ក្រុម​ចោរ​វាយ​ប្លន់​ម៉ូតូ​៥​នាក់ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​បាន​ហើយ

90

ខេត្តកណ្ដាល ៖ ចោរប្លន់​១​ក្រុម​មាន​គ្នា​ជិត​១០​នាក់ ដែល​តែងតែ​ធ្វើ​សកម្មភាព​ស្ទាក់​វាយ​យក​ម៉ូតូ​តាម​ផ្លូវ នៅ​ក្នុងភូមិ​សាស្ត្រ​ស្រុក​អង្គស្នួល ខេត្តកណ្ដាល និង​នៅ​សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​កន្លង​មកនេះ​។ ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ពើក និង​ប៉ុស្តិ៍​បែក​ចាន សហ​ការណ៍​ជាមួយ នគរបាល​ព្រហ្មទណ្ឌ​ស្រុក​អង្គស្នួល ធ្វើការ​ចាប់​បាន​ចំនួន​៥​នាក់ ហើយ​បន្ទាប់​ពី​ក្រុម​នេះ​ធ្វើ​សកម្មភាព ស្ទាក់​វាយ​ប្លន់​ម៉ូតូ​ពី​បុរស​២​នាក់​ទាំង​ថ្ងៃ​មិន​បាន​សម្រេច ចំណែក​៤​នាក់​ទៀត​កំពុង​រត់គេច​ខ្លួន​នៅឡើយ​។

Loading...

ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២ និង​៤០​នាទី​រសៀល ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០១៩ នៅ​តាម​ផ្លូវជាតិ​លេខ​៤ ត្រង់​ចំណុច​ភូមិ​ត្រពាំង​ភូមិ ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល​។ នគរបាល​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​៩​នាក់​នោះ​គឺ​សុទ្ធតែ​ជា​ជន​ស្ទាវ ដែល​បាន​ធ្វើ​សកម្មភាព ស្ទាក់​វាយ​ប្លន់​ម៉ូតូ​តាម​ផ្លូវ​ទាំងថ្ងៃទាំងយប់​បាន​សម្រេច​ជា​បន្តបន្ទាប់ ហើយ​រួម​មាន ១.​ឈ្មោះ​យ៉ុ​ង រ័​ត្ន ហៅ​រី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ជាង​ពិ​ដាន ស្នាក់​នៅ​ក្នុងភូមិ​ជម្ពូ​វ័​ន្ត សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

២.​ឈ្មោះ ជា សុ​ផា​នី ហៅ​ផា​ន់ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​សំណង់​ស្នាក់​នៅ​ក្នុងភូមិ ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ៣.​ឈ្មោះ មុំ ប៊ុ​ន​ឈី​ត ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ ស្នាក់​នៅ​ក្នុងភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ៤.​ឈ្មោះ គ្រាក់ រ៉ា​ន់ ហៅ​ប៊ី ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិ​ខ្មែរ ស្នាក់​នៅ​ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត​ចោម​ចៅ​១ ខណ្ឌ​ពោធិ​សែន​ជ័យ​។ ៥.​ឈ្មោះ សេង គឹ​ម​សៀវ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ព្រូឡាន​ស្នាក់​នៅ​ភូមិ​តា​កេរ សង្កាត់​កំ​បូល ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ​។

ចំណែក​២​នាក់​ទៀត​ដែល​រត់គេច​ខ្លួន​រួច​ម្នាក់​ឈ្មោះ ឡុ​ក ភេទ​ប្រុស អាយុ​២២​ឆ្នាំ ស្នាក់​នៅ​ម្តុំ​កា​ណា​ឌី​យ៉ា សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ម្នាក់​ទៀត​ឈ្មោះ និ​ត ភេទ​ប្រុស អាយុ​២២​ឆ្នាំ ស្នាក់​នៅ​ជាមួយ​គ្នា រីឯ​២​នាក់​ទៀត​មិន​ស្គាល់ឈ្មោះ​នៅឡើយ​។ ប្រភព​ដដែល​បាន​បន្ត​ថា នៅ​មុន​ពេល​កើតហេតុ​ជនសង្ស័យ​១​ក្រុម​ខាងលើ​បាន​ជិះ​ម៉ូតូ​ចំនួន​៣​គ្រឿង រួម​មាន​១-​ម៉ូតូ​ម៉ាក ហុងដា​ឌ្រី​ម​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៨ ពណ៌​ខ្មៅ ពាក់​ស្លាក លេខ​ព្រៃវែង 1N-1728 លេខ​តួ និង​លេខ​ម៉ាស៊ីន 5254533​។ ២-​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១១០ ស៊េរី​ឆ្នាំ​២០១២ ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 1CB-2380 លេខ​តួ និង​លេខ​ម៉ាស៊ីន 8004109​។

និង​៣-​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេ​១១០ ស៊េរី​ឆ្នាំ​២០១២ ពណ៌ ខ្មៅ​ពាក់​ស្លាក​លេខ កំពត 1F-0106 លេខ​តួ និង​លេខ​ម៉ាស៊ីន 8017905 ។ តាម​ផ្លូវជាតិ​លេខ​៤ ចេញពី​រង្វង់​មូល​ថ្នល់បំបែក​ចោម​ចៅ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ឆ្ពោះ​ចូល​ទៅ​ក្នុងភូមិ​សាស្ត្រ​ស្រុក​អង្គស្នួល ខេត្តកណ្ដាល​។ ប្រភព​ដដែល​បាន​បន្ត​ថា លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​ខាងលើ​បាន​ប្រទះ​ឃើញ​បុរស​២​នាក់ កំពុង​ជិះ​ម៉ូតូ​ម៉ាក​ហុងដា ឌ្រី​ម​សេ​១២៥ មួយ​គ្រឿង ភ្លាម​ៗ​នោះ​ជនសង្ស័យ​ខា​លើ​ក៏​បាន​ធ្វើ​សកម្មភាព​ស្ទាក់​វាយ និង​ខ្សែក្រវាត់ បណ្តាល​ឲ្យ​ជន​រង​គ្រោះ​ដួល​ម៉ូតូ​។

ខណៈនោះ​ជនសង្ស័យ​បាន​រត់​ចូល​ទៅ​បម្រុង​លើកយក​ម៉ូតូ ប៉ុ​ន្ត​ជន​រង​គ្រោះ បាន​ព្យាយាម​ដក​យក​សោ​ម៉ូតូ​រត់គេច​ចេញ ហើយ​ជន​ទាំងនេះ​បាន​ដេញ​តាម​វាយ តែ​ដេញ​មិន​ទាន់​។ ពេល​នោះ​បាន​ធ្វើ​ឲ្យ​ជនសង្ស័យ​សម្បារ​ព្រោះតែ​យក​ម៉ូតូ​មិន​បាន ក៏​បាន​រើស​យក ដុំ​ថ្ម​គប់ និង​វាយ​លើ​ម៉ូតូ​ជន​រង​គ្រោះ បណ្តាល​ឲ្យ​រង​ការ​ខូចខាត​បែក​ផ្នែក​ខាង​មុខ រួច​ទើប​នាំ​គ្នា​ជិះ​ម៉ូតូ ទាំង​៣​គ្រឿង​ខាងលើ​រត់គេច​ខ្លួន​។ បន្ទាប់​ពី​បានឃើញ​សកម្មភាព​បែប​នេះ អ្នក​ភូមិ​បាន​ខ​ល​រាយការណ៍ ប្រាប់​នគរបាល​ប៉ុស្តិ៍​ពើក ទើប​នគរបាល​ប៉ុស្តិ៍​ខាងលើ​បាន​សហ​ការណ៍​ជាមួយ​កម្លាំង​នគរបាល ស្រុក​អង្គស្នួល​និង​នគរបាល​ប៉ុស្តិ៍​បែក​ចាន ចេញ​ពួនស្ទាក់ និង​ឃាត់ខ្លួន​បាន​៥​នាក់​ដកហូត​ម៉ូតូ​៣​គ្រឿង ចំណែក​៤​នាក់​ទៀត​គេចខ្លួន​រួច​។

នគរបាល​បាន​ប្រាប់​ទៀត​ថា ក្រោយ​ពេល​កើតហេតុ​កម្លាំង​ស្វែងរក ជន​រង​គ្រោះ​ទាំង​២​នាក់​ដើម្បី​ដាក់​ពាក្យបណ្ដឹង​ប៉ុន្តែ​រក​មិនឃើញ​សោះ បន្ទាប់​មក​បាន​នាំ​ជនសង្ស័យ ទាំង​៥​នាក់ ទៅ​សាកសួរ ហើយ​ជន​ទាំងនោះ​បាន​សារភាព​ថា ខ្លួន​ធ្លាប់​ធ្វើ​សកម្មភាព​ស្ទាក់​វាយ​ប្លន់ យក​ម៉ូតូ តាម​ផ្លូវ​ចំនួន​៣​លើក​ទាំង​លើក​នេះ​ហើយ​។ ដោយ​លើក​ទី​១​មិន​ចាំ​ថ្ងៃខែ ប្លន់​បាន​ម៉ូតូ​ម៉ាក ហុងដា​ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ​២០១៧ មួយ​គ្រឿង នៅ​ម្តុំ​ផ្សារ​ឯករាជ្យ​២ ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ពោធិ៍ ចោម​ចៅ​៣ បន្ទាប់​មក​បាន​យក​ទៅ​បញ្ចាំ​នៅ​ផ្សារ​ឃ្លាំង​រំសេវ ខណ្ឌទួលគោក បាន​លុយ​៦០០​ដុល្លារ ចែក​គ្នា​ចាយ​។

លើក​ទី​២ នៅ​វេលា​ម៉ោង​ប្រហែល​៣​ទៀប​ភ្លឺ ថ្ងៃ​ទី​៩ ខែមិថុនា ឆ្នាំ​២០១៩ វាយ​ប្លន់​យក​បាន​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ​២០១៨ មួយ​គ្រឿង​នៅ​ជិត​ផ្សារ​បែក​ចាន ស្ថិត​នៅ​ក្នុងភូមិ​បែក​ចាន ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្ដាល​។ បន្ទាប់​មក​ឲ្យ​ឈ្មោះ រតនា ទៅ​បញ្ចាំ​ឲ្យ​បាន​លុយ​៦០០​ដុល្លារ និង​លើក​ទី​៣​បាន​ស្ទាក់​វាយ​ជន​រង​គ្រោះ​២​នាក់​នៅ​តាម​ផ្លូវជាតិ​លេខ​៤ ត្រង់​ចំណុច​ភូមិ​ត្រពាំង​ភូមិ ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល​។ ដោយ​យក​ខ្សែក្រវាត់ វាយ​ទៅ​លើ​ជន​រង​គ្រោះ​៣​ខ្សែក្រវាត់ បណ្តាល​ឲ្យ​ដួល​ម៉ូតូ​ហើយ​ត្រូវ​ជន​រង​គ្រោះ​ដក​សោ​រត់ ទើប​យក​មិន​បាន​សម្រេច ហើយដោយ​ខឹង​ពេក ទើប​ឈ្មោះ​និ​ត និង​ឈ្មោះ ឡុ​ក យក​ដុំ​ថ្ម​គប់​លើ​ម៉ូតូ ជន​រង​គ្រោះ​រួច​ហើយ​នាំ​គ្នា​ជិះ​រត់គេច​តែ​រត់​មិន​រួច​ត្រូវ​នគរបាល​ឃាត់​បាន​បែប​នេះ​តែ​ម្ដង​៕ ដោយ ៖ យន់ ស៊ី​ថា