ថ្ងៃអាទិត្យ​ជុំ​គ្នា​សម្ងំ​ជល់​មាន់ នគរបាល​ទៅ​ទាន់​ចាប់​បាន​១០​នាក់

89

រាជធានី​ភ្នំពេញ ៖ ថ្ងៃអាទិត្យ​ឈប់​សម្រាក​ពី​ការងារ​ភាគ​គេ​ធ្វើ​ដំណើរ​ទៅ​ជួបជុំ​ក្រុម​គ្រួសារ​នៅ ស្រុក​កំណើត នៅ​តាម​បណ្ដា​ខេត្ត​ក្រុង​នានា ឬ​នាំ​ក្រុម​គ្រួសារ​ទៅ​លេង​កម្សាន្ត​សប្បាយ នៅ​តាម រមណីយដ្ឋាន​ផ្សេង​ៗ​មិន​ខ្វល់​ពី​ការ​កើតទុក្ខ​ព្រួយ​អ្វី​ទាំងអស់​។ ប៉ុន្តែ​បើ​និយាយ​ក្រុម​អ្នក​ញៀន​ល្បែង​វិញ មិន​ខ្វល់​ពី​គ្រួសារ​ទេ ពួក​គេ​តែង​ចេញ​រក​ទីកន្លែង​ដែល​លេងល្បែង ជា​ពិសេស​អ្នក​ញៀន​ល្បែង​ជល់​មាន់ តែ​ម្ដង​បាន​ណាត់ជួប​គ្នា​លេង​។

Loading...

ជាក់ស្ដែង​មនុស្ស​មួយ​ក្រុម​បាន​ប្រមូលផ្ដុំ​គ្នា​ជល់​មាន់​ហ៊ោកញ្ជ្រៀវ​សប្បាយ ភ្លេចខ្លួន ស្រាប់តែ​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ស៊ើប​ដឹង ឆ្មក់​ចូល​ទៅ​បង្ក្រាប និង​ចាប់ខ្លួន​បាន ១០​នាក់ រួម​ជាមួយ​អា​គក​២​ក្បាល និង​ម៉ូតូ​ចំនួន​៧​គ្រឿង​ផង​ដែរ​។ ប្រតិបត្តិការ​នោះ​បាន​ធ្វើ​ឡើង កាលពី​វេលា​ល្ងាច ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ចំណុច​ដី​វាល ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ក្រសាំង សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

នគរបាល​បាន​ឲ្យ​ដឹង​ថា សង្វៀន​ជល់​មាន់​ខាងលើ​នោះ​បាន​ដំណើរការ​ជល់​មាន​ដោយ​លួចលាក់​យូរហើយ​ដែរ​ដោយ​មិន​ថា​តែ​ថ្ងៃ​សៅរ៍ ឬ​ក៏​ថ្ងៃអាទិត្យ​នោះ​ទេ តែងតែ​ណាត់គ្នា​ជល់​រាល់ថ្ងៃ​។ ប៉ុន្តែ​នៅ​ថ្ងៃអាទិត្យ​ជល់​ច្រើន​គូ ហើយដោយ​សារ​តែ​មិន​មានការ​ពេញចិត្ត​ទៅ​នឹង​សកម្មភាព​ល្បែងស៊ីសង​ខាងលើ​នោះ ទើប​អ្នក​ភូមិ​លួច​រាយការណ៍​ប្រាប់​។

បន្ទាប់​មក​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ធ្វើការ​ស្រាវជ្រាវ​រហូត​ដឹង​ការ​ពិត ទើប​ដល់​ល្ងាច​ថ្ងៃ​កើតហេតុ​បាន​រួម​សហការ​ជាមួយ​កម្លាំង នគរបាល​ប៉ុស្តិ៍​នានា​ចុះ​ទៅ​ធ្វើការ​បង្ក្រាប និង​ឃាត់ខ្លួន​បាន​១០​នាក់ ព្រមទាំង​ដកហូត​មាន់​ជល់ និង​ម៉ូតូ​រួច​នាំ​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​រង់ចាំ​ការ​ចាត់ការ​តាម​ច្បាប់​។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ការ​ចុះ​បង្ក្រាប​ខាងលើ​នោះ​គឺជា​ការ​អនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ មាន​សុវត្ថិភាព ដើម្បី​កាត់​បន្ថយ និង​ទប់ស្កាត់​រាល់​បទល្មើស​នានា​ជា​ពិសេស​ចោរកម្ម​តែ​ម្ដង ដែល​តែង​កើត​ចេញពី​ល្បែងស៊ីសង​គ្រប់​ប្រភេទ​រាប់​ទាំង​ល្បែង​ជល់​មាន់​នេះ​តែ​ម្ដង​។ មិនតែប៉ុណ្ណោះ ឲ្យ​តែ​មាន​សង្វៀន​ជល់​មាន់​កើតឡើង​គឺ​តែងតែមាន​បង្កប់​ល្បែងស៊ីសង​ដទៃ​ៗ​ទៀត​នៅ​ក្នុង​នោះ​មាន​ដូច​ជា​បៀ និង​អាប៉ោង​ជាដើម ហើយ​អ្នក​ឈ្នះ​រីកមុខ​ដូច​គ្រាប់​ជី ប៉ុន្តែ​បើ​អ្នក​ចាញ់​វិញ​មិនបាច់​មើល​មុខ​ទេ​។

ជាង​នេះ​ទៀត​អ្នក​ចាញ់​តែងតែ​ក្ដៅក្រហាយ និង​កើត​មាន​អំពើ​ហិង្សា​ជា​បន្តបន្ទាប់​ថែម​ទៀត​ផង ហើយ​ក្រោយ​ពេល​កម្លាំង​បង្ក្រាប​ក៏​មានការ​អបអរសាទរ​យ៉ាង​ខ្លាំង​ពី​សំណាក់​ប្រជាពលរដ្ឋ​ទូទៅ​ដែល​ស្អប់​ល្បែងស៊ីសង​នេះ និង​សុំ​ឲ្យ​សមត្ថកិច្ច​មាន​វិធានការ​តឹងរ៉ឹង ចំពោះ​អ្នក​ទាំងនោះ​ដើម្បី​ជា​ការ​ព្រមាន​ឲ្យ​រាង​ទៅ​ថ្ងៃក្រោយ​៕ ដោយ ៖ យន់ ស៊ី​ថា