កម្ពុជា​នឹង​មាន​រោងចក្រ​ផលិត​អគ្គិសនី​ដើរ​ដោយ​ប្រេង​ខ្មៅ និង​ឧស្ម័ន​អានុភាព​៤០០​មេ​ហ្គា​វ៉ា​ត់

129

រាជធានី​ភ្នំពេញ ៖ កម្ពុជា​នឹង​មាន​រោងចក្រ​អគ្គិសនី ដើរ​ដោយ​ប្រេង​ខ្មៅ និង​ឧស្ម័ន ដែល​មាន​អនុភាព ៤០០​មេ​ហ្គា​វ៉ា​ត់ នៅ​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ដែល​ជា​ដំណោះស្រាយ​របស់ ប្រមុខ​រាជរដ្ឋាភិបាល សម្តេច​តេ​ជោ ហ៊ុន សែន ដើម្បី​បិទ​បញ្ចប់​ស្ថានភាព​ដាច់​ភ្លើង នៅ​រដូវប្រាំង​ឆ្នាំ​ក្រោយ​ៗ​ទៀត ក្នុង​រាជធានី​ភ្នំពេញ ដែល​ធ្លាប់​ជួប​ប្រទះ​រួច​មក​ហើយ​នោះ​។ ដំណើរការ​សាងសង់​រោងចក្រ​នេះ ចាប់ផ្តើម​នៅ​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០១៩​នេះ ហើយ​ការ​សាងសង់​ចំណាយពេល​១០​ខែ ដោយ​គ្រោង​បញ្ចប់​នៅ​ខែមេសា ឆ្នាំ​២០២០ ស្ថិត​នៅ​ស្រុក​ល្វាឯម ខេត្តកណ្តាល​។

Loading...

នៅ​ថ្ងៃនេះ អគ្គិសនី​កម្ពុជា បាន​ចុះហត្ថលេខា​លើ​ការ​សាងសង់ ជាមួយ​ក្រុមហ៊ុន CGGC-UN Power.co.ltd និង​ក្រុមហ៊ុន CHINA NATIONAL HEALY MACHINERY CORPORATION នៅ​សណ្ឋាគារ​ឡឺ​រ៉ូ​យ៉ា​ល់​។ រោងចក្រ​អគ្គី​ស​នី​នេះ ត្រូវ​បាន​ប្រើប្រាស់​ម៉ាស៊ីន វ៉ា​ត់​ស៊ី​ឡា របស់​ប្រទេស​ហ្វាំ​ង​ឡង់ និង​ម៉ាស៊ីន​ម៉ែ​ន របស់​ប្រទេស​អា​ឡឺ​ម៉​ង់ ដែល​នឹង​ត្រូវ​សាងសង់​ស្ថិត​ក្នុង​ឃុំ​កោះ​រះ ស្រុក​ល្វាឯម ខេត្តកណ្តាល​។ គម្រោង​នេះ ចែក​ចេញ​ជា​២​ផ្នែក​៖ ទី​១-​រោងចក្រ​ផលិត​អគ្គិសនី ២០០​មេ​ហ្គា​វ៉ា​ត់ ប្រើប្រាស់​ម៉ាស៊ីន Wartsila របស់​ប្រទេស​ហ្វាំ​ង​ឡង់ សាងសង់​ដោយ​ក្រុមហ៊ុន CGGC-UN Power.co.ltd និង​ផ្នែក​ទី​២-​រោងចក្រ​ផលិត​អគ្គិសនី ២០០​មេ​ហ្គា​វ៉ា​ត់ ប្រើប្រាស់​ម៉ាស៊ីន MAN របស់​ប្រទេស​អា​ល្លឺ​ម៉​ង់ សាងសង់​ដោយ​ក្រុមហ៊ុន CHINA NATIONAL HEALY MACHINERY CORPORATION​។

ថ្លែងប្រាប់​ក្រុម​អ្នក​សារព័ត៌មាន លោក កែវ រតនៈ អគ្គនាយក អគ្គិសនី​កម្ពុជា បាន​បញ្ជាក់​ថា ដើម្បី​បង្ការ​ឆ្នាំ​ក្រោយ​នេះ និង​ឆ្នាំ​ខាង​មុខ​ទៀត រោងចក្រ​ផលិត​អគ្គិសនី​អានុភាព ៤០០​មេ​ហ្គា​វ៉ា​ត់​នេះ ជា​ចំណែក​មួយ​នៃ​ការ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល ក្នុង​ការ​ប្រមូល​ឲ្យ​បាន​ជាង ១,០០០​មេ​ហ្គា​វ៉ា​ត់​ថែម សម្រាប់​មុន​ដាច់​ឆ្នាំ​២០២០​ខាង​មុខ​នេះ​។ លោក កែវ រតនៈ បាន​បន្ដ​ថា គម្រោង ៤០០​មេ​ហ្គា​វ៉ា​ត់​នេះ មិន​ត្រឹមតែ​ថែម​អានុភាព​បំពេញ​ការ​ខ្វះខាត​ថាមពល ផ្គត់ផ្គង់​មួយ​ចំណែក​ប៉ុណ្ណោះ​ទេ រោងចក្រ​នេះ ក៏​មាន​តួនាទី​ជួយ​គាំទ្រ​ដល់​ការ​ដាក់​ពង្រាយ ស្ថានីយ៍​ផលិត​ថាមពល​អគ្គិសនី ដើរ​ដោយ​ពន្លឺព្រះអាទិត្យ​ថ្មី​ក្នុង​ប្រទេស និង​ជួយ​ពង្រឹងគុណភាព​ថាមពល​ផ្គត់ផ្គង់ ចូល​រាជធានី​ភ្នំពេញ តាម​រយៈ​ការ​លើកកម្ពស់ តង់ស្យុង​បាន​ប្រសើរ​។

តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អគ្គិសនី​កម្ពុជា​, គម្រោង​សាងសង់​រោងចក្រ​ផលិត​អគ្គិសនី​នេះ ចំណាយ​ថវិកា​សរុប​ចំនួន ៣៨០​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​ក្នុង​នោះ ថវិកា​សាងសង់​រោងចក្រ​ផលិត អគ្គិសនី​ទាំង​ពីរ ប្រមាណ​៣៥៥​លាន​ដុល្លារ​អា​មេ​រិ​ក និង​ថវិកា​សាងសង់​អនុ​ស្ថានីយ​អគ្គិសនី​រួម សម្រាប់​រោងចក្រ​ផលិត​អគ្គិសនី​ទាំង​ពីរ ព្រមទាំង​ហេ​ដ្ឋា​រចនា​សម្ពន្ធ​ផ្សេង​ៗ ប្រមាណ​២៥​លាន​ដុល្លារ​អា​មេ​រិ​ក​។ អគ្គិសនី​កម្ពុជា បាន​ទទួល​ឥណទាន មានការ​ប្រាក់​សម្បទាន​ចំនួន​៣០០ លាន​ដុល្លារ​អា​មេ​រិ​ក ពី​រាជរដ្ឋាភិបាល​កម្ពុជា ហើយ​អគ្គិសនី​កម្ពុជា​បាន​ដាក់​ទុន​ផ្ទាល់ ប្រមាណ​ជាង​៨០​លាន​ដុល្លារ​អា​មេ​រិ​ក ដើម្បី​បង្គ្រប់​សម្រាប់​សាងសង់ រោងចក្រ​ផលិត​អគ្គិសនី​ទាំង​ពីរ​នេះ​។

បើ​តាម​រដ្ឋលេខាធិការ​ធិ​ការ​ក្រសួង​រ៉ែ និង​ថាមពល លោក ទី នរិន្ទ បាន​ឲ្យ​ដឹង​ថា ក្រៅពី​ការ​ដំឡើង​រោងចក្រ​ហើយ​នោះ អគ្គិសនី​កម្ពុជា ក៏​នឹង​ត្រូវ​សាងសង់​បណ្តាញ​ត​ភ្ជាប់ ពី​រោងចក្រ​ក្នុងស្រុក​ល្វាឯម មក​រាជធានី​ភ្នំពេញ​ថែម​ទៀត​ផង ទើប​អាច​ទាញ​យក​ថាមពល​ប្រើប្រាស់​បាន​។ លោក​ថា បច្ចុប្បន្ន​រាជធានី​ភ្នំពេញ ត្រូវការ​ថាមពល​អគ្គិសនី​ប្រមាណ​ជា ៥០០​មេ​ហ្គា​វ៉ា​ត់​។ នៅ​ក្នុង​រដូវប្រាំង​ឆ្នាំ​២០១៩ ដោយសារ​តែ​គ្រោះ​រាំង​ស្ងួត​វា​រី​អគ្គិសនី មិន​អាច​ដំណើរការ​ផលិត ថាមពល​បាន​នោះ បាន​ធ្វើ​ឲ្យ​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​ជួប​ការ​ខ្វះខាត​ថាមពល​អគ្គិសនី​។

តាម​រយៈ​រោងចក្រ​ដើរ ដោយ​ម៉ាស៊ីនភ្លើង​កម្លាំង ៤០០​មេ​ហ្គា​វ៉ា​ត់​, រោងចក្រ​ដើរ​ដោយ​ធ្យូងថ្ម​នៅ​ខេត្ត​ព្រះ​សីហ​នុ កម្លាំង ១៥០​មេ​ហ្គា​វ៉ា​ត់​, ថាមពល​ពី​វា​រី​អគ្គិសនី​ដ​ន​សា​ហុង ប្រទេស​ឡាវ ២០០​មេ​ហ្គា​វ៉ា​ត់ លោក ទី នរិន្ទ បាន​បង្ហាញ​ភាព​កក់ក្តៅ​ថា ឆ្នាំ​២០២០ នៅ​ក្នុង​ប្រទេស​កម្ពុជា ជា​ពិសេស​ក្នុង​រាជធានី​ភ្នំពេញ នឹង​មិន​ជួប​ការ​ខ្វះខាត​ថាមពល​អគ្គិសនី​ដូច​ឆ្នាំ​២០១៩​នេះ​ទៀត​ឡើយ​។

សូម​ជម្រាប​ថា កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ជូន​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ប្រកាស​ថា រាជធានី​ភ្នំពេញ​នឹង​លែង​ជួប​ការ ខ្វះ​ថាមពល​អគ្គិសនី ដូច​នៅ​ឆ្នាំ​២០១៩​នេះ​ទៀត​។ បើ​តាម​សម្តេច​តេ​ជោ ហ៊ុន សែន ការ​មិន​ខ្វះ​នេះ ដោយសារ​រាជរដ្ឋាភិបាល បាន​សម្រេច​ដំឡើង​ម៉ាស៊ីនភ្លើង ដែល​អាច​ផលិត​ថាមពល​រហូត​ដល់ ៤០០​មេ​ហ្គា​វ៉ា​ត់ ទុក​ប្រើ​ក្នុង​រាជធានី​ភ្នំពេញ នៅ​ពេល​វា​រី​អគ្គិសនី​ខ្វះ​ទឹក មិន​អាច​ផលិត​ថាមពល​បាន​៕ ដោយ ៖ ច​ន ណា​រិ​ទ្ធ