ ៖ សុខ សា​រ៉ា​យ