កម្លាំង​នគរបាល​ខេត្ត​នាំ​គ្នា​សម្អាត​បរិស្ថាន ដើម្បី​បំផ្លាញ​ជម្រក​មូស​ខ្លា

89

ខេត្តបន្ទាយមានជ័យ ៖ ដើម្បី​បំផ្លាញ​ជម្រក​មូស​ខ្លា និង​ចូលរួម​វិធានការ​បង្ការ​ទប់ស្កាត់ ជំងឺគ្រុនឈាម​បាន​កើត និង​កើនឡើង​ជាង​១​ពាន់​ករណី​ក្នុង​ខេត្តបន្ទាយមានជ័យ កងកម្លាំង​នគរបាល​ខេត្តបន្ទាយមានជ័យ​ជិត​១,០០០​នាក់ ដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ​លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០១៩​នេះ បាន​ធ្វើការ​សម្អាត អនាម័យ បរិស្ថាន នៅ​ក្នុង​ទីធ្លា​សាលារៀន​២៣​គោលដៅ នៅ​តាម​បណ្តា​ស្រុក ក្រុង​ទាំង​៩ និង​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​ទាំង​៤​។

Loading...

មន្ត្រី​សុខាភិបាល​ប្រាប់​ថា នៅ​រដូវវស្សា​ឆ្នាំ​នេះ​ជំងឺគ្រុនឈាម បាន និង​កំពុង​កើតឡើង​នៅ​ខេត្តបន្ទាយមានជ័យ មានការ​កើនឡើង​ជាង​១​ពាន់ ករណី ស្មើនឹង​អ្នកជំងឺ​ជាង​១​ពាន់​នាក់​។ ប៉ុន្តែ​មក​ដល់​ពេល​នេះ​មិន​ទាន់​មាន​ករណី​ស្លាប់​ដោយ​ជំងឺគ្រុនឈាម នៅឡើយ​នោះ​ទេ សម្រាប់​ខេត្តបន្ទាយមានជ័យ​។ បញ្ហា​ជំងឺគ្រុនឈាម​កើតឡើង​គួរ​ឱ្យ​ព្រួយបារម្ភ​នោះ គេ​សង្កេត​ឃើញ​មន្ត្រី​សុខាភិបាល​ខេត្តបន្ទាយមានជ័យ​រួម​នឹង​កម្លាំង​សមត្ថកិច្ច អាជ្ញាធរ​មូលដ្ឋាន សហការ​គ្នា​មាន​វិធានការ​បង្ការ​ទប់ស្កាត់​ជំងឺគ្រុនឈាម ដោយ​កងកម្លាំង​នគរបាល បាន​ចូលរួម​សម្អាត​អនាម័យ បរិស្ថាន​តាម​ទីធ្លា​សាលារៀន ការ​ចុះ​ផ្សព្វផ្សាយ​អប់រំ​ឱ្យ​យល់​ដឹង​ពី​ជំងឺគ្រុនឈាម​ជូន​ប្រជាពលរដ្ឋ​, ការ​បាញ់ថ្នាំ និង​ចែក​ថ្នាំ​អាល់​បែ​ត​កំចាត់​មូស​ខ្លា ភ្ញាក់​ងារ​ចម្លង​មេរោគ​គ្រុនឈាម​។

ទន្ទឹម​ដែល​របាយការណ៍​របស់​មជ្ឈមណ្ឌល ជាតិ ប្រយុទ្ធ​ប្រឆាំង​ជំងឺគ្រុនឈាម​បង្ហាញ​ឱ្យ​ដឹង​ថា នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​គិត​ត្រឹម​ស​ប្តា៍​ទី​៣ ខែមិថុនា ជ​គ្រុនឈាម​បាន​កើតឡើង​១៣​ពាន់​ករណី​ក្នុង​នោះ​អ្នកជម្ងឺ​២៤​នាក់​បណ្តាល​ឱ្យ​ស្លាប់​បាត់​។ មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ជំងឺគ្រុនឈាម​នៃ​ក្រសួងសុខាភិបាល​ក៏​បាន​ប្រកាស​ឱ្យ​ប្រជាពលរដ្ឋ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​ជំងឺគ្រុនឈាម​ជា​ពិសេស​ទៅ​លើ​កុមារ​គ្រា​ដែល​ជំងឺគ្រុនឈាម​បាន​ផ្ទុះ​ខ្លាំង​នៅ​ឆ្នាំ​២០១៩​នេះ​។ លោក​វេជ្ជបណ្ឌិត កែវ សុភ​ក្ត្រា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តបន្ទាយមានជ័យ​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០១៩ ប្រាប់​អ្នក​យក​ព័ត៌មាន​យើង​ឱ្យ​ដឹង​ថា ខេត្តបន្ទាយមានជ័យ​ជំងឺគ្រុនឈាម​បាន​ផ្ទុះ​ខ្លាំង​ចាប់ពី​ខែឧសភា រហូត​ដល់​ចុងខែ​មិថុនា មាន​អ្នក​ជ​ជាង​១​ពាន់​នាក់ នោះ​ហើយ​បាន​កើត​ជំងឺគ្រុនឈាម​។

ករណី​ជម្ងឺគ្រុនឈាម​មិន​ទាន់​មានការ​ថយ​ចុះ​នៅឡើយ​នោះ​ទេ ជំងឺ​នេះ​នៅ​តែ​អាច​បន្ត​កើនឡើង សម្រាប់​នៅ​ខេត្តបន្ទាយមានជ័យ​។ លោក​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តបន្ទាយមានជ័យ​ប្រាប់​ទៀត​ថា​៖ ក្នុង​ចំណោម​អ្នកជំងឺ​ជាង​១​ពាន់​នាក់​ភាគច្រើន​កើតឡើង​ទៅ​លើ​កុមារ ចំណែក​មនុស្ស​ចាស់​មាន​តែ​១%​ប៉ុណ្ណោះ​។ លោក​ថា នៅ​ឆ្នាំ​២០១៩ ជំងឺគ្រុនឈាម មាន​ភាព​ចម្លែក​ដោយសារ​តែ​តំបន់​ដែល​ពុំ​ធ្លាប់​កើត​មាន​ជំងឺគ្រុនឈាម បែរជា​កើត​ជំងឺគ្រុនឈាម ចំណែក​តំបន់​ដែល​ធ្លាប់​កើត​មាន​គឺ​នៅ​ឆ្នាំ​នេះ​ពុំ​មាន​កើត​ទៅ​វិញ​។

លោក កែវ សុភ​ក្ត្រា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តបន្ទាយមានជ័យ​ប្រាប់​ទៀត​ថា ជំងឺគ្រុនឈាម​អាច​សង្គ្រោះ​ព្យាបាល​ជា​សះស្បើយ បើសិន​អ្នកជំងឺ​មក​ព្យាបាល​ទាន់​ពេលវេលា ហើយ​ប្រភព​នៃ​ការ​ចម្លង​ម​រោគ​គ្រុនឈាម​គឺ​បង្ក​ដោយ​មូស​ខ្លាខាំ​។ មូស​ខ្លា​វា​រស់នៅ​ក្នុង​ពាងទឹក​ស្អាត ទឹក​អាង គ្មាន​គម្រប សំបក​កង់​ឡាន​ចាស់​ៗ​ដែល​មាន​ដក់​ទឹក និង​រស់នៅ​តាម​ព្រៃ​នោះ​ផង​ដែរ​។​ប​ច្ចុ​ប​បន្ន​មន្ត្រី​សុខាភិបាល​ក៏​បាន​ចែក​ថ្នាំ​អាល់​បែ​ត ជូន​ប្រជាពលរដ្ឋ​យក​ដាក់​ក្នុង​ពាងទឹក ក្នុង​អាង​ទឹក និង​បាញ់ថ្នាំ​កំចាត់​មូស នៅ​តាម​តំបន់​ដែល​កំពុង​ផ្ទុះ​ជម្ងឺគ្រុនឈាម មិនតែប៉ុណ្ណោះ​មន្ត្រី​សុខាភិបាល ក៏​បាន​ចុះ​ទៅ​ផ្សព្វផ្សាយ​អប់រំ​ប្រជាពលរដ្ឋ​ឱ្យ​មានការ​ប្រុង​ប្រយ័ត្ន​ពី​ជម្ងឺគ្រុនឈាម​ដោយ​ដេក​ដាក់​មុង​ត្រឹមត្រូវ និង​នៅ​ពេល​ចូល​កេង​ឱ្យ​កូន​តូច​ៗ​ពាក់​អាវដៃវែង ខោ​ជើ​វែង ការពារ​កុំឱ្យ​មូស​ខ្លាខាំ​។

ដោយឡែក​លោក រិ​ទ្ធ ផា​ន ជា​នាយករង​នៅ​សាលា​បឋម​សិក្សា​អូរ​អំបិល ស្ថិត​ក្នុង​សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណ ក៏​បាន​ថ្លែងអំណរគុណ ដល់​លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្ត ដែល​ដឹកនាំ​កងកម្លាំង​នគរបាល​ចំនួន ៤០០​នាក់ មក​ធ្វើការ​កាប់​ឆ្ការព្រៃ ជំ​រះ​ស្មៅ សម្អាត​ក្នុង​ទីធ្លា​សាលា និង​ខាង​មុខ​សាលា​នេះ​ផង​ដែរ ជា​ការ​លើកកម្ពស់​បរិស្ថាន សោភ័ណ​ភាព ពិសេស​គឺ​បំផ្លាញ​ជម្រក​មូស​ខ្លា ការពារ​មិន​ឲ្យ​មូស​ខ្លាខាំ​សិស្សានុសិស្ស​៕ ដោយ ៖ ណុ​ប រក្សា