រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ចាក់អង្រែលើ ធ្វើការឃាត់ខ្លួនភ្លាមៗ ក្រោយឆែកឆេរឃើញឃើញថ្នាំញៀន នៅចំណុចសំណង់មិនរៀបរយ ស្ថិតក្នុងក្រុមទី០៨ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ កាលពីវេលាម៉ោង០២រសៀល ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩។ ជនសង្ស័យមានឈ្មោះ សល់ វិសាល ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ និងទីលំនៅមិនពិតប្រាកដ។

នាយប៉ុស្តិ៍ចាក់អង្រែលើ លោក អ៊ុំ រតនា បានឲ្យដឹងថា មុនឈានដល់ការឃាត់ខ្លួន ដំបូងឡើយ កម្លាំងនគរបាលបានពង្រាយកម្លាំងចេញល្បាតពួនស្ទាក់ក្នុងមូលដ្ឋាន ដើម្បីការពារសន្តិសុខសុវត្ថិភាព ជូនពលរដ្ឋក្នុងមូលដ្ឋាន។ លុះល្បាតដល់ចំណុចខាងលើ ក៏ប្រទះឃើញជនសង្ស័យខាងលើ មើលទៅហាក់គួរឲ្យសង្ស័យ ក៏សម្រេចធ្វើការសាកសួរនាំ និងសុំធ្វើការឆែកឆេរ លុះឆែកឆេរក៏ប្រទះឃើញមានថ្នាំញៀនជាប់នៅនឹងខ្លួន ទើបសម្រេចធ្វើការឃាត់ខ្លួនភ្លាមតែម្តង។

ក្នុងការឃាត់ខ្លួន កម្លាំងនគរបាលដកហូតបានថ្នាំញៀន ប្រភេទក្រាមសថ្លា ហៅម៉ាទឹកកក ចំនួន២៩កញ្ចប់តូច។ បច្ចុប្បន្ន ជនសង្ស័យត្រូវឃុំខ្លួនបណ្តោះអាសន្ននៅប៉ុស្តិ៍រដ្ឋបាលនគរបាល ចាក់អង្រែលើ រង់ចាំកសាងសំណុំរឿងបញ្ចូនទៅតុលាការ ចាត់ការទៅតាមនីតិវិធីច្បាប់៕ ដោយ ៖ ម៉ម លីហេង
