កិច្ចប្រជុំ​ក្រុម​លេខា​គណៈកម្មាធិការ​ព្រំដែន ថ្នាក់​ភូមិភាគ​លើក​ទី​២៧

114

ខេត្តបាត់ដំបង ៖ កិច្ចប្រជុំ​ក្រុម​លេខា​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​ភូមិភាគ​លើក​ទី​២៧ បាន​ធ្វើ​ឡើង​នៅ​សណ្ឋាគារ ហូ​លី​ដេ អ៊ិ​ន នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ នៅ​វេលា​រសៀល​ថ្ងៃ​ទី​២ ខែកក្កដា ឆ្នាំ​២០១៩ ដែល​ភាគី​កម្ពុជា​មាន ចំនួន​៤៣ រូប​បាន​ទៅ​ចូលរួម​ដំណើរ​ដោយ​មាន​លោក​ឧត្តមសេនីយ៍ទោ សេង ធា​រិ​ន មេបញ្ជាការ​រង នាយសេនាធិការ យោធភូមិ​ភាគ​ទី​៥។

Loading...

ជា​ប្រធាន​ក្រុម​លេខា​ខាង​កម្ពុជា និង​ភាគី​ថៃ ដឹកនាំ​ដោយ​លោក ឧត្តមសេនីយ៍ត្រី ថា​ណា​ស៊ី​ន ស៊ុ​ក​ឃោ (Thanasin sokkho) នាយសេនាធិកា​កងទ័ព​ភូមិភាគ​ទី​១ ជា​ប្រធាន​ក្រុម​លេខា​ភាគី​ថៃ ដោយ​មាន​សមាសភាព​គ្រប់​កងកម្លាំងប្រដាប់អាវុធ និង​មន្ត្រី​ស្ថាប័ន​ស៊ី​វិល​ដែល ពាក់ព័ន្ធ​ក្នុង​ខេត្តពោធិសាត់ បាត់ដំបង ប៉ៃលិន និង​បន្ទាយ​មាន​ជ័យ (​កម្ពុជា​) ចំណែក​ខាង​ថៃ​មាន​ខេត្ត​ស្រះ​កែវ ច័ន្ទ​បូ​រី -​ត្រា​ត សរុប​ទាំងអស់​ប្រមាណ​៨០​នាក់​។

លោក​ឧត្តមសេនីយ៍ត្រី ថា​ណា​ស៊ី​ន ស៊ុ​ក​ឃោ (Thanasin sokkho) នាយសេនាធិកា​កងទ័ព​ភូមិភាគ​ទី​១ ជា​ប្រធាន​ក្រុម​លេខា​ភាគី​ថៃ បាន​ថ្លែង​ថា ក្នុង​សមាសភាព ក្រុម​លេខា​បាន​បញ្ចូល​មក​ថ្មី​នេះ​គឺ ដើម្បី​រួមចំណែក​ពង្រឹង​កិច្ច​សហ​ប្រ​តិ​បត្ត​ការ​បន្ថែម​ទៀត​រវាង​ថៃ និង​កម្ពុជា សំខាន់​ជំរុញ​ធានា​សន្តិសុខ និង​វិស័យសេដ្ឋកិច្ច​តាម​ព្រំដែន ដែល​ជា​ផលប្រយោជន៍​ដល់​ប្រជាជន​យើង​ទាំង​ពីរ កំពុង​រស់នៅ​រកស៊ី​ជាមួយ​គ្នា​តាម​ខ្សែបន្ទាត់​ព្រំដែន​ជា​យូរ​ឆ្នាំ​មក​ហើយ​នេះ​ឲ្យ​កាន់តែ​ទទួល​បាន​លទ្ធផល​ល្អ​បន្ថែម​ទៀត​។

លោក​ឧត្តមសេនីយ៍ទោ សេង ធា​រិ​ន ប្រធាន​ក្រុម​លេខា​ខាង​កម្ពុជា បាន​ឆ្លើយ​តប​ថា យើង​ទើបតែ​ចូលរួម ជាមួយ​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ មាន​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយ​លោក ប្រា​យោ​ទ ច័ន្ទ​អូ​ឆា នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​ថៃ បាន​បើកផ្លូវ ត​ភ្ជាប់​ស្ពាន​មិត្តភាព​ច្រក ចេញចូល​មួយទៀត​នៅ​ស្ទឹង​បត់ ក្នុង​ខេត្តបន្ទាយមានជ័យ ដើម្បី​ជំរុញ​ដំណើរការ​សេដ្ឋកិច្ច និង​សម្រួល​ចរាចរ លើ​វិស័យ​ទេ​ចរណ៍​ឲ្យ​កាន់តែ​មាន​ភាព​ងាយស្រួល​បន្ថែម​ទៀត​។

លោក​បាន​បន្ត​ទៀត​ថា ក្នុង​កិច្ចប្រជុំ​នេះ សូម​ក្រុមការងារ​លេខា​ទាំងអស់​ពិនិត្យ និង​សម្រេច​ជា​រួម​គ្នា ដើម្បី​ពង្រឹង​កិច្ច​សហ​ប្រ​តិ​បត្ត​ការ​រួម​គ្នា​បន្ថែម​ទៀត ដោយ​លើកយក​កំណត់ហេតុ​លើក​ទី​២៦ ដែល​នៅ​សេសសល់ មក​ដោះស្រាយ ហើយ​បន្ត​រក​ការ​រីក​ចម្រើន បន្ត​ទៀត​នៅ​លើក​នេះ​ជា​លើក​ទី​២៧ ដែល​ភាគី​យើង​ទាំង​សងខាង​បាន​ជួប​គ្នា​លើកកម្ពស់ ដោះស្រាយ​បញ្ហា ដោយ​សន្តិវិធី នៅ​ពេល​ដែល​កើត​មាន​តាម​គ្រប់​រូបភាព និង​គ្រប់​ច្រក​ចេញចូល​រវាង​ប្រទេស​យើង​ទាំង​ពីរ ឲ្យ​មាន​ភាពល្អ​ប្រសើរ​ឡើង​បន្ថែម​ទៀត​៕ ដោយ ៖ ហួត សុង​ហាក់