ដងផ្លូវ​សង្កាត់​ផ្សារ​កណ្ដាល​ជិត​ក្លាយជា​អូរ​ហើយ តែ​គ្មាន​អ្នក​មើលឃើញ​សោះ

101

ខេត្តបន្ទាយមានជ័យ ៖ ដងផ្លូវ​ជាតិ​លេខ​៥ ក្នុងភូមិ និង​សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត (​ម្តុំ​ផ្លូវបត់​ចូល​ទៅ​អូរ​ព្រំដែន​) ជិត​ក្លាយជា​អូរ​ទៅ​ហើយ​តែ​គ្មាន​អ្នក​អើពើ ឬ​មើលឃើញ​ឡើយ សង្ស័យ​អ្នកធំ​ៗ​កើត​ជំងឺ​ស្រវាំងភ្នែក ឬ​ពាក់​វ៉ែនតា​ខ្មៅ​ពេក​មិន​អាច​មើលឃើញ​ពេល​ធ្វើ​ដំណើរ​ឆ្លងកាត់​។ ជង្ហុក​ៗ​ធំ​ចំណុច​កើតហេតុ​ស៊ីដាច់​ផ្លូវជាតិ​ស្ទើរ​អស់​ផ្លូវ​អ្នកបើកបរ​ម៉ូតូ​ទៅ​ហើយ​ៗ មុន​ឆ្លងកាត់​ចំណុច​នោះ គ្រប់​គ្នា​ត្រូវ​ឈប់​ចត​មើល​មុខក្រោយ​សិន​ព្រោះ​ថាបើ​ខ្វះ​កា​ប្រុង​ប្រយ័ត្ន​តែ​បន្តិច​ពេល​ងាក​ឡើង​កណ្តាល​ទ្រូងផ្លូវ​អាច​នឹង​ជួប​គ្រោះ​អកុសល​ជាយថាហេតុ​បាន​។

Loading...

អ្នកស្រុក​រអ៊ូ​រទាំង​ថា មិន​គួរ​គេ​បណ្តោយ​ឲ្យ​ចំណុច ខាងលើ​ក្លាយជា​បែប​នេះ​ឡើយ​។ អ្នកស្រុក​លើក​ឡើង​បន្ត​ទៀត​ថា បើ​ពេល​ថ្ងៃ​មិនសូវ​ជា​បញ្ហា​ចោទ​ទេ ប៉ុន្តែ​បើ​សម្រាប់​ពេល​យប់​ងងឹត ឬ​អាច​បើកបរ​លឿន​មិន​បានដឹង​ថា ទីតាំង​ខាងលើ​មាន​ជង្ហុក​ធំ​ៗ ឬ​ជ្រៅ​វា​អាច និង​បង្ក​ទៅ​ជា​គ្រោះថ្នាក់​បាន​។

សមត្ថកិច្ច​នៅ​ក្រុង​ប៉ោយ​ប៉ែ​តម្នាក់​សង្ស័យ​ទើសភ្នែក​ពេក បង្ខំចិត្ត​ទូរស័ព្ទ​ប្រាប់​ភ្នាក់ងារ​កោះសន្តិភាព​ឲ្យ​ជួ​យស​សេរ​ដាស់តឿន​អាជ្ញាធរ និង​មន្ត្រី​ពាក់ព័ន្ធ​ផង ហើយ​លើក​ឡើង​ថា មិន​អាច​ទុក​ផ្លូវ​ឲ្យ​នៅ​បែប​ហ្នឹង​ទៀត​ទេ ព្រោះ​ងាយ​បង្ក​គ្រោះថ្នាក់​ណាស់​លោក កាសែត​អើយ​។ ចំណុច​កើតហេតុ​ជាដើម​ផ្លូវបត់​ចូល​ទៅ​ផ្លូវលំ​មួយ​ដែល​នៅ​ម្តុំ​នោះ​អ្នកស្រុក​ថា មាន​ក្រុមហ៊ុន​២​ធ្វើ​អាជីវកម្ម​រថយន្ត​ធំ​ចេញចូល​ៗ ប៉ុន្តែ​ពួក​គាត់​ឆ្ងល់​ថា ហេតុ​អ្វី​ខាង​ក្រុមហ៊ុន​ទាំងនោះ មិន​ជួយ​មើល​ផង​ពិសេស​ក្រុមហ៊ុន​ស៊ីម៉ង់ត៍​លាយ​ស្រេច​គួរតែ​ចាក់​បំពេញ​ខ្លះទៅ​ៗ​។

ជុំវិញ​ករណី​នេះ លោក គឹ​ម សុវណ្ណ ប្រធាន​មន្ទីរ​សាធារណៈការ​ខេត្ត បាន​ប្រាប់​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃ​១៩ មិថុនា​នេះ​ថា លោក និង​ឲ្យ​ក្រុមការងារ​ចុះ​ពិនិត្យ និង​ជួល​ជុល​ចំណុច​ខូចខាត​នេះ​ឡើង​វិញ​។ លោក​បន្ត​ថា ក្រុមការងារ​កំពុង​ជួសជុល​កន្លែង​ផ្សេង ម្យ៉ាង​នេះ​ជា​រដូវភ្លៀង​ទើប​មានកា​យឺតយ៉ាវ​បន្តិច​៕ ដោយ ៖ មុត សា​រុន