ខេត្តកំពង់ឆ្នាំង ៖ អាជ្ញាធខេត្តកំពង់ឆ្នាំងនៅរសៀល ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ បានរៀបចំពិធីក្រុង ពាលីសាកល្បងការប្រណាំងទូក កានូ ទូកកៃយ៉ាក់ និងទូកនាគ នៅមាត់ទន្លេផ្សារក្រោម ស្ថិតនៅក្នុងភូមិ ផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។ លោក មាស សារិន បានឲ្យដឹងថា ថ្ងៃនេះសហព័ន្ធ បានមកបើកសិក្ខាសាលាទ្រឹស្តីទូក កានូ កៃយ៉ាក់ និងទូករ៉ូអ៊ីន ឬទូកក្បាលនាគ ដែលមានកីឡាករ មកពីខេត្តកំពង់ឆ្នាំង ប៉ៃលិន ពោធិ៍សាត់ សៀមរាប បន្ទាយមានជ័យ ដែលមានសិក្ខាកាមកីឡាករ ចំនួន៥០នាក់។

អគ្គនាយករងសហព័ន្ធកីឡាទូក លោក មាស សារិន បានបញ្ជាក់ថា កន្លងមកធ្លាប់ហ្វឹកហាត់ នៅក្រុងព្រះសីហនុដល់មកប្រណាំងនៅខេត្តកំពងស្ពឺ ហើយលើកនេះ ហ្វឹកហាត់នៅខេត្តកំពង់ឆ្នាំង ដល់មកប្រណាំងនៅឯខេត្តពោធិ៍សាត់។ លោកថា ការហ្វឹកហាត់ទ្រឹស្តី ត្រូវបានបញ្ចប់ហើយថ្ងៃនេះ គឺជាថ្ងៃសាកល្បងពីការចុះទូក ការកាន់ច្រវ៉ា និងពីបច្ចេកទេសអុំទូក ដូចជាបានដាក់បង្ហាញឲ្យបងប្អូនប្រជាពលរដ្ឋយើងបានដឹង និងស្គាល់ដែលពីមុនធ្លាប់ឃើញតែទូកចែវ និងទូកអុំរបស់យើង។

អគ្គនាយករងសហព័ន្ធកីឡាអុំទូកអន្តរជាតិបានបញ្ជាក់ឲ្យដឹងថា កន្លងមកយើងធ្លាប់បានចេញទៅខេត្តណានជីង ប្រទេសចិន ក្នុងក្របខណ្ឌអាស៊ានចិន និងទទួលបានជយ័លាភីមេដាយប្រាក់ និងសំរិទ្ធផងដែរ។ អភិបាលរងខេត្តកំពង់ឆ្នាំង លោក ស៊ុន សុវណ្ណរិទ្ធ បានឲ្យដឹងថា ថ្ងៃស្អែកគឺជាថ្ងៃប្រកួតសាកល្បងបច្ចេកទេសគ្នារយៈពេលប៉ុន្មានថ្ងៃ ដែលបានសិក្សាដកស្រង់ពិសោធន៍ថា ខាងណាមានបច្ចេកទេសល្អជាង។

សម្រាប់ខេត្តកំពង់ឆ្នាំង មានសក្តានុពលល្អ មានទន្លេ និងបឹងធំស្អែកនេះគឺមានការប្រកួត សង្ឃឹមថានឹងមានអ្នកចូលរួមយយ៉ាង ច្រើនដោយចង់ស្គាល់ទូកប្រភេទខ្នាតអន្តរជាតិនេះ។ សូមបញ្ជាក់ផងដែរថា ទូកទាំង៨គ្រឿង ខាងលើនេះជាអំណោយរបស់សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ប្រគល់ជូនសហព័ន្ធកីឡា ប្រណាំងទូកអន្តរជាតិ៕ ដោយ ៖ ពៅ សុខហ៊ាន




