រថយន្ត​ដឹក​ឥដ្ឋ​បុក​ពីក្រោយ​រថយន្ត​ដឹក​ថ្ម គាប​ជាប់​ព្រូ​ម្នាក់​បាក់ជើង

112

រាជធានី​ភ្នំពេញ ៖ រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ដឹក​ឥដ្ឋ​១​គ្រឿង​ខណៈ ពេល​កំពុង​បើកបរ​តាម​ពីក្រោយ រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ដឹក​ថ្ម​១​គ្រឿង​ទៀត លុះ​ក្រោយមក​ស្រាប់តែ​រថយន្ត​ដឹក​ថ្ម​វាក់​ជាមួយ​រថយន្ត ដឹក​កុងតឺន័រ​១​គ្រឿង​កំពុង​បើក​ថយក្រោយ​ចេញពី​ក្នុង​ផែស្ងួត​មួយ​កន្លែង​។ ខណៈនោះ​រថយន្ត​ដឹក​ថ្ម ក៏​ជាន់​ហ្វ្រាំង​ឈប់​យ៉ាង​ប្រថុចញ៉ុច ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ដឹក​ឥដ្ឋ​វាក់​ជាន់​ហ្វ្រាំង​ឈប់​អត់​ទាន់​ក៏​បុក​ពីក្រោយ ពេញទំហឹង បណ្ដាល​ឲ្យ​ក្រពឹត​មុខ​គាប​ព្រូ​ម្នាក់​រង​របួស​បាក់ជើង​ម្ខាង ហើយ​ទម្រាំ​តែ​អ្នក​ភូមិ​ជួយ​គាស់ យក​ចេញ បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​បាន​រយៈពេល​ជិត​១​ម៉ោង​។

Loading...

ឧប្បត្តិ​ហេតុនេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៣ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១ ខែកក្កដា ឆ្នាំ​២០១៩ នៅ​លើ​កំណាត់​មហាវិថី​ឈ្នះ​ឈ្នះ ហៅ​ផ្លូវ​អូរ​ដឹ​ម​កប់​ស្រូវ​ស្ថិត​នៅ​ក្នុងភូមិ​ចែងម៉ែង សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ បុរស​រង​គ្រោះ​ឈ្មោះ អ៊ុត កុយ អាយុ​៣១​ឆ្នាំ មុខរបរ​ព្រូ​រថយន្ត​ដឹក​ឥដ្ឋ​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3D-6610 មានស្រុក​កំណើត​នៅ​ក្នុង​ខេត្តព្រៃវែង​។

ចំណែក​រថយន្ត​ដឹក​ថ្ម​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ពណ៌​ក្រហម ពាក់​ស្លាក​លេខ ព្រះ​សី​ហុ​នុ 3A-2371 បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គា​ស់​ឈ្មោះ​។ តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ រថយន្ត​ដែល​បើក​បុក​គេ​ពីក្រោយ​នោះ​បាន ដឹក​ឥដ្ឋ​ចេញពី​ឃុំ​ព​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្តកណ្ដាល ដើម្បី​យក​ទៅ​ដាក់​ឲ្យ​ម៉ូយ​នៅ​ផ្លូវជាតិ​លេខ​៣ ដោយ​ធ្វើ​ដំណើរ​តាម​បណ្តោយ​មហាវិថី ឈ្មះ​ឈ្មះ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ពីក្រោយ​រថយន្ត​បែន​ដឹក​ថ្ម​។ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ ស្រាប់តែ​មាន​រថយន្ត​កុងតឺន័រ​មួយ​គ្រឿង​បើក​ថយក្រោយ​ចេញពី​ផែស្ងួត ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​រថយន្ត ដឹក​ថ្ម​វាក់​ខំ​ជាន់​ហ្វ្រាំង​ឈប់​យ៉ាង​ប្រថុចញ៉ុច​។

ចំណែក​រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ​ដឹក​ឥដ្ឋ​ជាន់​ហ្វ្រាំង ឈប់​មិន​ទាន់​ក៏​បុក ពីក្រោយ​រថយន្ត​ដឹក​ថ្ម​ពេញទំហឹង​បណ្ដាល​ឲ្យ​ក្រពឹត​ខ្ទេច​មុខ​គាប​ព្រូ​ជាប់ បាក់ជើង​ម្ខាង​តែ​ម្ដង​។ បន្ទាប់​មក​នគរបាល​បាន​ចុះ​ទៅ​សហ​ការណ៍​ជាមួយ​អ្នក​ភូមិ​គាស់​យក​ព្រូ​រថយន្ត ដឹក​ឥដ្ឋ​ចេញពី​ក្នុង​កាប៊ី​ន​រួច​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​បន្ទាន់​ភ្លាម រួច​នាំ​យក​រថយន្ត​ទៅ រក្សា​ទុក​រង់ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ​៕ ដោយ ៖ យន់ ស៊ី​ថា