ឡង់​គ្រី​ស័​រ​ធ្លាប់តែ​ដឹក​គ្រញូង ពេល​នេះ​គេ​ប្រើ​ដឹក​ជ្រូក​ទៅ​វិញ

ខេត្ត​ត្បូងឃ្មុំ ៖ រថយន្ត​ឡង់​គ្រី​ស័​រ​បែប​នេះ​កន្លង​មក​ត្រូវ​បាន​ឈ្មួញ​ប្រើប្រាស់​សម្រាប់​ដឹកឈើ​គ្រញូងយក​មក​លក់​នៅ​ទីផ្សារ​ព្រំដែន​ស្រុក​មេមត់ តែ​មក​ដល់​ពេល​នេះ​បែរជា​កែ​ច្នៃ​ដឹក​ជ្រូក​រស់​ចេញពី​វៀតណាម ដើម្បី​យក​មក​លក់​តាម​ទី​សត្តឃាត​នានា ព្រោះតែ​បាន​ចំណេញ​លុយ​ច្រើន​។ ជាក់ស្តែង​រថយន្តឡង់​គ្រី​ស័​រ​១​គ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 2I-2157 ដឹក​ជ្រូក​ចំនួន​១២​ក្បាល របស់​ថៅកែ​ឈ្មោះ រ៉េ​ន ត្រូវ​បាន​បង្ក្រាប​នៅ​ត្រង់​ចំណុច​គល់​ស្ពាន​មាត់​ឃ្មង់ ឃុំ​ជី​រោទ៍​ទី​២ ស្រុក​ត្បូងឃ្មុំ កាលពី​វេលា​ម៉ោង​៥ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៧ មិថុនា ២០១៩ បម្រុង​ឆ្លង​ចូល​មក​ខេត្តកំពង់ចាម​។

Loading...

លោក​ឧត្តមសេនីយ៍ត្រី ហុង ណា​ក់ ស្នងការ​នគរបាល​ខេត្ត​ទទួល​ផែន​ប្រឆាំង​បទល្មើស​ប្រាប់​ថា ដោយមាន​បញ្ជា​ពី​លោក​ឧត្តមសេនីយ៍ទោ បែន រ័​ត្ន ស្នងការ​នគរបាល​ខេត្ត​ក៏​ដូច​ជា​លោក​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ អភិបាល​នៃ​គណៈ​អភិបាលខេត្ត ឲ្យ​សមត្ថកិច្ច​បន្ត​ជួយ​យកចិត្តទុកដាក់​ក្នុង​ការ​បង្ក្រាបបទល្មើស​ការ​នាំ​ជ្រូក​ចូល​ពី​ប្រទេស​វៀតណាម ដែល​កំពុង​ផ្ទុះ​ជំងឺ​ប៉េ​ស​ជ្រូក​អាហ្វ្រិក​នោះ​។ លោក​ឧត្តមសេនីយ៍ត្រី ហុង ណា​ក់ ស្នងការ​រង​នគរបាល​ខេត្ត​ប្រាប់​បន្ត​ថា ស្រប​ពេល​ដែល​កម្លាំង​សមត្ថ​កិច្ច​បានដឹង​មុន​ដាក់​ប្រចាំការ​នៅ​ត្រង់​ម្តុំ​ស្ពាន​មាត់​ឃ្មង់ ព្រោះ​មាន​កម្លាំង​ផ្តល់​ដំណឹង​មក​ថា មាន​រថយន្ត​ឡង់​គ្រី​ស័​រ ពាក់​ស្លាក​លេខ​ខាងលើ ដឹក​ជ្រូក​ពេញ​រថយន្ត​ចេញ​មក​ពី​វៀតណាម​តាម​ច្រករបៀង​មួយ​កន្លែង​នៅ​ឃុំ​ដារ ស្រុក​មេមត់​។

បន្ទាប់​មក​ក៏​មាន​រថយន្ត​មាន​ភិនភាគ​គួរ​ឲ្យ​សង្ស័យ​ក៏​បាន​ហៅ​ឲ្យ​ឈប់​ដើម្បី​ត្រួតពិនិត្យ​ក៏​ឃើញ​មាន ដឹក​ជ្រូក​១២​ក្បាល បើកបរ​ដោយ​ឈ្មោះ ឈាង អាន ភេទ​ប្រុស អាយុ​៤០​ឆ្នាំ នៅ​ភូមិ​ផ្លា​ក​សំរោង ឃុំ​ដារ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ រួម​នឹង​ព្រូ​ម្នាក់​ត្រូវ​បាន​បញ្ជូន​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​សួរនាំ ហើយ​បាន​ប្រគល់​ឲ្យ​ទៅ ជំនាញ​ពេទ្យសត្វ​ខេត្ត​។ កន្លង​មក​ក្រោម​បញ្ជារ​របស់​លោកស្នងការ​នគរបាល​ខេត្ត កម្លាំង​សមត្ថកិច្ច​បាន​បាន​ចុះ បង្ក្រាប​បទល្មើស​ជ្រូក​នាំ​ចូល​មក​ពី​វៀតណាម សហការ​ជាមួយនឹង​ជំនាញ​ពេទ្យសត្វ បានជា​ច្រើន​ករណី​ផង​ដែរ​។


លោក រី ដា​វិ​ន ប្រធាន​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​ខេត្ត​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​ប្រទេស​វៀតណា​ម​មាន​ខេត្ត​ចំនួន​៣៨​ខេត្ត បាន​ផ្ទុះ​នូវ​ជំងឺ​ប៉េ​ស​ជ្រូក​អាហ្វ្រិក ទោះជា​បែប​នេះ​ក្តី​ក្រុម​ឈ្មួញ​បាន​ប្រើប្រាស់ គ្រប់​រូបភាព​ដើម្បី​ដឹក​ជ្រូក តាម​មធ្យោបាយ​ជា​ច្រើន​ប្រភេទ​ក្នុង​នោះ មាន​រថយន្ត​ទំនើប ប្រសិនណាបើ​មិន​មាន បណ្តាញ​នោះ​ទេ មិនដឹង​ថា​រថយន្ត​នោះ​លួច​ដឹក​ជ្រូក​ឡើយ​។ សូមកុំ​យក​ជំងឺ​ពី​ប្រទេស​ជិតខាង​មក ចម្លង​ដល់ ប្រជាពលរដ្ឋ​កម្ពុជា​ប៉ះពាល់​សុខភាព ដោយ​ធ្វើ​យ៉ាងណា​ខ្លួនឯង​បាន​លុយ​ចង់​អ្នក​ណា​ឈឺ​អី​ក៏​ឈឺ​ទៅ​។

មេត្តា​សូម​បញ្ឈប់​ជា​បន្ទាន់​កុំ​ឲ្យ​មាន​បន្ត​ទៀត​។ ចាប់តាំងពី​ប្រតិបត្តិការ​បង្ក្រាប​ជ្រូក​នាំ​ចូល​ពី​វៀតណាម រហូត​មក​ដល់​ពេល​នេះ​បាន​ប្រហែល​ជាង​៧០០​ក្បាល​ហើយ​តាម​រយៈ​ការ​ធ្វើតេស្ត​ឈាម​នៅ​មន្ទីរពិសោធន៍​នៅ​រាជធានី​ភ្នំពេញ​កន្លង​មក មិន​ទាន់​ឃើញ​មាន​មេរោគ​នោះ​ទេ​៕ ដោយ ៖ យ៉ា​ន់ ចាន់​ថេ​ត​