គ្រួសារ​សព​៦​គ្រួសារ​នៅ​ក្នុងស្រុក​បាភ្នំ​ដែល​ស្លាប់​ដោយសារ​បាក់​អគារ ទទួល​បាន​ព្រះរាជ​ឧបត្ថម្ភ​របស់ ព្រះ​វររាជ​មាតា​ជាតិខ្មែរ

129

ខេត្តព្រៃវែង ៖ នៅ​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០១៩ ឯកឧត្តម យូ ឡា​ណា អគ្គលេខាធិការ​រង​ទី​២ នៃ​កាកបាទក្រហមកម្ពុជា​ថ្នាក់​កណ្តាល បាន​ដឹកនាំ​ក្រុមការងារ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត នាំ​យក ព្រះរាជ​ឧបត្ថម្ភ​របស់​សម្ដេចព្រះ​មហាក្សត្រី នរោត្តម​មុនីនាថ​សីហ​នុ ព្រះ​វររាជ​មាតា​ជាតិខ្មែរ ព្រះប្រធាន​កិត្តិ​យ​កាកបាទក្រហមកម្ពុជា ចូលរួម​រំលែក​ទុក្ខ​ដល់​ក្រុម​គ្រួសារ​សព ដែល​បាន​ស្លាប់​ក្នុង​ករណី បាក់​រលំ​អគារ​នៅ​ខេត្ត​ព្រះ​សីហ​នុ កាលពី​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០១៩ កន្លង​ទៅ​នេះ​។

Loading...

ការ​នាំ​យក​ព្រះរាជ ឧបត្ថម្ភ​របស់​សម្ដេចព្រះ​មហាក្សត្រី​នរោត្តម​មុនីនាថ​សីហ​នុ ព្រះ​វររាជ​មាតា​ជាតិខ្មែរ ព្រះប្រធាន​កិត្តិយស កាកបាទក្រហមកម្ពុជា ដើម្បី​ចូលរួម​រំលែក​ទុក្ខ​នេះ​ធ្វើ​ឡើង​នៅ​ស្រុក​បាភ្នំ ខេត្តព្រៃវែង ដែល​មាន​មនុស្ស​ស្លាប់​រហូត​ដល់​ទៅ​៦​នាក់ និង​របួស​៥​នាក់ ក្នុង​នោះ​នៅ​ស្រុក​កំពង់ត្របែក​រង​របួស ២​នាក់ ស្រុក​បាភ្នំ​៣​នាក់​។

នៅ​ក្នុង​ឱកាស​នោះ ឯកឧត្តម យូ ឡា​ណា បាន​នាំ​យក​ព្រះ​បន្ទូល​របស់ សម្ដេចព្រះ​មហាក្សត្រី​នរោត្តម​មុនីនាថ​សីហ​នុ ព្រះ​វររាជ​មាតា​ជាតិខ្មែរ ព្រះប្រធាន​កិត្តិយស កាកបាទក្រហមកម្ពុជា ដែល​ជា​កូនចៅ ចៅទួត ពិតជា​មាន​ព្រះរាជ​ហឫទ័យ​ក្ដុកក្ដួល​ជាទី​បំផុត ក្រោយ​ពី​ទទួល​ដំណឹង​ដ៏​សោកសៅ អំពី​ការ​បាក់​រលំ​អគារ ស្ថិត​នៅ​ក្នុង​ក្រុម​ទី​១១ ភូមិ​៣ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ដែល​បាន​បណ្តាល​ឱ្យ​អ្នក​ស្លាប់ និង​របួស​ជា​ច្រើន​នាក់ កាលពី​ព្រឹក​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០១៩​កន្លង​ទៅ​នេះ​។

ព្រះរាជ​ទ្រព្យ របស់​សម្ដេចព្រះ​មហាក្សត្រី នរោត្តម មុនីនាថ សីហ​នុ ព្រះ​វររាជ​មាតា​ជាតិខ្មែរ ព្រះប្រធាន​កិត្តិយស​កាកបាទក្រហមកម្ពុជា បាន ប្រោស​ព្រះ​រាជទាន ព្រះរាជ​អំណោយ​ដល់​គ្រួសារ​សព​នៅ​ក្នុងស្រុក​បាភ្នំ ចំនួន​៦​គ្រួសារ ដែល​បាន​ស្លាប់​ដោយសារ​បាក់​អគារ ៧​ជាន់​នៅ​ខេត្ត​ព្រះ​សីហ​នុ ក្នុង​មួយ​គ្រួសារ​ៗ​ទទួល​បាន​២៥០​ដុល្លារ​សហរដ្ឋអាមេរិក។

និង​ឯកឧត្តម យូ ឡា​ណា អគ្គលេខាធិការ​រង​ទី​២​នៃ​កាកបាទក្រហមកម្ពុជា​ថ្នាក់​កណ្ដាល​ឧបត្ថម្ភ​ក្នុង​១​គ្រួសារ​ៗ ៥​លាន​រៀល និង​អង្ករ​២០០​គីឡូក្រាម មី​៥​កេស ត្រីខ​៥​យួរ ទឹកក្រូច​៥​កេស​។ ក្នុង​នោះ​ដែរ​លោក​ឧកញ៉ា ជឹ​ម សុខ ផ្តល់​ជូន​នូវ​ថវិកា​ផ្ទាល់ខ្លួន​ក្នុង​មួយ​គ្រួសារ​ចំនួន​១០​ម៉ឺន​រៀល និង​ឧបត្ថម្ភ​ដល់​អ្នក​រង​គ្រោះ​ចំនួន ១០០​ដុល្លារ​ផង​ដែរ​៕ ដោយ ៖ សុំ ពៅ​ពិសិដ្ឋ