ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​២​ខ្នង ត្រូវ​បាន​អគ្គី​ភ័យ​លេប​ត្របាក់​គ្មាន​សល់

57

ខេត្តតាកែវ ៖ ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​២​ខ្នង​ត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ បង្ក​ការ​ភ្ញាក់ផ្អើល ដល់​សមត្ថកិច្ច រួម​ទាំង​រថយន្ត​ពន្លត់​អគ្គិភ័យ​ចុះ​មក​ធ្វើការ​អន្តរាគមន៍​បាញ់​ពន្លត់ ក្រោម​ការ​ដឹកនាំ​បញ្ជា ផ្ទាល់​ពី​លោក ញ៉ែ​ម ស្រស់ អភិបាលស្រុក​ព្រៃកប្បាស​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី វេលា​ម៉ោង​០១ និង​៥០​នាទី រសៀល​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ចំណុច​ភូមិ​ច័ន្ទ​មង្គល ឃុំ​ចារ ស្រុក​ព្រៃកប្បាស ខេត្តតាកែវ​។

Loading...

សមត្ថកិច្ច​ស្រុក​ព្រៃកប្បាស​បាន​ឲ្យ​ដឹង​ថា ម្ចាស់ផ្ទះ​រង​គ្រោះ​ទី​១​មានឈ្មោះ អ៊ុយ លី​ម អាយុ​៥៨​ឆ្នាំ ប្រពន្ធ​ឈ្មោះ សំ ចេក អាយុ​៥៨​ឆ្នាំ បណ្តាល​ឲ្យ​ខូចខាត​ផ្ទះ​ឈើ​ប្រក់​ស៊ី​ហ្វ្រូ​ទំហំ ៥​គុណ​៦​ម៉ែត្រ​មួយ​ខ្នង​, លុយ​ខ្មែរ​ចំនួន​២,០០០,០០០​រៀល , ខ្សែ​ក​មាស​ទម្ងន់​៣​ជី និង​ស្រូវ​ចំនួន​១០​ស្បោង​។

ម្ចាស់ផ្ទះ​ទី​២ មានឈ្មោះ អ៊ុយ ត្រូ អាយុ​៤៩​ឆ្នាំ ប្រពន្ធ​ឈ្មោះ ប៊ី វ​ន្នី អាយុ​៥៤​ឆ្នាំ បណ្តាល​ឲ្យ​ខូចខាត​ផ្ទះ​ឈើ​ប្រក​ក្បឿង​ទំហំ​៥​គុណ​៧​ម៉ែត្រ​មួយ​ខ្នង​, លុយ​ដុល្លារ ចំនួន​២​ពាន់​ដុល្លារ​, លុយ​ខ្មែរ ១,០០០,០០០​រៀល និង​ស្រូវ​ចំនួន​២​ស្បោង ហើយ​ក្នុង​ហេតុនេះ​បើ​សរុប ការ​ខាតបង់​គិត​ជា​ទឹកប្រាក់ ប្រហែល​៨៦,០០០,០០០ រៀល​។

ក្នុង​ហេតុការណ៍​នេះ​សមត្ថកិច្ច​បាន ប្រើប្រាស់​ទឹក​អស់​ចំនួន​៣​រថយន្ត​ទើប​រលត់​ទៅ​វិញ​ជា​ស្ថាពរ ហើយ​ក៏​មិន​បណ្តាល​ឲ្យ​មាន​ជន​រង​គ្រោះ បាត់បង់​ជីវិត ឬ​រង​របួស​អ្វី​នោះ​ទេ​គឺ​គ្រានតែ​ខូចខាត​ទ្រព្យសម្បត្តិ​ប៉ុណ្ណោះ​។ ហើយ​មូលហេតុ​គឺ​បណ្តាល មក​ពី​ការ​ឆ្លង​ចរន្តអគ្គិសនី​ទុ​ស្សេ​ខ្សែភ្លើង​៕ ដោយ ៖ សេង សុធា