បង្ក្រាប​ហាង​លក់​ឡេ​បោះ​ដុំ​យីហោ Ah Gi Leder ដែល​កំពុង​ល្បីឈ្មោះ​ក្នុង​បណ្តាញ​សង្គម

199

រាជធានី​ភ្នំពេញ ៖ ហាង​លក់​ឡេ​ដ៏​មាន​ប្រជាប្រិយ និង​ល្បី​នៅ​ក្នុង​បណ្តាញ​សង្គម​យីហោ Ah GiLeder មាន​លក់​គ្រឿងក្រអូប បោះ​ដុំ និង​រាយ​នាំ​មក​ពី​ប្រទេស​ថៃ​សុទ្ធ​១០០​ភាគរយ ត្រូវ​បាន​កម្លាំង គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​ដែល បង្ក​គ្រោះថ្នាក់​មាន​ហានិភ័យ​ខ្ពស់​ដល់​សុខភាព និង​សុវត្ថិភាព​សង្គម​របស់​ក្រសួងមហាផ្ទៃ​ចុះ​បង្ក្រាប ដោយ​ឃាត់ខ្លួន​ថៅកែ​ហាង​ដ៏​ក្មេងខ្ចី​ម្នាក់​ទៅ​សាកសួរ និង​ដកហូត​ផលិតផល​ចំនួន​៨​មុខ​ស្នើ​៨៩៦​ប្រអប់​។

Loading...

ការ​ចុះ​បង្ក្រាប​ហាង​លក់​ឡេ​នេះ​ធ្វើ​ឡើង កាលពី​វេលា​ម៉ោង​៤ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ចំណុច​សំណង់​១២ ផ្ទះល្វែង​លេខ​៧ ផ្លូវ​២៦៥ ក្នុង​សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក​ដោយ​សមត្ថកិច្ច​មានការ​សង្ស័យ ថា​ផលិតផល​ទាំងនោះ នាំ​ចូល និង​ចែក​នៅ​លើ​គ្មាន​ច្បាប់​អនុញ្ញាត​ព្រមទាំង​មានការ​កែ​ច្នៃ​ម្សៅលាបមុខ និង​ខ្លួន​ពី​កំប៉ុង​ដើម​ដាក់​កំប៉ុង​ថ្មី គ្មាន​ស្លាក​សញ្ញា​ផលិតផល​ហើយ​ចែកចាយ​នៅ​ទីផ្សារ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ស្បែក​របស់​អ្នក​ប្រើប្រាស់​។

ប្រតិបត្តិការ​ធ្វើ​ឡើង តាម​ដីកាឆែកឆេរ លេខ​៧៩៩ ចុះ​ថ្ងៃ​១២ ខែមិថុនា ឆ្នាំ​២០១៩ ដឹកនាំ​ដោយ​លោក​វរៈសេនីយ៍ទោ នួន សុ​ភក្តិ នាយ​រង​ការិយាល័យ និង​ជា​មន្ត្រី​នគរបាល​យុត្តិធម៌ និង​មានការ​ចូល​សម្របសម្រួល​ដោយ​ផ្ទាល់ របស់​ព្រះ​រា​ជ្ញា​រង ចែ សុង ព្រមទាំង​មានការ​ចូលរួម​ពី​មន្ត្រី​សុខ​ភិ​បាល​,​អាជ្ញាធរ និង​នគរបាល​មូលដ្ឋាន ផង​ដែរ​។

ថែ​កែ​ហាង​គ្រឿងក្រអូប ដែល​ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន​ឲ្យ​ដឹង​ថា ឈ្មោះ តេ​ង ស៊ី​ណាត ភេទ ស្រី អាយុ​២០​ឆ្នាំ មាន​លំនៅ​ផ្ទះ​លេខ​ផ្ទះ​លេខ​៨៦ ផ្លូវ​លេខ​១៧៤ សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ ដែល​ជា​ម្ចាស់​នាំ​ចូល និង​ចែកចាយ​គ្រឿងក្រអូប​មក​ពី​ប្រទេស​ថៃ ដែល​មាន​យីហោ Ah GiLeder មាន​អាសយដ្ឋាន​ផ្ទះ​ជួល​នៅ​ទីតាំង​ខាង​នេះ​។

អ្វី​ដែល​មានការ​ចាប់អារម្មណ៍ នៅ​ពេល​សមត្ថកិច្ច​ចម្រុះ ចុះ​ទៅ​ដល់​គេ​ឃើញ​លោក​ឧកញ៉ា ឧត្តមសេនីយ៍ឯក តេ​ង ស៊ី​ថា ទីប្រឹក្សា​ក្រសួងមហាផ្ទៃ ដែល​គេ​អះអាង​ថា ត្រូវជា​ឪពុក​របស់​កញ្ញា តេ​ង ស៊ី​ណាត ហៅ Ah Gi ក៏​បាន​ចុះ​រារាំង​សមត្ថកិច្ច​ផង​ដែរ​។ ទោះបីជា​យ៉ាងណា​សមត្ថកិច្ច​ក៏​បាន​អនុវត្តន៍​ច្បាប់​បាន​សម្រេច​ដោយ​ជោគជ័យ​។

តាម​សមត្ថកិច្ច បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ប្រតិបត្តិការ​សមត្ថកិច្ច​ក៏​បាន​ឆែកឆេរ​ឃើញ​ឡេ ជា​ច្រើន​ប្រភេទ ដោយ​សមត្ថកិច្ច មានការ​សង្ស័យ​ថា កែ​ច្នៃ​ក្លែងក្លាយ និង​ពុំ​មានច្បាប់​អនុញ្ញាត​។ បន្ទាប់​ពី​ឆែកឆេរ​ម្ចាស់​គ្រឿងក្រអូប​កញ្ញា តេ​ង ស៊ី​ណាត ហៅ Ah Gi ដែល​ល្បីឈ្មោះ​ក្នុង​បណ្តាញ​សង្គម ក៏​បាន​ទទួលស្គាល់​នូវ​កំហុស ដូច​ខាងក្រោម​៖១-​គ្មាន​លិខិតអនុញ្ញាត​បើក​គ្រឹះស្ថាន​ផលិតផល​គ្រឿងសម្អាង​ពី​ក្រសួង សុខាភិបាល ២. ផលិតផល​គ្រឿងសម្អាង គ្មាន​ចុះ​ប្រវេទន៍ ពី​ក្រសួងសុខាភិបាល ,៣.​មិន​មានច្បាប់​អនុញ្ញាត​ពី​ក្រសួង ពាណិជ្ជកម្ម​, ៤. លាយ និង​ផ្សព្វផ្សាយ​លក់រាយ និង​បោះ​ដុំ និង​៥.​នៅ​លើ​សម្បក​ផលិតផល​មិន​មាន​ស្លាក​សញ្ញា​ផលិតផល​។

បន្ទាប់​ពី​ត្រួតពិនិត្យ សមត្ថកិច្ច​ក៏​បាន​នាំ​ដកហូត​ផលិតផល​ចំនួន​៨​មុខ ស្នើ​៨៩៦ ប្រអប់​ព្រមទាំង​នាំ​ខ្លួន​កញ្ញា តេ​ង ស៊ី​ណាត ហៅ Ah Gi ទៅ​សាកសួរ​។ គួរ​បញ្ជាក់​ថា គ្រឿងក្រអូប​យីហោ Ah Gi Leder ត្រូវ​បាន​កញ្ញា តេ​ង ស៊ី​ណាត ហៅ Ah Gi បាន​ធ្វើការ​លាយ​លក់​តាម​បណ្តាញ​សង្គម ធ្វើ​មានការ​ចាប់អារម្មណ៍ ពី​មហាជន ហើយ​ពេល​នេះ Ah Gi ត្រូវ​បាន​ឃាត់​ហើយ គេ​ពុំ​ទាន់​ដឹង​ថា អាច​ប្រ​ឈរ​មុខ​ផ្លូវច្បាប់ ឬ​យ៉ាងណា​នោះ​ទេ ៕ ដោយ ៖ ម៉េ​ង ធា