លួច​រថយន្ត​ពី​ស្រុក​ស្វាយចេក ចាប់​បាន​នៅ​ស្រុក​អូរ​ជ្រៅ

128

ខេត្តបន្ទាយមានជ័យ ៖ ក្រោយ​ទទួល​បាន​ពាក្យបណ្តឹង​ពី​ជន​រង​គ្រោះ និង​អនុវត្ត​តាម​ការ​ចង្អុលបង្ហាញ​ពី លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្ត​,​លោក​ឧត្ត​សេនីយ៍​ត្រី សិទ្ធ ឡោះ ស្នងការ​រង ទទួល​ផែន​ព្រហ្មទណ្ឌ នៅ​ព្រឹក​ថ្ងៃ​ទី​១៩ មិថុនា ២០១៩​នេះ លោក​វរសេនីយ៍ឯក ខែ​ម សុ​ភ័​ណ នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​ដឹកនាំ​កម្លាំង​នគរ​បាន​ជំនាញ និង​នគរបាល​ស្រុក​ថ្មពួក ស្រុក​អូរ​ជ្រៅ និង​ស្រុក​ស្វាយចេក បាន​ចុះ​បង្ក្រាប និង​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ករណី​លួច មាន​ស្ថាន​ទម្ងន់ទោស (​លួច​រថយន្ត​ពី​ស្រុក​ស្វាយចេក​ចាប់​បាន​នៅ​ស្រុក​អូរ​ជ្រៅ​) នៅ​ភូមិ​ថ្នល់​បត់ ឃុំ​អូរ​បី​ជាន់ស្រុក​អូរ​ជ្រៅ​។

Loading...

ជនសង្ស័យ​ឈ្មោះ ឈ​ន សូ​រិ​យ៉ា ហៅ​យ៉ា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​ឃុំ និង​ស្រុក​ថ្មពួក​ខេត្តបន្ទាយមានជ័យ​។ លោក​វរសេនីយ៍ទោ សៅ សា​រឿ​ន អធិការ​នគរបាល ស្រុក​ថ្មពួក​ប្រាប់​តាម​បណ្តាញ​សង្គម​ថា មុន​ឃាត់ខ្លួន ជនសង្ស័យ​បាន​លួច​រថយន្ត​មួយ​គ្រឿង​ម៉ាក កាម​រី​ឆ្លាម ពណ៌​ត្រី​ឆ្លូញ ស៊េរី​ឆ្នាំ​១៩៩៩ ពាក់​ស្លាក​លេខ ភ្នំពេញ 2D.8731 នៅ​ចំណុច​ទីលាន​ទិញ លក់​ដំឡូង​មី​មួយ​កន្លែង​ក្នុងស្រុក​ស្វាយចេក ដែល​ជន​រង​គ្រោះ​ឈ្មោះ ពៅ វឿ​ន ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ និង​ឃុំ​ទ្រាស ស្រុក​ស្វាយចេក កាលពី​ថ្ងៃ​ពី​វេលា​ទៀប​ភ្លឺ​ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​១៩ មិថុនា ២០១៩​។

លោក​អធិការ​បន្ត​ថា រថយន្ត​ដែល​ជនសង្ស័យ​លួច​បាន​យក​ទៅ​ប្លុង​ចោល​នៅ​ចំណុច​ផ្លូវ​វិស្វកម្ម ក្នុង​ភូម​កូន​ត្រី ឃុំ​កូប​ស្រុក​អូរ​ជ្រៅ​។ ជនសង្ស័យ និង​វត្ថុ​តាង​ក្រោយ​សមត្ថកិច្ច​ចម្រុះ​បង្ក្រាប និង​ឃាត់ខ្លួន បាន​នាំ​យក​ទៅ​ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕ ដោយ ៖ មុត សា​រុន