បុរស​ម្នាក់​ដេក​ស្លាប់​ក្នុងផ្ទះ មាន​ឈាម​ចេញ​តាម​មាត់ និង​ច្រមុះ

196

ខេត្តកំពង់ធំ ៖ ហេតុការណ៍​មនុស្ស​ដេក​ស្លាប់​នៅ​នឹង​ផ្ទះ​របស់​ខ្លួន បាន​បង្ក​ការ​ភ្ញាក់ផ្អើល​មួយ​កើតឡើង កាលពី​ម៉ោង​០៣ និង​៣០​នាទី​រសៀល ថ្ងៃ​ពុធ ៩​រោ​ជ ខែជេស្ឋ ឯកស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០១៩ ស្ថិត​នៅ​ភូមិ​បល្ល័ង្ក​លិច សង្កាត់​ដំរី​ជាន់​ខ្លា ក្រុង​ស្ទឹង​សែន ខេត្តកំពង់ធំ​។ លោក​វរសេនីយ៍ឯក ញ៉ែ​ម ឈុ​ន​លី អធិការ​នគរបាល​ក្រុង​ស្ទឹង​សែន ប្រាប់​ថា សព​ជន​រង​គ្រោះ​ឈ្មោះ តាន់ គី​មុន្នី ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​រត់​ម៉ូតូឌុប រស់នៅ​ភូមិ​-​ឃុំ​កន្លែង​កើតហេតុ​។

Loading...

បើ​តាម​ការ​រៀបរាប់​ពី​ឪពុក​បង្កើត​របស់​សព ឈ្មោះ តាន់ ម៉ា​ប់ អាយុ​៧២​ឆ្នាំ មុខរបរ​មន្ត្រី​ចូល​និវត្តន៍ បាន​ប្រាប់​ថា​៖ មុន​ពេល​កើតហេតុ គាត់​បាន​ពិសារ​កាហ្វេ​នៅ​ខាងក្រៅ រហូត​ដល់​ម៉ោង​១០​ជាង បាន​មក​ដល់​ផ្ទះ ហើយ​បាន​ចូល​ក្នុងផ្ទះ ឃើញ​កូន​គាត់​ដេក​ផ្ទាល់​នឹង​ឥដ្ឋការ៉ូ​គាត់​ក៏​និយាយ​ថា​៖ ដេក​អី​ក៏​ដេក​យូរ​ម្លេះ ! រួច​គាត់​ក៏​ដើរទៅ​សម្រាក​នៅផ្ទះ​ខាងក្រោយ​បាត់​ទៅ លុះដល់​ថ្ងៃត្រង់​រៀង​ជ្រេ​បន្តិច មិនឃើញ​កូន​វា​ក្រោក​ឡើង គាត់​ក៏​ដើរ​ចេញ​ទៅ​ដាស់ ឃើញ​វា​ដេក​ផ្អៀង​ទៅ​ខាងឆ្វេង ឱប​ខ្នើយឱប ហើយ​មាន​ឈាមកក​ជាប់​នឹង​ឥដ្ឋការ៉ូ​គាត់​ក៏​អង្រួន និង​ទាញ​ដៃ ស្រាប់តែ​រឹង​ស្លាប់​បាត់​ទៅ​ហើយ​។

គាត់​ស​ន្និ​ដាន​ថា​៖ កូនប្រុស​របស់​គាត់​វា​ស្លាប់​ដោយសារ​ធ្លាក់ឈាម ហើយ​ក៏​មានការ​ឆោ​រ​ឡោ​ឡើង នៅ​ក្នុងភូមិ ទើប​ប្តឹង​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​។ បន្ទាប់​ពី​ទទួល​ព័ត៌មាន​ភ្លាម កម្លាំង​ជំនាញ​កោសល្យ​វិ​ច្ច័​យ​ខេត្ត​, ក្រុង​,​និង​ប៉ុស្តិ៍​រដ្ឋបាល​,​លោក​មេឃុំ​,​ពេទ្យ​មណ្ឌល​សុខភាព បាន​ចុះ​ដល់​កន្លែង​កើតហេតុ និង​ពិនិត្យ​ឃើញ​ថា ជន​រង​គ្រោះ​អាច​ស្លាប់​ដោយសារ​ដាច់​សរសៃឈាម ធ្លាយ​ក្រពះ មូលហេតុ​បណ្តាល​មក​ពី​ជន​រង​គ្រោះ​ផឹកស្រា​ច្រើន មិនសូវ​ហូប​បាយ​ទឹក ធ្វើ​ឲ្យ​មាន​ជំងឺ ក្រោយ​ពិនិត្យ​ចប់ សព​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ ដោយ ៖ ថុ​ក សុខា