ពិធី​ផ្ទេរ​ប្រគល់​ភារកិច្ច​មេបញ្ជាការ​តំបន់​អភិវឌ្ឍ របស់​យោធភូមិ​ភាគ​ទី​៥

42

ខេត្តបន្ទាយមានជ័យ ៖ ពិធី​ផ្ទេរ​ប្រគល់​ភារកិច្ច​មេបញ្ជាការ​តំបន់​អភិវឌ្ឍ របស់​យោធភូមិ​ភាគ​ទី​៥ ដែល​ស្ថិត​នៅ​ក្នុងភូមិ​សាស្ត្រ​ភ្នំ​ឆ័​ត្រ ភូមិ​ក្តិ​ប​ថ្ម ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ មាន​ចម្ងាយ​ពី​ទីបញ្ជាការ​យោធភូមិ​ភាគ​ប្រវែង​១៤៥​គីឡូម៉ែត្រ និង​ចម្ងាយ​ពី​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ ចម្ងាយ​១៥០០​ម៉ែត្រ ដោយ​មាន​ផ្លូវ​ក្រវាត់​ព្រំដែន​បន្ត​ភ្ជាប់​រហូត​ចេញពី​ប៉ោយ​ប៉ែ​ត ឆ្ពោះទៅ​ខេត្តឧត្តរមានជ័យ និង​ខេត្តព្រះវិហារ​។

Loading...

កម្មវិធី​នោះ​បាន​ប្រារព្ធ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០១៩​នេះ ក្រោម​អធិបតីភាព លោក​ឧត្តមសេនីយ៍ឯក ឯក សំ​អូន មេបញ្ជាការ​រង​កងទ័ពជើងគោក មេបញ្ជាការ​យោធភូមិ​ភាគ​ទី​៥ ដោយ​មានការ​ចូលរួម​ពី​គ្រប់​តាម​បណ្តា​កង​អង្គភាព​ខ្សែ​បន្តា​ត់​ព្រំដែន និង​មេបញ្ជាការ​រង​ទាំងអស់​ដែល​ពាក់ព័ន្ធ ដោយ​បាន​ផ្ទេរ​លោក​វរៈសេនីយ៍ឯក ង៉ែត ព្រឿ​ង មេបញ្ជាការ​តំបន់​អភិវឌ្ឍ ទៅ​បម្រើ​ការងារ​នៅ​ទីបញ្ជាការ យោធភូមិ​ភាគ​ទី​៥ ដោយ​ជំនួស​មក​វិញ​មាន​លោក​វរៈសេនីយ៍ទោ ហុង ប្រុស ជា​មេបញ្ជាការ​តំបន់​អភិវឌ្ឍ​ដឹកនាំ​បន្ត។

បន្ទាប់​ពី​លោក​វរសេនីយ៍ឯក ង៉ែត ព្រឿ​ង បាន​ស្វាគមន៍ រាយការណ៍​ពី​ស្នាដៃ​កន្លង​មក លោក​វរសេនីយ៍ទោ ហុង ប្រុស បាន​ធ្វើការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ដឹកនាំ​បន្ត រក​ការ​រីក​ចម្រើន​ក្នុង​អង្គភាព​ជា​បន្ត​ទៅ​ទៀត ហើយ​លោក​ឧត្តម សេនីយ៍​ឯក ឯក សំ​អូន បាន​ផ្តាំផ្ញើ​ថា សូម​បន្ត​រួម​គ្នា​ជំរុញ​ការ​អភិវឌ្ឍន៍​តាម​តំបន់​ព្រំដែន​ជា​បន្ត​ទៅ​ទៀត សំខាន់​ជំរុញ​វិស័យសេដ្ឋកិច្ច លើក​ស្ទួយ​ជីវភាព​ប្រជាពលរដ្ឋ និង​ធានា​សន្តិសុខ​ឲ្យ​បាន​នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន ជាមួយ​ប្រទេស​ជិតខាង​យើង​នេះ​។

លោក​ឧត្តមសេនីយ៍ឯក បាន​ក្រើនរំលឹក​ថា សូម​កងកម្លាំងប្រដាប់អាវុធ ទាំងអស់​កុំ​ជឿ​ពាក្យឃោសនា ញុះញង់​ពី​ក្រុមប្រឆាំង​នៅ​ក្រៅប្រទេស ឲ្យ​កងទ័ព​យើង​ងើប​ប្រឆាំង​រាជ​រដ្ឋ​ភិ​បាល ដែល​កើតឡើង​ស្របច្បាប់ ទទួល​បាន​សុខ​សន្តិភាព​ដល់​សព្វ​ថ្ងៃនេះ ក្នុង​ភាព​បង្កប់​បំផុស​ឲ្យ​កើត​មាន​បដិវត្តន៍​ពណ៌ នៅ​ក្នុង​ប្រទេស​កម្ពុជា ព្រោះ​អ្វី​ៗ​វា​ទៅ​មិន​រួច​ឡើយ ព្រោះ​កងកម្លាំង​យើង​នៅ​ទី​នេះ គឺ​មិន​ដែល​បាន​ទទួល​អ្វី​ដែល​ជា ផលប្រយោជន៍​រួម​សម្រាប់​ប្រទេស​ជាតិ​ឡើយ គឺ​ឃើញ​មាន​តែ​ភាព​ញុះញង់ បំបែកបំបាក់ បង្ក​ឲ្យ​មាន​តែ​ភាព​វឹកវរ នៅ​ក្នុង​សង្គម​តែ​ប៉ុណ្ណោះ​។

លោក​ឧត្តមសេនីយ៍ឯក បាន​បន្ថែម​អំពី​ភាព​សាមគ្គីភាព​ផ្ទៃក្នុង បើកាលណា​គ្មាន​ភាព សាមគ្គីភាព​ទេ គឺ​ប្រៀប​បាន​ដូច​មាន​មីនតោន​នៅ​ក្នុង​អង្គភាព​ដូច្នោះ​ដែរ គឺ​នៅ​មិន​បាន​សុខ​ឡើយ ហើយ​សុំ​បន្ត​ការ​ដឹកនាំ​អភិវឌ្ឍ​បន្ថែម​ទៀត ដែល​កំពុង​មាន​ថ្នាក់ដឹកនាំ​នៅ​ពីក្រោយ​ជួយ​ទំនុកបម្រុង ដែល​កន្លង​មក​យោធភូមិ​ភាគ​ទី​៥ គឺ​លេចធ្លោ​ជាងគេ​ក្នុង​ការ​ពង្រឹង​វិស័យ​កងទ័ព ធានា​បាន​គ្រប់​បែប​យ៉ាង ក្នុង​ការ​កសាង​ការពារ​ប្រទេស និង​ចុះ​ជួយ​ប្រជាពលរដ្ឋ នៅ​ពេល​មាន​គ្រោះ​មហន្តរាយ​ម្តង​ៗ​។

សំខាន់​តាម​ខ្សែបន្ទាត់​ព្រំដែន​នេះ​តែ​ម្តង ហើយ​សំខាន់​បំផុត​គឺ​ទប់ស្កាត់​រាល់​ការ​មាន​សារធាតុ​ញៀន នៅ​ក្នុង​អង្គភាព​គឺ​មិន​អនុញ្ញាត​ឲ្យ​បុគ្គល​នោះ បម្រើ​ការងារ​នៅ​ក្នុង​អង្គភាព​នោះ​ទៀត​បាន​ឡើយ ម្ល៉ោះហើយ​សូម​ចៀសវាង​ទាំងអស់​គ្នា​៕ ដោយ ៖ ហួត សុង​ហាក់