ទំនង​ជាង​ផ្សារ​ដែក​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ទើប​បង្ក​ជា​អគ្គិភ័យ​ឆាបឆេះ

35

រាជធានី​ភ្នំពេញ ៖ ទីតាំង​ប្តូរ​ប្រេងម៉ាស៊ីន​រថយន្ត​ដែល​ធ្វើ​អំពី​ដែក​ប្រក់​ស័ង្កសី​ទំហំ​៤​គុណ​នឹង​៨​ម៉ែត្រ​មួយ​កន្លែង ត្រូវ​បាន​អគ្គិភ័យ​ឆេះ​បំផ្លាញ​អស់ទាំង​ទាំងស្រុង​គ្មាន​សល់ ដោយ​ទំនងជា​កើតឡើង​ដោយសារ​តែ ជាង​ផ្សារ​ដែក មួយ​ក្រុម​បាន​នាំ​គ្នា​មក​ធ្វើ ការ​ផ្សារ​រួច​ហើយ​ទំនងជា​មិន​មានការ​ប្រុង​ប្រ​យ​ត្ន័​ធ្វើ​ឲ្យ​បែក​ផ្កាភ្លើង​ឆាបឆេះ​ប្រេងសាំង និង​មាន​អណ្តាតភ្លើង​ក្រហមច្រាល​ឆេះ​យ៉ាង​សន្ធោសន្ធៅ​ផ្សែង​ឃ្មួ​ញ​ខ្មាញ់​ឡើង​លើ​អាកាស ដោយ​មាន​លាយឡំ ជាមួយនឹង​សំឡេង​ផ្ទុះ​ជា​ច្រើន​លើក ច្រើន​សារ​គួរ​ឲ្យ​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង​ផង​ដែរ​។

Loading...

ករណី​អគ្គិភ័យ​នេះ​ដែរ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣ និង​១៥​នាទី​រសៀល ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ចំណុច​កន្លែង​ប្តូរ​ប្រេង ម៉ាស៊ីនរថយន្ត​មួយ​កន្លែង​ដែល​មាន​យីហោ «​មិ​ស្ទើរ​ហ្វា​យ​» ដែល​មាន​ទីតាំង​តាម​បណ្តោយ​ផ្លូវ​លេខ​៤៣០ កែង​ផ្លូវ​លេខ​៤៨០ ក្នុង​សង្កាត់​ទួល​ទំពូង​ទី​២ ខណ្ឌចម្ការមន​។ តាម​ប្រភព​ភ​ព័ត៌មាន​ពី​បុរស​ម្នាក់​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ខណៈ​ដែល​រូប​គាត់​កំពុង​តែ​លាង​ម៉ូតូ​ឲ្យ​ភ្ញៀវ​សុខ​ៗ​នោះ ក៏​ស្រាប់តែ​បានឃើញ​មាន​អណ្តាតភ្លើង ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​ក្រហមច្រាល​ចេញ​ផ្ទះ​ប្តូរ​ប្រេងម៉ាស៊ីន​ខាងលើ និង ធ្វើ​ឲ្យ​រូប​គាត់​មានការ​ភ័យ​តក់ស្លុត យ៉ាង​ខ្លាំង​។

ដោយ​បានឃើញ​មាន​អណ្តាតភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​នោះ រូប​គាត់​រួម​ទាំង​កូនចៅ (​ក្រុម​បុគ្គលិក​លាង​ម៉ូតូ​) របស់​គាត់​នាំ​គ្នា​ប្រញាប់ប្រញាល់​អូស​ម៉ូតូ​របស់​ភ្ញៀវ​យក​រត់​ចេញ ដោយ​ខ្លាច ក្រែង​ភ្លើង​ឆាបឆេះ​ដល់​ធ្វើ​ឲ្យ​ខូចខាត​ម៉ូតូ​ភ្ញៀវ​របស់​គាត់​ជា​ច្រើន​គ្រឿង​ដែល​យក​មក​លាង​កន្លែង​របស់​គាត់ និង ខ្លះ​ទៀត​រើ​អីវ៉ាន់​របស់រប​ចេញពីផ្ទះ​របស់​គាត់​ដែល​នៅ​ក្បែរ​នេះ​ផង​ដែរ​។ បុរស​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ក្នុង​ករណី​អគ្គិភ័យ​ឆាបឆេះ​កន្លែង​ប្តូរ​ប្រេងម៉ាស៊ីន​ខាងលើ​នេះ​ដែរ រូប​គាត់​មិន​បានដឹង​ថា ឆេះ​មក​ពី​មូលហេតុ​អ្វី​ឡើយ ហើយ​កន្លែង​ប្តូរ​ប្រេងម៉ាស៊ីន រថយន្ត​នេះ​ដែរ​គឺ​ទើបតែ​មក​ជួល​ដី​ធ្វើ​បាន​រយៈពេល​ប្រមាណ​ជា​បាន​ចំនួន មួយ​អាទិត្យ​ប៉ុណ្ណោះ ក៏​ត្រូវ​បាន​ភ្លើង​ឆេះ​បែប​នេះ​តែ​ម្តង​។

តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​មាន​អណ្តាតភ្លើង​ឆាបឆេះ​យ៉ាង​ខ្លាំង និង​មាន​ផ្សែង​ខ្មៅ​ហុយ​ទ្រលោម​ឡើង​លើ ចេញពី​ក្នុងផ្ទះ​ប្តូរ​ប្រេងម៉ាស៊ីន​រថយន្ត​ខាងលើ​យ៉ាង​ខ្លាំង​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ ផ្អើល​ទៅ​ដល់​កម្លាំង​មាន​សមត្ថកិច្ច មូលដ្ឋាន​ជា​ច្រើន​នាក់​បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ​។ ដោយ​ជំហាន​ដំបូង​បាន​នាំ​គ្នា​ទាញ​ទុយោ​ទឹក និង បំពង់​ពន្លត់​ទៅ​ជួយ​បាញ់​ពន្លត់ភ្លើង​ផង​ដែរ តែ​មិន​មិន​អាច​ពន្លត់​បាន ហើយ​ក៏​បាន​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ ជា​ច្រើន​គ្រឿង​ចុះ​មក​ធ្វើ​អន្តរាគមន៍​ជួយ​បាញ់​ទឹក​ពន្លត់​ផង​ភ្លាម​ៗ​។

ក្នុង​ពេល​នោះ​ដែរ​ក៏​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ របស់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​រថយន្ត​ពន្លត់​អគ្គិភ័យ​មក​ពី​តាម​អង្គភាព​ផ្សេង​ៗ​ដូច​ជា​ខាង​ជ្រោយចង្វារ OCIC កោះ​ពេជ្រ​របស់​ក្រុមហ៊ុនស្រា​បៀរ​កប​ម្ពុ​ជា មក​ដល់​ជា​បន្តបន្ទាប់​ផង​ដែរ​។ តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត ទៀត​ថា ក្នុង​ករណី​អគ្គិភ័យ​ឆេះ​កន្លែង​ប្តូរ​ប្រេងម៉ាស៊ីន​នេះ​ដែរ ដោយសារ​តែ​ខាងក្នុង​ជា​កន្លែង​មាន​ស្តុក​ទុក​ប្រេង ម៉ាស៊ីន ប្រេងសាំង និង​ប្រេង​ផ្សេង​ៗ​យ៉ាងច្រើន ដោយ​មាន​ជា​ប៊ីដុង និង​ធុងសាំង ខាងក្នុង​យ៉ាងច្រើន​នោះ​។

ធ្វើ​ឲ្យ​មានការ​លំបាក់​ដល់​ក្រុម​បុគ្គលិក​ពន្លត់​អគ្គិភ័យ​ក្នុង​ការ​ចូល​ទៅ​ធ្វើការ​ពន្លត់​យ៉ាង​ខ្លាំង ដោយសារ​តែ​ភ្លើង​បាន​ឆាបឆេះ​ប្រេងសាំង​ពេញ​អំណាច មាន​អណ្តាតភ្លើង​ខ្លាំង និង​ផ្សែង​ខ្មៅ​ហុយ​ឃ្មួ​ញ​ខ្មាញ់ និង តែ​ប៉ុណ្ណោះ​ក៏​មាន​សំឡេង​ផ្ទុះ​ធុងសាំង​ជា​ច្រើន​លើក​ច្រើន​សារ​ជា​បន្តបន្ទាប់​គ្នា​ផង​ដែរ​។ ពាក់ព័ន្ធ​ទៅ​នឹង​ករណី​អគ្គិភ័យ​ឆាបឆេះ​នៅ​ក្នុង​កន្លែង​ប្តូរ​ប្រេងម៉ាស៊ីន​រថយន្ត​នេះ​ដែរ កម្លាំង​របស់​លោក​មិន​ទាន់​បានដឹង​ថា បង្ក​មក​ពី​មូលហេតុ​អ្វី​ឲ្យ​ច្បាស់លាស់​ឡើយ ដោយ​អ្នក​រស់នៅ​ជិតខាង​ខ្លះ​ពួក​គាត់​សុទ្ធតែ​បាន​លើក​ឡើង​ថា «​មុន​ពេល កើតហេតុ​មាន​ក្រុម​ជាងដែក​មួយ​ក្រុម​នាំ​គ្នា​មក​ធ្វើការ​ផ្សារ​ដែក ទំនងជា​ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ធ្វើ​ឲ្យ​បែក​ផ្កាភ្លើង ទៅ​ត្រូវ​នឹង​ប្រេងសាំង​ទើប​បង្ក​ឲ្យ​មាន​អគ្គិភ័យ​នេះ​កើតឡើង​តែ​ម្តង​»​។

ក្នុង​ករណី​អគ្គិភ័យ​នេះ​ដែរ បាន​ឆេះ​បំផ្លាញ​អស់​រោង​ដែល​ធ្វើ​អំពី​ដែក​ប្រក់​ស័ង្កសី ដែល​មាន​ទំហំ​៤​គុណ​នឹង​៨​ម៉ែត្រ​មួយ​ខ្នង​អស់ទាំង​ស្រុង រួម​ទាំង​ប្រេងម៉ាស៊ីន​ប្រេងសាំង និង​ប្រេង​ផ្សេង​ៗ​អស់​ជា​ច្រើន​នៅ​ខាងក្នុង​ខ្ទេច​គ្មាន​សល់​។ ហើយ​ពាក់ព័ន្ធ​ទៅ​នឹង​ករណី​នេះ​ដែរ​គេ​មិន​ទាន់​បានដឹង​ថា ឆេះ​មក​ពី​មូលហេតុ​អ្វី​ឲ្យ​ច្បាស់លាស់​នៅឡើយ ដោយ​រង់ចាំ​បង្កើត​គណៈកម្មាធិការ​ចម្រុះ​ចុះ​មក​ធ្វើការ​ស្រាវជ្រាវ​ឲ្យ​ដឹង​ពី​មូលហេតុ​ច្បាស់​នៅ​ពេល​ក្រោយ​ជា​បន្ត​ទៅ​ទៀត​៕ ដោយ ៖ ភី ផល