ក្រុមហ៊ុន RMA Camboda សម្ពោធ «​មជ្ឈមណ្ឌល​បណ្តុះ បណ្តាល​បច្ចេកទេស អ អិ​ម អេ​» នៅ​វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម

83

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា (RMA Cambodia) ដែល​ជា​ជា​បុត្រ​សម្ព័ន្ធ របស់​ក្រុមហ៊ុន អ អិ​ម អេ គ្រុប (RMA Group) បាន​ធ្វើការ​ប្រារព្ធ​ពិធី​សម្ពោធ និង​ប្រគល់ “​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​បច្ចេកទេស អ អិ​ម អេ​” ទៅ​ដល់​វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម កាលពីដើម​ខែមិថុនា ឆ្នាំ​២០១៩​កន្លង​ទៅ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​លោក​បណ្ឌិត ពេ​ជ សោភ័ន រដ្ឋលេខាធិការ ប្រចាំការ​នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​។

Loading...

មជ្ឈមណ្ឌល​បណ្តុះបណ្តាល បច្ចេកទេស អ អិ​ម អេ ជា​មជ្ឈមណ្ឌល បណ្តុះបណ្តាល​ជំនាញ បច្ចេកទេស​ជួសជុល និង​ថែទាំ​រថយន្ត Ford និង Jonh Deere ត្រាក់ទ័រ ដែល​ត្រូវ​បាន​បង្កើត​ឡើង សម្រាប់​ប្រើប្រាស់ ក្នុង​ការ​បណ្តុះបណ្តាល វិជ្ជាជីវៈ​ក្នុង​វិទ្យាស្ថាន បច្ចេកទេស​ឧស្សាហកម្ម ដែល​មាន​ទីតាំង ស្ថិត​នៅ​មហាវិថី​សហព័ន្ធ​រុ​ស្សី សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ (​ជិត​វត្ត​ទឹកថ្លា​)​។ ក្រុមហ៊ុន អ អិ​ម អេ បាន​ធ្វើការ​ឧបត្ថម្ភ និង​គាំទ្រ​វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម ក្នុង​ការ​បង្កើត​មជ្ឈមណ្ឌល​បណ្តុះបណ្តាល បច្ចេកទេស​នេះ​ឡើង។

ដោយ​ធ្វើការ​ជួសជុល និង​កែ​លម្អ​រោង​ជាង​ទាំងមូល ព្រមទាំង​បំពាក់​នូវ ម៉ាស៊ីនត្រជាក់ គ្រឿង​បរិក្ខា​សម្រាប់​សិក្សា និង​គ្រឿង​តុបតែង​លម្អ​រថយន្ត​Ford មួយ​គ្រឿង ត្រាក់ទ័រ John Deere ពីរ​គ្រឿង និង​បង្កើត​កម្មវិធី​បណ្ដុះបណ្ដាល ជំនាញ​បច្ចេកទេស​នានា សម្រាប់​ផ្ដល់​ឱកាស​ដល់ សិស្ស និស្សិត​សិក្សា​រៀនសូត្រ ហ្វឹកហាត់​ការងារ ដោយ​អនុវត្ដន៍​ផ្ទាល់​ជាមួយ​អ្នកជំនាញ​បច្ចេកទេស និង​គ្រូ​បង្គោល​របស់​ក្រុមហ៊ុន អ អិ​ម អេ តាម​រយៈ​កិច្ច​សហ​ប្រ​តិ​ប​តិ្ត​ការ រវាង​ក្រុមហ៊ុន អ អិ​ម អេ និង​វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម​។

លោក ង​ន សាំង អគ្គនាយក ក្រុមហ៊ុន RMA Cambodia បាន​មាន​ប្រសាសន៍​ថា​៖ “​ថ្ងៃនេះ ខ្ញុំ​មាន​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់ និង​សេចក្តី​សោមនស្ស​រីករាយ ដែល​បាន​ចូលរួម​ក្នុង​ពិធី​សម្ពោធ មជ្ឈមណ្ឌល​បណ្តុះបណ្តាល​បច្ចេកទេស អ អិ​ម អេ ជាមួយ​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្រាប់​ដាក់​ជូន​ប្រើប្រាស់​បណ្តុះបណ្តាល ក្នុង​វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម​។ ជា​រៀង​រាល់​ឆ្នាំ ក្រុមហ៊ុន អ អិ​ម អេ បាន​ចំណាយ​ថវិកា ប្រមាណ​ជាង ៥០​ម៉ឺន​ដុល្លារ សម្រាប់​ការ​វិនិយោគ លើ​ការ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​ជំនាញ​ផ្សេង​ៗ​ដល់​បុគ្គលិក និង​សិស្ស​និស្សិត តាម​សាលា​បច្ចេកទេស​នានា​។

តាម​រយៈ​ការ​វិនិយោគ ទៅ​លើ​វិស័យ​ធនធានមនុស្ស​នេះ​ហើយ ដែល​ជា​កត្តា​ជុំរុញ​ឲ្យ​កកើត​ឡើង នូវ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល បច្ចេកទេស អ អិ​ម អេ នេះ​លេច​ចេញ​ជា​រូបរាង​ឡើង​។ ខ្ញុំ​ជឿជាក់​យ៉ាង​មុតមាំ​ថា មជ្ឈមណ្ឌល​បណ្តុះបណ្តាល​បច្ចេកទេស អ អិ​ម អេ នេះ នឹង​ក្លាយជា​មជ្ឈមណ្ឌល​មួយ ដែល​ចូលរួម​យ៉ាង​សកម្ម ក្នុង​ការ​អភិវឌ្ឍ​ធនធានមនុស្ស នៅ​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ទីផ្សារ​ការងារ​ផ្នែក​បច្ចេកទេស​យានយន្ត និង​គ្រឿងចក្រ​។​” លើស​ពី​នេះ​ទៅ​ទៀត គម្រោង​សាងសង់ មជ្ឈមណ្ឌល​បណ្តុះបណ្តាល​បច្ចេកទេស អ អិ​ម អេ នេះ​ទទួល​បានការ​ជ្រោមជ្រែង​យ៉ាង​ខ្លាំង​ពី​សំណាក់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ តាម​រយៈ​វិទ្យាស្ថាន​បច្ចេកទេស ឧស្សាហកម្ម​។

លោក​បណ្ឌិត ពេ​ជ សោភ័ន រដ្ឋលេខាធិការ​ប្រចាំការ នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ជា​អនុប្រធាន​គណៈកម្មាធិការ​ជាតិ បណ្តុះបណ្តាល បាន​មាន​ប្រសាសន៍​ថា​៖ “​តាម​រយៈ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​បច្ចេកទេស អ អិ​ម អេ ដែល​បាន​សម្ពោធ ដាក់​ឲ្យ​ប្រើប្រាស់​ថ្ងៃនេះ ខ្ញុំ​ជឿជាក់​ថា​នឹង​ក្លាយជា​មជ្ឈមណ្ឌល​មួយ​ដែល​ចូលរួម​យ៉ាង​សកម្ម ក្នុង​ការ​បណ្តុះបណ្តាល​បច្ចេកទេស​នៅ​កម្ពុជា ដែល​ផ្តល់​នូវ​សេវា​បណ្តុះបណ្តាល តាម​រយៈ​វិធាន​ឆ្លាស់ ក្នុង​ន័យ​នេះ​ការ​បណ្តុះបណ្តាល ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​មានការ​សហការ​ចូល​រូ​ម រវាង​មជ្ឈមណ្ឌល និង​រោង​ជាង​ផ្ទាល់​របស់ ក្រុមហ៊ុន RMA Cambodia ដែល​កំពុង​ដំណើ​ការ​យ៉ាង​សកម្ម​នៅ​កម្ពុជា​។

ជាង​នេះ​ទៀត មជ្ឈមណ្ឌល​នេះ​នឹង​អាច​ក្លាយទៅជា​មជ្ឈមណ្ឌល​ឧត្តមភាព ដែល​ចូលរួម​គ្រប់​សកម្មភាព អភិវឌ្ឍន៍​ធនធាន មនុស្ស​នៅ​កម្ពុជា​។​” លោក​ក៏​បាន​កោតសរសើរ​ដល់​ក្រុមហ៊ុន Ford និង​ក្រុមហ៊ុន RMA Cambodia ដែល​បាន​ចំណាយធនធាន​យ៉ាងច្រើន ក្នុង​ការ​រួមចំណែក​ក្នុង​ការ​អភិវឌ្ឍន៍ វិស័យ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ និង​ចូលរួម​ចំណែក ក្នុង​កសាង​ធនធាន មនុស្ស​នៅ​កម្ពុជា​ផង​ដែរ​។

ក្រៅពី​ការ​វិនិយោគ ទៅ​លើ​ការ​បណ្តុះបណ្តាល​ធនធានមនុស្ស ក្រុមហ៊ុន RMA Cambodia ក៏​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​សកម្មភាព​មនុស្សធម៌ និង​កិច្ចការ​សង្គម​នានា​ដូច​ជា ការ​ផ្តល់​មួក​សុវត្ថិភាព ការ​សម្អាត​ទីក្រុង ការ​ដាំ​កូន​ឈើ ការ​សាងសង់​សាលារៀន បណ្ណាល័យ អណ្ដូងទឹក​ស្អាត ការ​ផ្ដល់​បង់​អង្គុយ និង​ធុងសំរាម នៅ​តាម​សួនច្បារ​សាធារណៈ ការ​បរិច្ចាគ​ឈាម និង​ការ​ផ្ដល់​មូលនិធិ​គាំពារ​ដល់ក​បាទ​ក្រហម​កម្ពុជា និង​មន្ទីរពេទ្យ​កុមារ គន្ធ​បុប្ផា​ជាដើម​៕ អត្ថបទ​៖ ក្រុមហ៊ុន