កម្ពុជា​-​ថៃ ៖ កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី លើ​វិស័យ​សន្តិសុខ

32

ខេត្តបាត់ដំបង ៖ ក្រុម​លេខា​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​ភូមិភាគ កម្ពុជា​-​ថៃ លើក​ទី​២៧ (RBC-27) របស់​ភាគី​កម្ពុជា​ដែល​មាន​ស្ថាប័ន​គ្រប់​មន្ទីរ​នានា​ដែល​ពាក់ព័ន្ធ​មក​ពី​ខេត្តបាត់ដំបង បន្ទាយ​មាន​ជ័យ ប៉ៃលិន និង​ពោធិសាត់ និង​តំណាង​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ ប្រមាណ​៥០​នាក់ ជួបជុំ​នៅ​ទីបញ្ជាការដ្ឋាន យោធភូមិ​ភាគ​ទី​៥ ក្រុង​បាត់ដំបង វេលា​ព្រឹក​ទី​១៤ ខែមិថុនា ឆ្នាំ​២០១៩ ក្រោម​ការ​រៀបចំ​របស់​លោក​ឧត្តម សេនីយ៍​ទោ សេង ធា​រិ​ន មេបញ្ជាការ​រង នាយសេនាធិការ​យោធភូមិ​ភាគ​ទី​៥ ជា​ប្រធាន​ក្រុម​លេខា ដើម្បី​លើក សំណើ​ត្រៀម​ចូលរួម​ប្រជុំ​របស់​គណៈកម្មាធិការ​ថ្នាក់​ភូមិភាគ​កម្ពុជា​-​ថៃ រវាង​ដៃគូរ​ភាគី​នៅ​ប្រទេស​ថៃ នា​ពេល​ខាង​មុខ​នេះ​។

Loading...

លោក​វរៈសេនីយ៍ទោ សេង គី​រី នាយការិយាល័យ​ព្រំដែន​យោធភូមិ​ភាគ​ទី​៥ បាន​អាន​របាយការណ៍​លទ្ធផល​ក្រោយ​ការ​ប្រជុំ​RBC-26 ដោយ​ផ្តោត​យក​លទ្ធផល​ល្អ​មក​បន្ត​រួម​កិច្ច​សហ ប្រតិបត្តិការ​បន្ត​ទៅ​ទៀត និង​រួម​គ្នា​ដោះស្រាយ​បញ្ហា​ដែល​នៅ​សេសសល់ កែ​លម្អ​គ្នា​ឲ្យ​កាន់តែ​មានគុណ​ភាព ប្រសិទ្ធិ​ភាព​បំផុត​។

គ្រប់​ស្ថាប័ន​ដែល​ពាក់ព័ន្ធ បាន​លើក​ពង្រាង​ខ្លឹមសារ​ដែល​ត្រូវ​ដាក់​សំណើ​នា​ពេល​ខាង​មុន​នេះ ដោយ​បាន​ផ្តោត​ទៅ​លើ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​លើ​វិស័យ​សន្តិសុខ ការ​បង្ការ​ការ​កើតឡើង​នូវ​វិវាទ បញ្ហា​ឧក្រិដ្ឋកម្ម និង​អំពើ​ភេរវកម្ម​ឆ្លង​ដែន ការពារ និង​បង្ក្រាប​គ្រឿងញៀន បង្ក្រាប​បទល្មើស​តាម​ព្រំដែន ការ​ឆ្លងកាត់​តាម​ព្រំដែន ទប់ស្កាត់​ការ​ជួញដូរ​មនុស្ស និង​ក្មេង​អនាថា ពលករ​ខុសច្បាប់​។

ចំពោះ​កិច្ចសហការ​វិស័យ សេដ្ឋកិច្ច សង្គមកិច្ច បរិស្ថាន វិទ្យាសាស្ត្រ និង​បច្ចេកទេស ក្រុម​លេខា​បាន​លើកយក​វិស័យ​សុខាភិបាល ទប់ស្កាត់​រាល​អំពើ​ឆ្លង​ទៅ​វិញ​ទៅ​មក​រួម​គ្នា​ផង​ដែរ និង​បញ្ហា​បរិស្ថាន​នៅ​តាម​ដងអូរ​ព្រំដែន​ដែល​កំពុង​មាន​ជាមួយ​គ្នា រួម​គ្នា​បន្ត​ជំរុញ​វិស័យ​ទេសចរណ៍ រវាង​ខេត្ត​ដែល​នៅ​ជាប់​ព្រំដែន​ជាមួយ​គ្នា​បន្ត​ទៅ​ទៀត​។

ចុង​ក្រោយ​លោក ឧត្ត​សេនីយ៍​ទោ សេង ធា​រិ​ន ប្រធាន​ក្រុម​លេខា របស់​គណកម្មាធិការ​ថ្នាក់​ភូមិភាគ​ខាង​កម្ពុជា បាន​ផ្តាំផ្ញើ​ថា សូម​ស្ថាប័ន​ជា​សមាជិក​ក្រុម​លេខាធិការ​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​ភូមិភាគ​ទាំងអស់ មេត្តា​យកចិត្តទុកដាក់​លើ ការ​ធ្វើ​របាយការណ៍​បញ្ជូន​មក​ក្រុមការងារ ដើម្បី​រៀបចំ​ឯកសារ​បាន​ទាន់​ពេលវេលា ក៏​ដូច​ជា​សំណើ​ទៅ​កាន់​ភាគី​ថៃ សម្រាប់​បញ្ចូល​ក្នុង​កំណត់ហេតុ​របស់​គណៈកម្មាធិការ​ទាំង​ទ្វេភាគី ដើម្បី​សម្រេច​ផ្តល់​ជា​ប្រយោជន៍ ដល់​ប្រជាពលរដ្ឋ នៃ​ប្រទេស​ទាំង​ពីរ និង​ជា​បំណងប្រាថ្នា​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ទាំង​សងខាង តាម​រយៈ​ក្រុមការងារ​យើង​នេះ​ផង​ដែរ​៕ ដោយ ៖ ហួត សុង​ហាក់