អគ្គិភ័យ​លេប​ត្របាក់​ផ្ទះ​ពលរដ្ឋ​មួយ​ខ្នង​អស់​គ្មាន​សល់

29

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា អគ្គិភ័យ​ដែល​គេ​សង្ស័យ​បណ្ដាល​មក​ពី ការ​ទុ​ស្សេ​ខ្សែ​ចរន្ត​អគ្គី​ស​នី បាន​លេប​ត្របាក់​លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ​មួយ​ខ្នង​អស់​គ្មាន​សល់ កាលពី​ម៉ោង​៣ និង​១៥​នាទី​រសៀល ថ្ងៃ​ទី​១៤ ខែមិថុនា នៅ​ភូមិ​ថ្មី ឃុំ​បន្សាយ​ត្រែង ស្រុក​ថ្មគោល​។ លោក ផង់ សុភាព អធិការ​ស្រុក​ថ្មគោល​បាន​ឲ្យ​ដឹង​ថា អគ្គិភ័យ​នោះ​បាន​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​ឈ្មោះ ប៊ុត សា​រិ​ន ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ដែល​គាត់​អះអាង​ថា បណ្ដាល​មក​ពី​ការ​ទុ​ស្សេ​ខ្សែភ្លើង​។

Loading...

លោក​អធិការ​ដែល​បាន ដឹកនាំ​រថយន្ត​ពន្លត់អគ្គីភ័យ ចុះ​អន្តរាគមន៍​ដោយ​ផ្ទាល់​បាន​បញ្ជាក់​ថា លំនៅ​ឋាន​នោះ​មាន​ទំហំ ៥​ម៉ែត្រ គុណ​នឹង​៧​ម៉ែត្រ ធ្វើ​ពី​ឈើ​ប្រក់​ស័ង្កសី ជញ្ជាំង​ក្តារ ដែល​រង​ការ​ខូចខាត​ទាំងស្រុង​តែ​ម្ដង តែ​មិន​មាន គ្រោះថ្នាក់​មនុស្ស​ទេ​។ បើ​តាម​របាយការណ៍​បឋម​ដែល​សមត្ថកិច្ច​បាន​សាកសួរ ជន​រង​គ្រោះ បាន​ឲ្យ​ដឹង​ថា ក្រៅពី​ខូចខាត​ផ្ទះ​ទាំងស្រុង ទ្រព្យសម្បត្តិ និង​សម្ភារ​ដែល​នៅ​ក្នុងផ្ទះ​ស្ទើរ​ទាំងអស់​ក៏​ត្រូវ​ក្លាយជា​ផេះ​ដែរ​។

ដូច​ជា គ្រែ​ប្រអប់​, ទូរទស្សន៍​, អំ​ភ្លី​មួយ​ឈុត​, ទូ​ដាក់​ខោអាវ​២, លុយ​បាត ២៥,០០០​បាត​, លុយ​ខ្មែរ ៥០០,០០០​រៀល​, ស្រូវ​០២​បាវ និង​ឯកសារ​គ្រួសារ​មួយ​ចំនួន​ទៀត ដែល​សរុប​នៃ​ការ​ខូចខាត​មាន​តម្លៃ ប្រមាណ​១​ម៉ឺន​ដុល្លា​។ សមត្ថកិច្ច​បាន​និយាយ​ថា លំនៅ​ឋាន​នេះ​ត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ​លឿន​បំផុត បើ​ទោះជា​រថយន្ត​ពន្លត់អគ្គីភ័យ​បាន​រួសរាន់​ទៅ​ជួយ​អន្តរាគមន៍​យ៉ាងណា​ក៏​មិន​អាច​ទប់ស្កាត់​បាន​ដែរ ព្រោះ​ឆេះ​លឿន​ពេក​ស្រប​ពេល​អាកាសធាតុ​ក្ដៅ​។ ដូច្នេះ​ប្រជាពលរដ្ឋ​គួរតែ​មានការ​ប្រុង​ប្រយ័ត្ន ចំពោះ​អគ្គី​ភ័យ​នេះ​៕ ដោយ ៖ ឆោម ពិសម័យ