ប្រជាពលរដ្ឋ​ផ្ទុះ​ការ​តវ៉ា រឿង​ឈ្មួញ​រំលោភ​យក​ដី​មេទឹក !

112

ខេត្តព្រៃវែង ៖ ដី​មេទឹក​ដែល​ស្ថិត​នៅ​ចំណុច​ទំនប់​តា​ចែ ខាងជើង​ផ្លូវជាតិ​លេខ​៨ ក្នុងភូមិ​ក្រចាប់​ទី​៣ ឃុំ​ព្រៃខ្លា ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង ដែល​មាន​ទំហំ​ប្រមាណ​ជាង​២​ហិ​កតា កំពុង​ត្រូវ​ឈ្មួញ ដាក់​គ្រឿងចក្រ​ជីក​លើក​ទំនប់ ព័ទ្ធ​យក​អស់​១​កំណាត់​ប៉ែក​ខាងកើត ហើយ​ប៉ែក​ខាងលិច​ដែល​នៅ​សល់ ក៏​ត្រូវ​ឈ្មួញ​ជីក​កាយ​រំលើង​ធ្វើ​អាជីវកម្ម​ដឹក​ជញ្ជូន​អាចម៍ដី យក​ទៅ​លក់​យ៉ាង​ពេញបន្ទុក​ដែរ ដោយ​សម្អាង​ថា មាន​បុគ្គល​ម្នាក់​ស្នើ​ឲ្យ​កាយ និង​មានការ​ឯកភាព​ពី​អាជ្ញាធរ​ឃុំ​ស្រុក​។

Loading...

ទោះជា​យ៉ាងណា​ក្ដី ពាក់ព័ន្ធ​សកម្មភាព​ជីក​កាយ​ដី​មេទឹក​ទំនប់​តា​ចែ​នេះ នៅ​រសៀល​ថ្ងៃ​ទី​១៩ មិថុនា​នេះ ពលរដ្ឋ​នៅ​ភូមិ​ក្រចាប់​ទី​៣ ឃុំ​ព្រៃខ្លា ស្រុក​ស្វាយ​អ​ន្ទ​រ ប្រមាណ​ជិត​២០​នាក់ បាន​ផ្ទុះ​ការ​តវ៉ា នៅ​ចំណុច​ទីតាំង​ដី​ខាងលើ ក្នុង​គោលបំណង​រារាំង​មិន​ឲ្យ​ឈ្មួញ ជីក​កាយ​ដី​មេទឹក​នេះ​ជា​ដាច់ខាត​។ អ្នកស្រុក​ទាំងនោះ​បាន​អះអាង​ថា ពួក​គាត់​ធ្លាប់​បាន​ផ្ដិត​មេដៃ​រក្សា​ការពារ​ទីតាំង​ដី​នេះ​ម្ដង​រួច​មក​ហើយ ហេតុ​អ្វី​ស្ងាត់​ៗ​ឈ្មួញ​លួច​មក​ជីក​យក​ទៀត​។

ពលរដ្ឋ​ទាំងនោះ​បាន​លើក​ឡើង​ថា បើសិនជា​ជីកដី​មេទឹក ទំនប់​តា​ចែ​នេះ យក​មក​ធ្វើ​សាលារៀន​វត្ត​អារាម ផ្លូវថ្នល់​ជា​ប្រយោជន៍​រួម​គឺ​ពួក​គាត់​មិន​ជំទាស់​ទេ តែ​នេះ​គឺ​ឈ្មួញ​ជីក​យក​អាចម៍ដី ដឹក​យក​ទៅ​លក់​ជា​ប្រយោជន៍​បុគ្គល ទើប​ពួក​គាត់​ប្រឆាំង​ដាច់ខាត មិន​ឲ្យ​ជីក​ទេ​។ កសិករ​ឈ្មោះ គា អុល ភេទ​ប្រុស អាយុ​៦២​ឆ្នាំ រស់នៅ​ភូមិ​ក្រចាប់​ទី​៣ ឃុំ​ព្រៃខ្លា ស្រុក​ស្វាយ​អ​ន្ទ​រ បាន​អះអាង​ថា ដី​មេទឹក​ទំនប់​តា​ចែ​នេះ កន្លង​មក​ពលរដ្ឋ​ធ្លាប់​បាន​នាំ​គ្នា ផ្តិត​មេដៃ​ជិត​១០០​គ្រួសារ ស្នើ​សុំ​ទៅ​សាលាឃុំ​ព្រៃខ្លា ដើម្បី​រក្សា​ដី​នេះ​ឲ្យ​នៅ​ជា​សម្បត្តិ​រដ្ឋ ជា​ដី​មេទឹក​ដដែល​។

គឺ​មិន​អនុញ្ញាត​ឲ្យ​ឈ្មួញ ឬ​នរណា​ម្នាក់ មក​ធ្វើ​អាជីវកម្ម​លើ​ដី​នេះ​ជា​ដាច់ខាត ចុង​ក្រោយ​ស្រាប់តែ​លេចមុខ​ថៅកែ​ឈ្មោះ អ៊ឹ​ង ម៉េ​ង​ហ៊ា​ង ហៅ ឆ លី​ហ៊ា​ង មក​ដាក់​គ្រឿងចក្រ ជីក​កាយ​យក​អាចម៍ដី​លក់​យ៉ាង​រំភើយ​ទៅ​វិញ ធ្វើ​ឲ្យ​ពលរដ្ឋ​ក្នុងភូមិ ងឿងឆ្ងល់​ហួសចិត្ត​គ្រប់​ៗ​គ្នា និយាយ​រិះគន់​ផ្អើល​ពីរ​មួយ​ទៅ​មួយ​ពេញ​ភូមិ​។ ក្រុម​កសិករ​ដែល​មក​តវ៉ា បាន​ឲ្យ​ដឹង​ថា លោក ឆ លី​ហ៊ា​ង បាន​លើក​ទំនប់​ព័ទ្ធ​យក​ដី​មេទឹក​សាធារណៈ​អស់​ពាក់កណ្ដាល​ប៉ែក​ខាងកើត ទាំង​ដែល​រូប​គាត់ ទិញ​ដី​ពី​តា​ចែ នៅ​អំឡុង ខែមិថុនា​ឆ្នាំ​២០១៩​នេះ តែ​មួយ​ហិ​កតា​សោះ​នៅ​ខាងលើ តែ​លើក​ទំនប់​ព័ទ្ធ​យក ដល់​ទៅ​ជាង​បី​ហិ​កតា ចូល​ក្នុង​ដី​មេទឹក ទើប​ពលរដ្ឋ​លើកគ្នា​តវ៉ា​បែប​នេះ​ទៅ​។

ដោយឡែក​លោក អ៊ឹ​ង ម៉េ​ង​ហ៊ា​ង ហៅ ឆ លី​ហៀ​ង បាន​អះអាង​ថា គាត់​ជីក​កាយ​ដី​នេះ គី​ដោយសារ​មានការ​ស្នើ​សុំ​ឲ្យ​កាយ ពី​បុគ្គល​ម្នាក់​ឈ្មោះ មុត ហួរ នៅ​ភូមិ​ក្រចាប់​ទី​៣ ឃុំ​ព្រៃខ្លា ស្រុក​ស្វាយ​អ​ន្ទ​រ​។ និង​មានការ​ឯកភាព​ឲ្យ​កាយ​ពី​សំណាក់​អាជ្ញាធរ​ឃុំ​ព្រៃខ្លា និង​ស្រុក​ស្វាយ​អ​ន្ទ​រ​ផង​ដែរ​។ ចំណែក​លោក មុត ហួរ នៅ​ភូមិ​ក្រចាប់​ទី​៣ ឃុំ​ព្រៃខ្លា ស្រុក​ស្វាយ​អ​ន្ទ​រ បាន​ថ្លែង​ទទួលស្គាល់​ថា លោក​ពិតជា​បាន ស្នើ​ឲ្យ​គ្រឿងចក្រ​លោក ឆ លី​ហ៊ា​ង កាយ​ដី​មេទឹក​នោះ​ប្រាកដ​មែន​។ លោក​បញ្ជាក់​ថា ខ្ញុំ​បាន​ស្នើ​ឲ្យ​កាយ​តែ​ម្នាក់ឯង​ទេ ចំពោះ​មតិ​ពលរដ្ឋ​ពេញចិត្ត​ឬ​អត់​នោះ?។

លោក​មិន​ច្បាស់​ទេ គ្រាន់តែ​ការ​ជីកដី​មេទឹក​នេះ មានការ​ឯកភាព​ពី​លោក​មេឃុំ និង​អភិបាលស្រុក​ដែរ​។ លោក ជុំ សុ​ភី ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តព្រៃវែង បាន​ថ្លែង​បដិសេធ​ថា លោក​មិនដឹង​ទេ រឿង​គេ​ជីកដី​មេទឹក​នេះ​។ ឯ​លោក យឹ​ម យ៉​ន មេឃុំ​ព្រៃខ្លា បាន​បញ្ជាក់​ប្រាប់​នៅ​រសៀល​ថ្ងៃ​ទី​១៩ មិថុនា​នេះ​ថា រឿង​ជីកដី​មេទឹក​នោះ​លោក​មិន​បាន អនុញ្ញាត​ទេ ដោយ​លោក ឆ លី​ហ៊ា​ង បាន​ដាក់​គ្រឿងចក្រ​កាយ​ដោយ​ខ្លួនឯង​ប៉ុណ្ណោះ ព្រោះ​មាន​ពលរដ្ឋ​ស្នើ​ឲ្យ​កាយ​។

ចំណែក​លោក ប៉ិច សុង អភិបាលស្រុក​ស្វាយ​អ​ន្ទ​រ បាន​ថ្លែង​ថា​៖ គ្រឿងចក្រ​លោក ឆ លី​ហ៊ា​ង នោះ​គាត់​ដេញ​ពី​ខាងត្បូង​ផ្លូវជាតិ បែរ​ជាម​កកាយ​នៅ​ខាងជើង​ផ្លូវជាតិ ឈ្មួញ​ម្នាក់​នេះ​ពិតជា​រឹងទទឹង​ណាស់ ហើយ​ធ្វើ​អ្វី​មិន​ដែល​សុំ​ច្បាប់ ពី​អាជ្ញាធរ​ទេ​។ លោក ប៉ិច សុង បញ្ជាក់​ថា លោក​នឹង​ចាត់​មន្ត្រី​ឲ្យ​ចុះ​ពិនិត្យ​មើល​លើ​ករណី​នេះ​។ លោក ជា កក្កដា ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល ខេត្តព្រៃវែង បាន​មាន​ប្រសាសន៍​ថា ករណី​ជីកដី​មេទឹក​នោះ​លោក ពុំ​បានដឹង និង​មិន​បាន​អនុញ្ញាត​ទេ តែ​លោក​នឹង​ឲ្យ​មន្ត្រី​ចុះ​ពិនិត្យ​មើល​៕ ដោយ ៖ សុំ ពៅ​ពិសិដ្ឋ