សមត្ថកិច្ច​បង្ហាញមុខ​ក្រុម​ចោរ កាច់​សោក​ម៉ូតូ​យ៉ាង​សកម្ម​៤​នាក់

472

ខេត្ត​ប៉ៃលិន ៖ ក្រោយ​ពី​ប្រជាពលរដ្ឋ​មានការ​ព្រួយបារម្ភ​ពី​បញ្ហា​ភូមិ​ឃុំ​មាន​សុវត្ថិភាព ខណៈ​អ្នកខ្លះ ដេក​មិន​លក់ បក់​មិន​ល្ហើយ ដោយ​ក្រុម​ចោរ​ដើរ​រាតត្បាត​ពេញ​ភូមិ​ឃុំ​ស្រុក ដូច​ជា​ករណី​គាស់​ផ្ទះ គាស់​តូប​យក​ទ្រព្យសម្បត្តិ​។

Loading...

ជា​ពិសេស​នៅ​ពេល​ថ្មី​ៗ​កន្លង​មកនេះ ក្រុម​ចោរ​ទាំងនោះ បាន​ធ្វើ​សកម្មភាព កាច់​សោក​ម៉ូតូ លួច​យក​បាន​ដោយ​សុវត្ថិភាព ហើយ​មិន​ដែល​ឃើញ​មាន​សមត្ថកិច្ច​ចាប់ ឬ​បង្ក្រាប​បាន​នោះ​ទេ​។ ទើបតែ​ពេល​នេះ​សមត្ថកិច្ច​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន បើក​ប្រតិបត្តិការ​ចាប់​ក្របួច​បាន​ទាំង​សម្បុក​តែ​ម្តង​។

ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០១៩ មាន​ករណី​ចោរលួច​កាច់​សោក​ម៉ូតូ​ចំនួន​០២​លើក នៅ​ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ស្នងការ​នគរបាល​ខេត្ត បាន​ដឹកនាំ​កម្លាំង​នគរបាល សហការ​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ​ធ្វើការ​ស្រាវជ្រាវ​រហូត​ដល់​ម៉ោង​១១ និង​២០​នាទី​យប់ ថ្ងៃខែ​ឆ្នាំ​ដដែល ទើប​ឈាន​ទៅ​ដល់​ការ​ឃាត់ខ្លួន មុខសញ្ញា​ជនសង្ស័យ​ចំនួន​០៤​នាក់ រឹបអូស​បាន​រថយន្ត Lexus RX 300 ពណ៌​ស ០១​គ្រឿង ជា​មធ្យោបាយ​សម្រាប់​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​។

ក្រោយ​ពី​ធ្វើការ​សាកសួរ​កម្លាំង​សមត្ថកិច្ច​នគរបាល​ខេត្ត បាន​រក​ឃើញ​ម៉ូតូ​ចំនួន​០៥​គ្រឿង នៅ​០៣​កន្លែង ខុស​ពី​គ្នា ដោយ ទី​១.​ក្នុង​ចម្ការ​តា​ង៉ែ​ន ស្ថិត​នៅ​ស្រុក​សាលា​ក្រៅ និង​០២​ទីតាំង​ទៀត ស្ថិត​នៅ​ទឹកដី​ស្រុក​កំ​រៀង ខេត្តបាត់ដំបង​។ បច្ចុប្បន្ន​កម្លាំង​ជំនាញ​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ចំណែក​ម៉ូតូ​ត្រូវ​បាន​ប្រគល់​ជូន​ម្ចាស់​ដើម​វិញ​៕ ដោយ ៖ នី យ៉ា