នគរបាល​ខេត្ត​ចូលរួម​រំលែក​ទុក្ខ និង​គោរព​វិញ្ញាណក្ខន្ធ​ពលរដ្ឋ​ដែល​ស្លាប់​ដោយសារ​ការ​បាក់​រលំ​អគារ

57

ខេត្តបន្ទាយមានជ័យ ៖ នៅ​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០១៩ ក្រោម​ការ​ដឹកនាំ​របស់​លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្ត បាន​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ ជាមួយ​ក្រុម​គ្រួសារ​សព​ជន​រង​គ្រោះ​ដែល​បាន បាត់បង់​ជីវិត​ដោយសារ​ការ​បាក់​រលំ​អគារ​ដែល​មាន​កម្ពស់​៧​ជាន់ នៅ​ខេត្ត​ព្រះ​សីហ​នុ កាលពី​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០១៩ កន្លង​មកនេះ​។ ថ្លែង​ក្នុង​ឱកាស​នោះ​ដែរ លោក​ឧត្តម សេនីយ៍​ទោ​អាត់ ខែ​ម ក៏​បាន​មាន​ប្រសាសន៍​ថា​៖

Loading...

ក្នុង​នាម​ជា​ថ្នាក់ដឹកនាំ ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ និង​ក្នុង​នាម​កងកម្លាំង​នគរបាល​ទូ​ទាំង​ខេត្ត បន្ទាយ​មាន​ជ័យ សូម​ចូលរួម​សោកស្តាយ​យ៉ាង​ក្រៃ​លែង​ជាមួយ​ក្រុម​គ្រួសារ​សព​ជន​រង​គ្រោះ ដែល​បាន​បាត់បង់​កូន ចៅ ប្តី ឬ​ប្រពន្ធ ក្នុង​ឧប្បត្តិ​វ​ហេតុ​បាក់​រលំ​អគារ និង​ចូលរួម​រំលែក​ទុក្ខ​ផង​ដែរ​ជាមួយនឹង​ក្រុម​គ្រួសារ​ជន​រង​គ្រោះ ជាមួយ​គ្នា​នោះ​ដែរ ក្នុង​នាម​កងកម្លាំង​កម្លាំង​នគរបាល​ខេត្ត និង​ក្នុង​នាមរូប​លោក​ផ្ទាល់​បាន​ចូលរួម​មនុស្សធម៌ ជួយ​ឧបត្ថម្ភ​ថវិកា ដល់​ជន​រង​គ្រោះ ដែល​បាក់​រលំ​អគារ​កម្ពស់​៧​ជាន់ នៅ​ខេត្ត​ព្រះ​សីហ​នុ ចំនួន​១,០០០​ដុល្លារ សហរដ្ឋអាមេរិក​ផង​ដែរ​។

លោក​ឧត្តមសេនីយ៍​ស្នងការ ក៏​បាន​បញ្ជាក់​ថា​៖ នៅ​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០១៩ កន្លង​មកនេះ មាន​ឧប្បត្តិ​វ​ហេតុ​មួយ​បាន​កើតឡើង នៅ​ខេត្ត​ព្រះ​សីហ​នុ ដោយ​អគារ​ដែល​មាន​កម្ពស់​៧​ជាន់ បាន​បាក់​រលំ​សង្កត់​កម្មករ​ខែ្ម​រ​បណ្តាល​ឲ្យ​មាន​អ្នក​ស្លាប់ និង​រង​របួស​ជា​ច្រើន ហើយ​មក​ដល់​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០១៩​នេះ អ្នក​ស្លាប់​ត្រូវ​បាន​រក​ឃើញ កើនឡើង​រហូត​ដល់​ទៅ​២៥​នាក់ និង​អ្នក​រង​របួស​ចំនួន​២៤​នាក់​ផង​ដែរ ដែល​ពេល​នេះ ក្រុមការងារ​ប្រ​តិ​បត​ត្តិ​ការ​ជួយ​សង្គ្រោះ បាន​និង​កំពុង​តែ​មមាញឹក​ក្នុង​ការ​រុករក​ជន​រង​គ្រោះ​ទាំង​ថ្ងៃ ទាំង​យប់ បើ​តាម​ការ​ឲ្យ​ដឹង​គឺ​កម្មករ​ដែល​រង​គ្រោះ​ទាំង​អស់នោះ​ប្រមាណ​ជា​៧០​នាក់​។

ជាមួយ​គ្នា​នោះ​ដែរ ទាក់ទិន​នឹង​លោកស្រី​វរសេនីយ៍ទោ សែ សុ​វ៉ា​រី នាយការិយាល័យ​សុខាភិបាល នៃ​ស្នងការដ្ឋាន នគរបាល​ខេត្ត មាន​ជំងឺ​ធ្ងន់ធ្ងរ​ដុះ​សាច់​ក្នុង​ស្បូន ត្រូវការ​សង្គ្រោះ​ដោយ​ត្រូវ​វះកាត់​បន្ទាន់​នោះ ដែល​នឹង​ត្រូវ​ចំណាយ​ថវិកា​អស់​ចំនួន ប្រមាណ​ជា​៣​ពាន់​ដុល្លា​នោះ លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ក៏​បាន​ជួយ​ជា​ថវិកា​ផ្ទាល់ខ្លួន​របស់​លោក មួយ​ចំនួន ក្នុង​នោះ​ដែរ​លោកស្នងការ​ក៏​បាន​អំពាវនាវ​ដល់​កងកម្លាំង​នគរបាល ជំនាញ​ចំណុះ​ស្នងការដ្ឋាន នគរបាល​ខេត្ត ក៏​ដូច​ជា​កងកម្លាំង​នគរបាល​នៃ​អធិការដ្ឋាន ក្រុង​/​ស្រុក​ទាំង​៩ និង​វរ​សេនា​តូច​នគរបាល ការ​បារ​ព្រំដែន​គោក​ទាំង​៤ ឲ្យ​ចូលរួម​ឧបត្ថម្ភ​ជា​ថវិកា ដើម្បី​ជួយ​ដល់​ការ​ចំណាយ​ក្នុង​ការ​វះកាត់​ជំងឺ​របស់​លោកស្រី សែ សុ​វ៉ា​រី ព្រោះ​លោកស្រី​គឺ​គាត់​នៅ​តែ​ម្នាក់ឯង គ្មាន​គ្រួសារ ហើយ​បញ្ហា​ជីវភាព​របស់​គាត់​ក៏​ជួប​ការ​លំបាក​ផង​ដែរ ៕ ដោយ ៖ ណុ​ប រក្សា