យុវ​សិស្ស​២​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ចាប់​ឃាត់ខ្លួន

248

រាជធានី​ភ្នំពេញ ៖ យុវជន​ជា​ជនសង្ស័យ​ចោរឆក់​ចំនួន ២​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​បឹង​កេងកង​ទី​១ ចាប់​ឃាត់ខ្លួន ក្រោយ​ពី​ពួក​គេ​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​មួយ​គ្រឿង​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ស្ត្រីជន​ជាតិចិន​ម្នាក់ ហើយ​ត្រូវ​បាន​បុរស​ជា​ជនជាតិ​ចិន​ម្នាក់​ទៀត បានឃើញ​ទាន់​ចាប់​ក្របួច​ក​អាវ​ធ្វើ​ឲ្យ​ដួល​នោះ​។ ហេតុការណ៍​នោះ​កើតឡើង​កាលពី​វេលា​ម៉ោង​៤ និង​៤៥​នាទី​ល្ងាច ថ្ងៃ​ទី​២៣ ខែ​មិន​ថុ​នា ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្លូវ​លេខ​២៩៤ កែង​នឹង​ផ្លូវ​លេខ​៦៣(​ផ្លូវ​ត្រសក់ផ្អែម​) ក្នុង​សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌ​បឹង​កេងកង​។

Loading...

តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា យុវ​សិស្ស​ជា​ជនសង្ស័យ​ទាំង​២​នាក់​ដែល​បាន​ចាប់​ឃាត់ ខ្លួន​មាន​ទី​១-​ឈ្មោះ ឈុ​ន ផេង​សុខលាភ អាយុ​១៨​ឆ្នាំ សិស្ស​ថ្នាក់​ទី​១១B ស្នាក់​នៅផ្ទះ​គ្មាន​លេខ​ផ្លូវលំ ភូមិ​ព្រែក​ទាល់ ក្នុង​សង្កាត់​ស្ទឹង មាន​ជ័យ​២ ខណ្ឌមានជ័យ និង​ទី​២-​ឈ្មោះ គឹ​ម សុ​ផានិត អាយុ​១៦​ឆ្នាំ រៀន​ថ្នាក់​ទី ១០C1 មាន​ទីលំនៅ​ម្តុំ​ព្រែក​ហូរ ខេត្តកណ្តាល និង​ពួក​គេ​រៀន​នៅ​សាល​វិទ្យាល័យ​ទួល​ទំពូង​ជាមួយ​គ្នា​។

មុន​ពេល​កើតហេតុ គេ​បានឃើញ​មាន​ជនជាតិ​ចិន មួយ​ក្រុ​ន​មាន​ប្រុស មាន​ស្រី កំពុង​តែ​នាំ​គ្នា​ឈរ​ទិញ​ម្នាស់​ហូប នៅ​ចំណុច​ខាងលើ លុះ​បន្តិច​ក្រោយមក​គេ​ក៏​បានឃើញ យុវជន​ជា​ជនសង្ស័យ​ទាំង​ពីរ​នាក់​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​ម៉ាក ហុងដា C125 ព៌​ណ​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១GJ-៦១៨៣ មួយ​គ្រឿង​ឌុ​ប​គ្នា​មក​ដល់​។

តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ពេល​នោះ​យុវជន​ម្នាក់​ក្នុង​ចំណោម​គ្នា​ពីរ​នាក់​ក៏​បាន ធ្វើ​សកម្មភាព​ឆក់​កាបូបស្ពាយ​ពី​ស្ត្រីជន​ជាតិចិន​ម្នាក់ ក៏​ស្រាប់តែ​មាន​បុរស​ជា​ជនជាតិ​ចិន​ម្នាក់ ទៀត​ដែល​នៅ​ក្បែរ​នោះ បានឃើញ​ទាន់​ក៏​ស្ទុះ​ទៅ​ចាប់​ទា​ញក​អាវ​ជិះ​ជាប់​ធ្វើ​ឲ្យ​ម៉ូតូ​ពួក​គេ​ដួល និង នាំ​គ្នា​វាយ​ម្នាក់​មួយ​ដៃ​ម្នាក់​មួយ​ជើង បណ្តាល​ឲ្យ​ពួក​គេ​បែក​មុខមាត់​ផង​ដែរ​។ ហើយ​ពួក​គេ​ក៏​បន្តដំណើរ​ដើរ​ចេញ​បាត់​ទៅ​អស់ ដោយនៅ​តែ​ក្រុម​ជនសង្ស័យ​ទាំង​២​នាក់ ប្រគល់​ទៅ​ឲ្យ​កម្លាំង​មាន​សម្ថ​កិច្ច​មូលដ្ឋាន​មក​ដឹក​យក​ទៅ​កាន់​នគរបាល​ប៉ុស្តិ៍​បឹង​កេងកង​ទី​១ តែ​ប៉ុណ្ណោះ​។

ក្រោយ​ពេល​កើតហេតុ ក្រុម​ជនជាតិ​ចិន ប្រុស ស្រី មួយ​ក្រុម​នោះ​មិន​បាន​មក​ដាក់​ពាក្យបណ្តឹង​ឡើយ ដោយឡែក​យុវជន​ជនសង្ស័យ​ជា​ចោរឆក់​ទាំង​២​នាក់ ក៏​បាន​នាំ​ខ្លួន​មក​កាន់​នគរបាល​ប៉ុស្តិ៍​បឹង​កេងកង​ទី​១ ធ្វើការ​សាកសួរ និង​ធ្វើ​កំណត់ហេតុ ដើម្បី​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​បឹង​កេងកង​ចាត់ការ ទៅ​តាម​ផ្លូវច្បាប់​ជា​បន្ត​ទៅ​ទៀត​៕ ដោយ ៖ ភី ផល