ពលរដ្ឋ​០៦​គ្រួសារ​នាំ​គ្នា​ទៅ​ស្រោច​ទឹក ក្រោយ​ពី​ជាប់​ឃុំ​អស់​២​យប់​០៣​ថ្ងៃ

182

ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋ​០៦​គ្រួសារ តំណាង​ឲ្យ​៣៦​គ្រួសារ​នាំ​គ្នា​ទៅ​វត្ត​ស្វាយ​ជ្រំ ដើម្បី​ឲ្យ​ព្រះសង្ឃ ស្រោច​ទឹក​ជម្រះ​អពមង្គល​ដោយ​ពួក​គាត់​០៦​នាក់ ត្រូវ​សមត្ថកិច្ច​ចាប់​ឃុំ​អស់​រយៈពេល​២​យប់​បី​ថ្ងៃ ក្នុង​រឿង​វិវាទ​ដី​ផ្លូវ​ដែល​ប្រជាពលរដ្ឋ​ចោទប្រកាន់​ទៅ​លោក​អនុប្រធាន​មន្ទីរ​សាធារណៈការ និង​ដឹក​ជញ្ជូន​ខេត្ត​ម្នាក់ រំលោភ​យក​ផ្លូវ​សាធារណៈ​ទៅ​ធ្វើ​ជា​កម្មសិទ្ធិ និង​ដាំ​ដើមឈើ​ធ្វើ​របង​បិទផ្លូវ សាធារណៈ​ដែល​ប្រជាពលរដ្ឋ​ប្រើប្រាស់​ធ្វើ​ដំណើរ​តាំងពី​ឆ្នាំ​១៩៧៩​រហូត​មក​។

Loading...

ករណី​ប្រជាពលរដ្ឋ​នាំ​គ្នា ទៅ​ស្រោច​ទឹក​នេះ​កើតឡើង​នៅ​វេ​ល​ម៉ោ​១០​ព្រឹក ថ្ងៃ​ទី​២៧ មិថុនា​២០១៩ នៅ​វត្ត​ស្វាយ​ជ្រំ​។ ទាក់ទិន​ករណី​នេះ​ដែរ ស្ត្រី​ម្នាក់​ឈ្មោះ ប៉ិច ចិន្តា អាយុ​៥១​ឆ្នាំ បាន​ឲ្យ​ដឹង​ថា ពួក​គាត់​០៦​គ្រួសារ នាំ​គ្នា​ទៅ​វត្ត​ស្វាយ​ជ្រំ​ឲ្យ​ព្រះសង្ឃ​ស្រោច​ទឹក​ដោយសារ​ពួក​គាត់​ត្រូវ​សមត្ថកិច្ច​ចាប់​ពួក​គាត់​យក​ទៅ​ឃុំ​នៅ​នគ​បាល​ខេត្ត​អស់​រយៈ​២​យប់​ដោយ​អយុត្តិធម៌​រួច​បញ្ជូន​ទៅ​តុលាការ​ខេត្តស្វាយរៀង​ដោយ​ចោទ​ប្រជាពលរដ្ឋ​០៦​នាក់​ពី​បទ​បំផ្លេចបំផ្លាញ​ទ្រព្យសម្បត្តិ​អ្នក​ដទៃ​។

ស្ត្រី​រូប​នេះ​បន្ត​ទៀត​ថា តាម​ពិត​គឺជា​រឿង​ទំនាស់​ដី ផ្លូវ​សាធារណៈ រវាង​ប្រជាពលរដ្ឋ​ចំនួន​៣៦​គ្រួសារ​នៅ​ភូមិ​ស្វាយ​ជ្រំ ឃុំ​ស្វាយ​ជ្រំ ស្រុក​ស្វាយ​ជ្រំ ជាមួយ​លោក សុខ សុផល ជា​អនុប្រធាន​មន្ទីរ​សាធារណៈការ និង​ដឹក​ជញ្ជូន​ខេត្ត​ដែល​មាន​ទីលំនៅ ភូមិ​ស្រះ​វង្ស​សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង ទៅ​ចាក់​ដី​រំលោភ​យក​ផ្លូវ​សាធារណៈ​របស់​ប្រជាពលរដ្ឋ ៣៦​គ្រួសារ ធ្វើ​ដំណើរ​តាំងពី​ឆ្នាំ​១៩៧៩​រហូត​មក ទៅ​ធ្វើ​ជា​កម្មសិទ្ធិ ហើយ​បាន​ដាំ​ដើមឈើ​ធ្វើ​របង បិទផ្លូវ​របស់​ប្រជាពលរដ្ឋ​បណ្តាល​ឲ្យ​ប្រជាពលរដ្ឋ​បាត់បង់​ផ្លូវ​ធ្វើ​ដំណើរ​ទើប​ប្រជាពលរដ្ឋ​កាប់​ដើមឈើ​ដែល​ដាំ​បិទផ្លូវ​ចោល​ដើម្បី​យក​ផ្លូវ​សាធារណៈ​មក​ប្រើប្រាស់​វិញ​ក៏​ត្រូវ​លោក​អនុប្រធាន​មន្ទីរ​រូប​នោះ​ប្តឹង​ចាប់​ប្រជាពលរដ្ឋ​តែ​ម្តង​។

ជន​រង​គ្រោះ​ដែល​សមត្ថកិច្ច​ចាប់​ឃុំ​នោះ​ទី​១,​ឈ្មោះ ប៉ិច ចិន្តា ភេទ​ស្រី អាយុ​៥១​ឆ្នាំ ជា​កម្មការិនី​។ ២,​ឈ្មោះ ប៉ិច បុប្ផា ភេទ​ស្រី អាយុ​៤៨​ឆ្នាំ ជា​កម្មការិនី​។ ៣,​ឈ្មោះ ប៉ា ធីតា ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ មុខរបរ​កម្មករ​។ ៤,​ឈ្មោះ ប៉េង កុសល ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មុខរបរ​ធ្វើស្រែ​។ ៥,​ឈ្មោះ រស់ សែ​ម ភេទ​ស្រី អាយុ​៥៣​ឆ្នាំ មុខរបរ​ធ្វើស្រែ​។ ៦,​ឈ្មោះ ប៉ែន គាង ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរ​កម្មករ ទាំង​០៦​នាក់​រស់នៅ​ភូមិ​កើតហេតុ​ខាងលើ​។

ជន​រង​គ្រោះ​ទាំង​០៦​នាក់​បាន​ឲ្យ​ដឹង​ទៀត​ថា ដំណើររឿង នៅ​អំឡុង​ឆ្នាំ​២០០៧-២០០៨ មានឈ្មោះ សុខ សុផល អនុប្រធាន​មន្ទីរ​សាធារណៈការ និង​ដឹក​ជញ្ជូន​ខេត្តស្វាយរៀង បាន​មក​ទិញ​ដីស្រែ​មួយ​កន្លែង​នៅ​ជាប់​ប្រឡាយ​នៅ​ក្នុងភូមិ​ស្វាយ​ជ្រំ ក្រោយមក​បាន​ចាក់​ដី​លើក​ជា​ភូមិ​ម្ករ​សម្រាប់​ដាំ​ដំណាំ កាល​ណោះ​គឺ​បាន​ចាក់​ដី​រំលោភ​យក​ផ្លូវ សាធារណៈ​ទំហំ​៣​ម៉ែត្រ (​ជា​ភ្លឺ​ភ្លោះ​សម័យ​ប៉ុ​ល​ពត​) បណ្តោយ​៨០​ម៉ែត្រ ដែល​ប្រជាពលរដ្ឋ ចំនួន​៣៦​គ្រួសារ ធ្វើ​ជា​ផ្លូវលំ​ធ្វើ​ដំណើរ​ចេញពី​ភូមិ​មក​ផ្លូវ​ប្រឡាយ​ឡើង​មក​ផ្លូវជាតិ​តាំងពី​ឆ្នាំ​១៩៧៩​រហូត​មក​។ ហើយ​ឈ្មោះ សុខ សុផល បាន​ដាំ​ដើម​ប្រេងខ្យល់​បិទផ្លូវ និង​ដាំ​ដើម​អាកា​ស្យា និង​ដើម​ស្វាយ​លើ​ដី​ផ្លូវ​ទៀត​ធ្វើ​ឲ្យ ប្រជាពលរដ្ឋ​បាត់បង់​ផ្លូវ​ធ្វើ​ដំណើរ​។

ប្រជាពលរដ្ឋ​បាន​ប្តឹង​ទៅ​លោក​មេ​ភូមិ​ស្វាយ​ជ្រំ​ដោះស្រាយ​មិន​ចេញ​។ ក៏​ប្តឹង​ទៅ​លោក​មេឃុំ​ស្វាយ​ជ្រំ​ក៏​ដោះស្រាយ​មិន​ចេញ​គឺ​ទំនាស់​រ៉ាំរ៉ៃ​ចាប់តាំងពី​ឆ្នាំ​២០០៩ រហូត​បច្ចុប្បន្ន ឆ្នាំ​២០១៩ គឺ​១០​ឆ្នាំ​លោក​មេឃុំ​ដោះស្រាយ​០៣​លើក​ដោះ​មិន​ចេញ​ទើប​នៅ​ឆ្នាំ​២០១៩​នេះ ប្រជាពលរដ្ឋ​បាន​រៃ​អង្គាសប្រាក់​គ្នា​លើក​ផ្លូវលំ​មួយ​ខ្សែ​នេះ​ប្រវែង​៨០០​ម៉ែត្រ មក​ដល់​ចំណុច​ទំនាស់​។ ហើយ​បាន​ទៅ​ចរចារ​ជាមួយ​ប្រពន្ធ​លោក សុខ សុផល ដើម្បី​បើកផ្លូវ​វិញ​លោក សុខ សុផល បាន​តប​ថា លើកថ្នល់​ឲ្យ​មក​ដល់​ដី​គាត់​ទៅ​ចាំ​គាត់​បើកផ្លូវ​ឲ្យ ក៏​ប៉ុន្តែ​ពេល​ប្រជាពលរដ្ឋ​លើក​ផ្លូវ​មក​ដល់​បែ​ជា​ក្រឡាស់ សម្ដី​ទើប​នៅ​ថ្ងៃអាទិត្យ​ទី​២៣ មិថុនា ២០១៩ ប្រជាពលរដ្ឋ​នាំ​គ្នា​តវា និង កាប់​កូនដើម​ប្រេងខ្យល់​ដាំ​បិទផ្លូវ អស់​០៧​ដើម អាកា​ស្យា​០៣​ដើម និង​ដើម​ស្វាយ​ដាំ​លើ​ផ្លូវ​២​ដើម​ដើម្បី​បើកផ្លូវ​ឡើង​វិញ​។

លុះដល់​ថ្ងៃ​ច​ន្ទ័​ទី​២៤ មិថុនា ២០១៩ នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ស្វាយ​ជ្រំ បាន​មក​ចាប់​ប្រជា​ពល​ដ្ឋ ចំនួន​០៦​នាក់​យក​ទៅ​ប៉ុស្តិ៍ លោក សុខ សុផល ទាមទា​ឲ្យ​សងការ​ខូចខាត​ជា​ទឹកប្រាក់​៤​លាន​រៀល ប្រជាពលរដ្ឋ​គ្មាន​ប្រាក់​បង់​ក៏​បញ្ជូន​ទៅ​នគ​បាល​ខេត្ត​ឃុំខ្លួន​២​យប់​៣​ថ្ងៃ ធ្វើការ​ដោះស្រាយ​ឈ្មោះ សុខ ផល ទារ​សំណង​ចុះ​ត្រឹម​២​លាន​៥​សែន​រៀល​។ ចំណែក​ប៉ូលិស បាន​ទា​ប្រាក់​ពី​ប្រជាពលរដ្ឋ ដើម្បី​រត់ការ​បញ្ចប់រឿង​បណ្តឹងអាជ្ញា ប្រជាពលរដ្ឋ​បាន​ប្រាប់​ថា​ពួក​គាត់​ជា​កម្មករ​ក្រីក្រ​គ្មាន​ប្រាក់​ទេ បើ​៤០០​ដុល្លារ​ទាំងអស់​គ្នា​គាត់ និង​ទៅ​រៃ​គ្នា​ឲ្យ​។ ការ​ចរចា​មិន​ត្រូវ​នៅ​ព្រឹក​ថ្ងៃ​ទី​២៦ មិថុនា ២០១៩ សមត្ថកិច្ច​ក៏​បញ្ជូន​ទៅ​តុលាការ​សាលាដំបូង​ខេត្តស្វាយរៀង​លោក​ព្រះរាជអាជ្ញា​ចោទប្រកាន់​ពី​បទ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​អ្នក​ដទៃ​រួច​បញ្ជូន​ទៅ​លោក​ចៅក្រម​ស៊ើបសួរ​ចាត់ការ​បន្ត​។

ប្រភព​ដដែល​បន្ត​ទៀត លោក​ចៅក្រម​បាន​សួរ​ម្នាក់​ម្តង​ៗ ហើយ​បាន​ឲ្យ​ប្រជាពលរដ្ឋ​ទាំង​០៦​នាក់ បង់ប្រាក់​តម្កល់​ចំនួន ៤​លាន​រៀល ក៏​ប៉ុន្តែ​ប្រជាពលរដ្ឋ​គ្មាន​ប្រាក់​បង់​ទេ​។ ក្រោយមក​ធ្លាយ​រឿង​នេះ​ដល់​លោក ហែម សា​រិ​ទ្ធ អភិបាល​ស្តីទី ស្រុក​ស្វាយ​ជ្រំ លោក​បាន​មក​ធ្វើ​អន្តរាគមន៍ និង​លោក​អភិបាល​នៃ​គណៈ​អភិបាលខេត្ត អន្តរាគមន៍​ទើប​លោក​ចៅក្រម​ឲ្យ​ប្រជាពលរដ្ឋ​០៦​នាក់​បង់ប្រាក់​តម្កល់​នៅ​ក្រៅ​ឃុំ​ម្នាក់​២​សែន​រៀល​សរុប​១,២០០,០០០​រៀល រហូត​ដល់​ម៉ោង​៩ និង​១០​នាទី​យប់ ទើប​ប្រជាពលរដ្ឋ​បាន​មាន​សេរីភាព ត្រឡប់​ទៅ​ផ្ទះ​វិញ​។

ទាក់ទិន​ករណី​នេះ​ដែរ​លោក ហែម សា​រិ​ទ្ធ អភិបាល​ស្តីទី​ស្រុក​ស្វាយ​ជ្រំ​បាន​ឲ្យ​ដឹង​ថា កា​ពិត​លោក សុខ​ផល បាន​រំលោភ​យក​ដី​ផ្លូវ​របស់​ប្រជាពលរដ្ឋ​ពិតប្រាកដ​មែន ហើយ​សុរិយោដី​បាន ចុះបញ្ជី​ដី ជា​លក្ខណ​ប្រ​ព​ន្ធ័​រួច​ហើយ គឺ​ផ្លូវលំ​នេះ​ទំហំ​០៣​ម៉ែត្រ ដូច្នេះ​ឈ្មោះ សុខ​ផល​ចាក់​ដី​បិទផ្លូវ ប្រជាពលរដ្ឋ​ពិតប្រាកដ​មែនហើយ​នៅ​ថ្ងៃ​ទី​២៨ លោក​នឹង​កោះហៅ​ភាគី​លោក សុខ​ផល ឲ្យ​មក​បើកផ្លូវ​ឲ្យ​ប្រជាពលរដ្ឋ​វិញ​។ ចំណែក​រឿង​តុលាការ​លោក​មិន​លូកដៃ​ទេ​នោះ គឺជា​ឆន្ទានុសិទ្ធិ​របស់​ចៅក្រម​ទុក​ឲ្យ​លោក​ចៅក្រម​ដំណើរការ​តាម​នីតិ​វី​ចុះ​។ ចំណែក​លោក សុខ​ផល អនុប្រធាន​មន្ទីរ​សាធារណការ​ខេត្ត​មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ទេ​។ ប្រជាពលរដ្ឋ​អំពាវនាវ​សូម​ឲ្យ តុលា​រការ​លើកលែង​ការ​ចោទប្រកាន់​ប្រជាពលរដ្ឋ​ទាំង​០៦​នាក់​នេះ​ដោយ​ក្តី​អនុគ្រោះ​៕ ដោយ ៖ វ៉ា​ន់ ប៊ុ​ន​ធឿ​ន