ប្តេជ្ញា​ការពារ​សន្តិភាព និង​គាំទ្រ​រាជរដ្ឋាភិបាល​ស្របច្បាប់ និង​ប្រឆាំង​ដាច់ខាត​ការ​ធ្វើ​បដិវត្ត​ពណ៌

66

ខេត្តបន្ទាយមានជ័យ ៖ ក្នុង​ពិធី​ប្រមូល​ជួបជុំ​កង​ម្លាំ​ង​នគរបាល​ខេត្ត ប្រមាណ​ជិត​៤០០​នាក់ ទទួលទាន នំ​បញ្ចុក តេ​ជោ​សន្តិភាព​សាម​គ្គិ​ភាព និង​ឯកភាព​ជាតិខ្មែរ នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០១៩​នេះ លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​លើក​ឡើង​ថា​៖ កម្លាំង​នគរបាល ខេត្តបន្ទាយមានជ័យ​ទាំងមូល​បាន​ប្តេជ្ញា​ការពារ​សន្តិភាព និង​ការពារ​រាជរដ្ឋាភិបាល ស្របច្បាប់ ដោយ​ប្រឆាំង​ដាច់ខាត​ការ​ធ្វើ​បដិវត្ត​ពណ៌​មាន​បំណង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ ពី​សំណាក់​ពួក​ក្រុមប្រឆាំង​ក្រៅច្បាប់ ខណៈ​ដែល​ក្រុមប្រឆាំង​នៅ​ក្នុងស្រុក និង​នៅ​ក្រៅ​ស្រុក​នៅ​តែ​មាន គំនិត ល្បិច​កល​ប៉ុនប៉ង​ប្រើប្រាស់​គ្រប់​រូបភាព សកម្មភាព អូស​ទាញ​ប្រជាពលរដ្ឋ ដើម្បី​ញុះញង់ ប្រជាពលរដ្ឋ​ខ្មែរ​បែកបាក់ ចូលរួម​តវ៉ា​ប្រឆាំង​រាជរដ្ឋាភិបាល​កម្ពុជា​។

Loading...

ក្រោយ​ពី​សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​នាំ​គ្នា​ទទួលទាន​នំ​បញ្ចុក​ទាំងអស់​គ្នា​ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ​កាលពី​ថ្ងៃ​ទី​៩ ខែមិថុនា ឆ្នាំ​២០១៩ កន្លង​មក ដើម្បី​បង្ហាញ​ពី​ការ​រួបរួម​ជាតិខ្មែរ តែ​មួយ បន្ត​គាំទ្រ​សន្តិភាព និង​ការ​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​។ ការ​ទទួលទាន​នំ​បញ្ចុក​តេ​ជោ​សន្តិភាព នេះ​ផង​ដែរ ក្រោយ​គេ​មើលឃើញ​ថា មាន​ក្រុមប្រឆាំង​បាន​យក​ការ​ទទួលទាន​នំ​បញ្ចុក​ជួបជុំ​គ្នា​បង្វែរ ជា​រឿង​នយោបាយ​បង្ក​ការ​ញុះញង់​ប្រជាពលរដ្ឋ​ឱ្យ​មានការ​បែកបាក់ ក្នុង​មហិច្ឆតា​ធ្វើ​នយោបាយ ដើម្បី​ប្រឆាំង​រាជ​ដ្ឋា​ភិ​បាល ។

ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម បាន​លើក​ឡើង​ទៀត​ថា​៖ នំ​បញ្ចុក​មិនមែន​ជា​របស់​ផ្តាច់មុខ​នៃ​ក្រុម​ណា​បក្សនយោបាយ​ណាមួយ​នោះ​ទេ គឺ​ប្រជាពលរដ្ឋ​អាច​ទទួលទាន​ទាំងអស់​គ្នា​គ្រប់ពេលវេលា និង​គ្រប់​ទីកន្លែង​។ ការ​ទទួលទាន​នំ​បញ្ចុក ដើម្បី​សន្តិភាព រួបរួម​ជាតិខ្មែរ និង​ចូលរួម​ថែរក្សា​សន្តិភាព ឱ្យ​បាន​គង់វង្ស សម្រាប់​កូនចៅ​យើង​ជំនាន់ ក្រោយ​។ លោក​ឧត្តមសេនីយ៍​ស្នងការ​បាន​លើក​ឡើង​ទៀត​ថា​៖ ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ​នៅ​ទូ​ទាំង​ប្រទេស កាលពី​ថ្ងៃ​ទី​៩ ខែមិថុនា កន្លង​នេះ បាន​ជួបជុំ​គ្នា​ទទួលទាន​នំ​បញ្ចុក តេ​ជោ​សន្តិភាព ហើយ​បង្ហាញ​ពី ទឹកចិត្ត​មុតមាំ គាំទ្រ​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​សុខ​សន្តិភាព និង​ការ​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​។

ដែល​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​ត្រូវ​បាន​ប្រទេស​មួយ​ចំនួន​នៅ​ក្នុង​តំបន់ និង​នៅ​ក្រៅ​តំបន់​កោតសរសើរ និង​ទទួលស្គាល់​កម្ពុជា​កំពុង​បោះ​ជំហាន​ទៅ​មុខ ការ​កសាង​សេដ្ឋកិច្ច​កាន់តែ​រឹង​មាំ រីក​ចម្រើន កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ​។ ក្នុង​ឱកាស​នោះ​លោក​ឧត្តមសេនីយ៍​ស្នងការ​ក៏​បាន​ឧបត្ថម្ភ កងកម្លាំង​នគរបាល​៣៦៥​នាក់ ដោយ​ម្នាក់​ៗ​ទទួល​បាន​សារុង​១ ដែល​ជា​អំណោយ​របស់​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹ​ម​យ៉ា​ន ប្រធាន​អាជ្ញាធរ​ជាតិ ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​៕ ដោយ ៖ ណុ​ប រក្សា