ចាប់ខ្លួន​ឧក្រិដ្ឋជន​៣​នាក់ ដែល​ជំរិត​ទារប្រាក់​ជនជាតិ​ចិន​ដូច​គ្នា​២០,០០០​ដុល្លារ

199

រាជធានី​ភ្នំពេញ ៖ ប្រភព​ព័ត៌មាន​មួយ​បាន​ធ្លាយ​ចេញពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា កម្លាំង​នគរបាល​ជំនាញ ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ បាន​សហការ​ជាមួយ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចុះ​បង្ក្រាប និង​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់ រួម​ទាំង​ដកហូត​អាវុធ​ខ្លី ចំនួន​២​ដើម ពាក់ព័ន្ធ​ករណី​ជនជាតិ​ចិន​ចាប់ជំរិត​ទារប្រាក់​ពី​ជនជាតិ​ចិន​ដូច​គ្នា ចំនួន​២០,០០០​ដុល្លារ​អា​មេ​រិ​ក ដែល​សកម្មភាព​នោះ​បាន​កើតឡើង​នៅ​ក្នុង​ទឹកដី​ខណ្ឌទួលគោក កាលពី​ចុង​ស​ប្តា​ហ៍​នេះ​។

Loading...

ប្រភព​បន្ត​ថា ក្រោយ​ពេល​កើតហេតុ​កម្លាំង​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ក្រសួងមហាផ្ទៃ បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ និង​ឡោម​ព័ទ្ធ​ផ្ទះល្វែង​មួយ​កន្លែង​នៅ​ចំណុច​ផ្ទះ​លេខ​២៧ ផ្លូវ​លេខ​១០១១៥ ស្ថិត​ក្នុង​បុរី​ជីប​ប៉ុង​លែ​ន ភូមិ​បាយាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ដែល​សង្ស័យ​ថា មាន​បក្ខពួក​ជនសង្ស័យ​ទៅ​សម្ងំ លាក់ខ្លួន​នៅ​ទីនោះ​។

ហើយ​កិច្ច​សហប្រត្តិបត្តិការ​នេះ សមត្ថកិច្ច​ក៏​បាន​ធ្វើការ​ឡោម ព័ទ្ធ​ទីតាំង​នោះ​ចាប់ពី យប់​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០១៩ មក​លុះដល់​ព្រឹក​ឡើង​ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០១៩ ទើប​សមត្ថកិច្ច​សម្រេច បង្កើត​គណៈកម្មការ​ចម្រុះ​មួយ ដើម្បី​ធ្វើការ​ឆែកឆេរ ក្រោម​ការ​សម្រប​ស​ម្រួ​ស​ពី​សំណាក់​លោក គុ​ជ គឹ​ម​ឡុ​ង ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​មានការ​ចូលរួម​ពី​សំណាក់​លោកស្នងការ​រង ទទួល​បន្ទុក​ការិយាល័យ​កណ្តាល​នគរបាល​ព្រហ្មទណ្ឌ​រាជធានី​ភ្នំពេញ និង​អាជ្ញាធរ​មូលដ្ឋាន​ផង​ដែរ ប៉ុន្តែ​ការ​ឆែកឆេរ​នៅ​ទីតាំង​នោះ សមត្ថកិច្ច​មិន​បាន រក​ឃើញ​អ្វី​ពាក់ព័ន្ធ​ល្មើសច្បាប់​នោះ​ទេ​។

ប្រភព​ដដែល បាន​បង្ហើប​ឲ្យ​ដឹង​ទៀត​ថា យប់​នោះ​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ ២​នាក់ នៅ​ម្តុំ​ផ្សារ​ម៉ា​ក្រូ​ខ្មែរ​.​ចិន លុះ​ព្រឹក​ឡើង​បន្ត​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ទៀត រួម​ទាំង​បាន​ដកហូត​អាវុធ​ខ្លី ចំនួន​២​ដើម​ផង​ដែរ​។ ករណី​ខាងលើ​នេះ​ជនសង្ស័យ​ពិតជា​បាន​ធ្វើ​សកម្មភាព ចាប់​ជនជាតិ​ចិន​ដូច​គ្នា​ជំរិត​ទារប្រាក់ បាន​ចំនួន​២០,០០០​ដុល្លារ​អា​មេ​រិ​ក​ប្រាកដ​មែន ដែល​មក​ដល់​ពេល​នេះ​សមត្ថកិច្ច​នៅ​មិន​ទាន់​បាន​បង្ហាញ អត្តសញ្ញាណ​ក្រុម​ជនសង្ស័យ​នោះ​នៅឡើយ​ទេ ព្រោះតែ​សមត្ថកិច្ច​កំពុង​ដុតដៃដុតជើង​តាម​ចាប់​បក្ខពួក​បន្ត​៕ ដោយ ៖ ឃឹម ប៊ុ​ន​ណា​ក់