ខេត្តកំពង់ឆ្នាំង ៖ ផ្លូវមួយខ្សែមានប្រវែងជាង២ពាន់ម៉ែត្រ កសាងដោយមូលនិធិឃុំ បានប្រមាណជាង៨០%ហើយ ត្រូវបានប្រជាពលរដ្ឋ អ្នកបន្លាស់ទីផ្ទះបណ្ដែតទឹករីករាយសាទរ បន្ទាប់ពីពួកគាត់បានទៅរស់នៅលើគោក ជាកន្លែងដែលអាជ្ញាធររៀបចំ និងធ្វើផ្លូវមួយខ្យែនេះសម្រាប់ពួកគាត់ធ្វើដំណើរ។ ផ្លូវមួយខ្សែនេះតភ្ជាប់ទៅភូមិយុគន្ធរ មកភូមិឆ្នុកទ្រូ ស្ថិតឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។

លោក សាំង ស៊ន មេឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ បានឲ្យដឹងថា ផ្លូវមួយខ្សែដែលកំពុងកសាងខាងលើនេះមានប្រវែង២,៨០០ម៉ែត្រ បានកសាងបានសម្រេចប្រមាណ ៨០ទៅ៩០% ហើយ ។ ផ្លូវនេះមានកម្ពស់ពី១ម៉ែត្រទៅ២ម៉ែត្រ មានទទឹងខ្នងលើ៦ម៉ែត្រ និងបាតក្រោម៨ម៉ែត្រ ជាថវិការបស់មូលនិធិឃុំ។ ផ្លូវមួយខ្សែនេះពីដើមមកមិនមាននោះទេគ្រាន់តែជាផ្លូវរទះ និងផ្លូវគោយន្តសម្រាប់ប្រជាពលរដ្ឋ ទៅនេសាទតែប៉ុណ្ណោះ ប៉ុន្តែក្រោយពីបន្លាស់ទីផ្ទះបណ្ដែតទឹកទៅតាំងទីលំនៅភូមិយុគន្ធរ ជាប់នឹងវត្តយុគន្ធរដែលធ្វើឲ្យប្រជាពលរដ្ឋ ទាំងនោះជួបការលំបាកក្នុងការធ្វើដំណើរ ទើបមានការឯកភាពគ្នាយកថវិកាមូលនិធិឃុំ ធ្វើផ្លូវមួយខ្សែនេះឡើង ដោយមានទឹកប្រាក់ប្រមាណជិត២០០លានរៀល។

ជាមួយនឹងសមិទ្ធផលនេះលោកបានបញ្ជាក់ថា ប្រជាពលរដ្ឋ ដែលបន្លាស់ទីផ្ទះបណ្ដែតទឹកទៅនៅភូមិយុគន្ធរបានត្រេកអរយ៉ាងក្រៃលែង។ ជាមួយនេះដែរ អ្នកដែលនៅសេសសល់ មិនទាន់បានបន្លាស់ទីផ្ទះបណ្តែតទឹកនឹងត្រូវឡើងមកលើគោក ដោយតាំងទីលំនៅអមសងខាងផ្លូវ ដែលកំពុងកសាងនេះ ពេលដែលខែទឹកឡើងចូលមកដល់។ ក្រៅពីនោះក៏មានធ្វើសាលាបុណ្យភូមិ និងស្នាក់ការភូមិតាមផ្លូវនេះផងដែរ។

សូមរំលឹកថា បន្ទាប់ពីមានការបន្លាស់ទីផ្ទះបណ្ដែតទឹកអ្នករស់នៅឃុំឆ្នុកទ្រូមក គឺមានការកសាងផ្លូវជាច្រើនខ្សែ ក្នុងនោះរួមមានទាំងស្ដារប្រឡាយដើម្បីងាយស្រួលចរាចរផ្លូវទឹករបស់គាត់ទៀតផង ចំណែកឯផ្លូវសំដៅទៅយុគន្ធរ មិនមែនមានតែផ្លូវមួយខ្សែនេះទេគឺមានមួយខ្សែផ្សេងទៀត ដែលឧបត្ថម្ភដោយសប្បុរសជន។ ដោយឡែកផ្លូវ មួយខ្យែផ្សេងទៀត ដែលអាជ្ញាធរឃុំកំពុងតែនឹងធ្វើដែរនោះគឺផ្លូវកាត់ពីភូមិឆ្នុកទ្រូ ទៅភូមិសេះស្លាប់ សម្រាប់សម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋឲ្យកាន់តែងាយស្រួល៕ ដោយ ៖ ពៅ សុខហ៊ាន
