ចាប់​បញ្ជូន​ម្ចាស់​ទីតាំង ផលិតផល​ឡេ​ក្លែងក្លាយ​គ្មាន​ច្បាប់​មួយ​កន្លែង

190

រាជា​ធានី​ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​នគរបាល​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ កាលពី​រសៀល​ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០១៩​នេះ បាន​ចាប់​បញ្ជូន​ម្ចាស់​ទីតាំង​លួចលាក់​ផលិតផល ឡេ​លាប​ខ្លួន​ក្លែងក្លាយ និង​គ្មាន​ច្បាប់​អនុញ្ញាត ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ប្រគល់​ជូន​តំណាង​អយ្យការ​ចាត់ការ​តាម​នីតិវិធី ប៉ុន្តែ​នៅ​ពេល​ទៅ​ដល់​ដៃ​ព្រះរាជអាជ្ញា​រង​កាន់​សំណុំរឿង ស្ត្រី​រូប​នោះ​ត្រូវ​បាន​ដោះ​លែង​ឲ្យ​ទៅ​ផ្ទះ​បាត់​។

Loading...

តាម​ការ​បង្ហើប​ឲ្យ​ដឹង​ថា មនុស្ស​បាន​ធ្វើការ​ដោះ​លែង​ឲ្យ​ទៅ​ផ្ទះ​វិញ​មែន តែ​សំណុំរឿង​បាន​ទុក​នៅ​សម្រាប់​ជំនុំ​ជម្រះក្តី​ពេល​ក្រោយ​។ ម្ចាស់​ទីតាំង​នោះ​ឈ្មោះ សាម ហុង​ថន ភេទ​ស្រី អាយុ​៣១​ឆ្នាំ ជា​ម្ចាស់​ក្រុមហ៊ុន ហុង​ថន ខ​ស​បេ​ធី​ក ឯក (HONG THON COSMETIC CO.LTD) មាន​អាសយដ្ឋាន​ស្នាក់​នៅផ្ទះ​លេខ​២៥៦ ផ្លូវលំ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។

សមត្ត​កិច្ច បាន​ឲ្យ​ដឹង​ថា ស្ត្រី​រូប​នោះ​បាន​រង​នូវ​ការ​ចោទប្រកាន់​ពី​បទ លួចលាក់​ផលិត​ឡេ​ក្លែងក្លាយ បន្លំ​អត្តសញ្ញាណ បន្លំ​ប្រភព​ផលិតផល និង​គ្មាន​ច្បាប់​អនុញ្ញាត​ពី​ក្រសួងសុខាភិបាល រួម​ទាំង​អាជ្ញាធរ​ពាក់ព័ន្ធ​ថែម​ទៀត​ផង ដែល​នេះ​សុទ្ធតែ​ជា​បទល្មើស​ព្រហ្មទណ្ឌ​។

គួr​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​២០ ខែមិថុនា កម្លាំង​សមត្ថកិច្ច​នគរបាល នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ ដោយ​មានការ​សហការ​ជាមួយ​មន្ត្រី​ជំនាញ ក្រសួងសុខាភិបាល អាជ្ញាធរ​ដែនដី ក្រោម​ការ​សម្របសម្រួល​ពី​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចុះ​បង្ក្រាប​ទីតាំង​លួចលាក់​ផលិត​ឡេ​ក្លែងក្លាយ​មួយ​កន្លែង​ស្ថិត​នៅផ្ទះ​លេខ​៣១ ផ្លូវលំ ភូមិ​ទ្រា​៣ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ក៏​បាន​ធ្វើការ​ឃាត់​ចាប់​យក​វត្ថុ​តាង​ជា​ច្រើន​ប្រភេទ មាន​ម្សៅ​លាយ​ឡេ សម្បក​វេច​ខ្ចប់ ឧបករណ៍​ដូច​ជា​ម៉ាស៊ីន​កែ​ច្នៃ​ជាដើម​។

កិច្ចសហការ​បង្ក្រាប​នោះ ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ ឡុ​ង ស្រេង អនុប្រធាន​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស ក្រសួងមហាផ្ទៃ ក្រោម​បទបញ្ជា​ពី​លោក​ឧត្តមសេនីយ៍ឯក ចាន់ វ៉ា​ន់​ធឿ​ន ដែល​ជា​ប្រធាន​នាយកដ្ឋាន នគរបាល​ប្រ​ឆាំ​បទល្មើស​សេដ្ឋកិច្ច​។

តាម​ប្រសាសន៍​លោក​ឧត្តមសេនីយ៍ទោ ឡុ​ង ស្រេង ឲ្យ​ដឹង​ថា មុន​នឹង​ឈាន​ដល់​ការ​បង្ក្រាប​ទីតាំង​លួចលាក់​ផលិត​ឡេ​ក្លែងក្លាយ និង​បន្លំ​ម៉ាក​សញ្ញា​គេ​នេះ កម្លាំង​ជំនាញ​របស់​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច បាន​ធ្វើការ​ស្រាវជ្រាវ​យ៉ាង​ល្អិតល្អន់ ដឹង​ច្បាស់​ពី​ក្រុម​ជន​ទុច្ចរិត​លួច​ប្រព្រឹត្ត​បទល្មើស​នោះ ទើប​សុំ​បើក​ការ​ស៊ើបអង្កេត​ទៅ​ព្រះរាជអាជ្ញា​អម​សាលាដំបូង ដើម្បី​ឃាត់ខ្លួន​ម្ចាស់​ទីតាំង និង​រឹបអូស​វត្ថុ​តាង​ផលិត​។

លោក ឡុ​ង ស្រេង បន្ត​ថា ពេល​កម្លាំង​ជំនាញ​ចុះ​ទៅ​ដល់ ម្ចាស់​ទីតាំង បាន​រំដោះ​កម្មករ​ដែល​កំពុងធ្វើការ​នៅ​ទីនោះ​ចេញ និង​នាំ​គ្នា​គេចខ្លួន​បាត់​អស់ តែ​បាន​ធ្វើ​ឲ្យ​សមត​ត្ថ​កិច្ច​បង្ខំចិត្ត​ចាក់សោ​ទ្វារ និង​ដេក​យាម​២​យប់​៣​ថ្ងៃ ទើប​ម្ចាស់​ទីតាំង​បង្ហាញមុខ និង​យល់ព្រម​ចូលរួម​ឆែកឆេរ​តាម​ដីកា​របស់​ស្ថា​ប័​យ​អយ្យការ ដើម្បី​ពិនិត្យ​កន្លែង​លួចលាក់​ផលិត​ឡេ​ក្លែងក្លាយ​នេះ ។

ការ​ឆែកឆេរ​ទីតាំង​លួចលាក់​ផលិត​ឡេ​លាប​ខ្លួន​ក្លែងក្លាយ​នេះ ត្រូវ​បាន​បញ្ចប់​នៅ​រសៀល​ថ្ងៃ​ដដែល លទ្ធផល​សមត​ត្ថ​កិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន​ស្រី​ម្នាក់​ឈ្មោះ សាម ហុង​ថន អាយុ​៣១​ឆ្នាំ ដែល​អះអាង​ថា ជា​ម្ចាស់​ក្រុមហ៊ុន ហុង​ថន យក​ទៅ​សាកសួរ​។

ក្នុង​នោះ​ក៏​បាន​ឆែកឆេរ​រក​ឃើញ​សម្ភារ​ពាក់ព័ន្ធ​បទល្មើស​ដូច​មាន​៖ ១.​ស្លាក​សញ្ញា​យីហោ​វា​លើ​ប្រអប់ ឬ​កំប៉ុង ច្រក​ឡេ​លាប​ខ្លួន មាន​ចំនួន​២៥ ប្រភេទ​, ២.​ម្សៅ​លាយ​ធ្វើ​ឡេ ទម្ងន់​សរុប​ចំនួន ១២​គីឡូ​០៦១​ក្រាម​, ៣.​សម្បក​ធុង​ពណ៌​ខៀវ​តូច​ធំ​សម្រាប់​លាយ​ឡេ ចំនួន​១១៥​ធុង​។ វត្ថុ​តាង​ទាំង​អស់នោះ​ត្រូវ​ឃ្លុំ​បេតុង​ក្នុងផ្ទះ ជាមួយ​ទីតាំង​ក៏​ត្រូវ​បាន​បិទទ្វារ​ផ្អាក​សកម្មភាព រង់ចាំ​ការ​សម្រេច​ពី ស្ថាប័ន​តុលាការ​។

ក្រោយ​ឃាត់ខ្លួន​ស្ត្រី​រូប​នោះ​យក​ទៅ​សាកសួរ សមត​ត្ថ​កិច្ច​បាន​រក​ឃើញ​ជនសង្ស័យ មាន​ពាក់​ពន្ធ​បទល្មើស ដូច​បាន​រៀបរាប់​ខាងលើ ទើបបាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទៅ​កាន់ សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​នីតិវិធី​៕ ដោយ ៖ ឃឹម ប៊ុ​ន​ណា​ក់