ករណី​ភ្លើង​ឆេះ​ឃ្លាំង​គីប​ខោអាវ​ជជុះ បើ​គិត​ជា​ទឹកប្រាក់​អស់​រាប់​លាន​ដុល្លារ

200

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​មាន​ហេតុការណ៍​ករណី​អគ្គិភ័យ​ដែល​មាន​ឆាបឆេះ​បំផ្លាញ​ឃ្លាំង​ស្តុក​គីប ខោអាវ​ជជុះ អស់​រាប់រយ​រាប់​ពាន់​គីប និង​បាន​ធ្វើ​ឲ្យ​ផ្ទះ​ចំនួន​៧​ល្វែង​រង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ កាលពី​យប់​ថ្ងៃ​ទី​០១ ខែកក្កដា ឆ្នាំ​២០១៩ នៅ​ក្បែរ​សាលា​ចិន ទួន​ហ្វា ក្នុង​សង្កាត់​អូ​ឡាំ​ពិ​ក ខណ្ឌ​បឹង​កេងកង នា​ពេល​កន្លង​មក​។ កម្លាំង​មាន​សមត្ថកិច្ច​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ និង គ្រឿងចក្រ​ជា​ច្រើន​គ្រឿង​ចុះ​មក​ធ្វើ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​អស់​រយៈពេល​ជាង​១៣​ម៉ោង​រួច​មក​នោះ​។

Loading...

គេបានឃើញ​ថា បុរស​វ័យ​ចំណាស់​ម្នាក់​ជា​ថៅកែ និង​ជា​ម្ចាស់​ឃ្លាំង​ស្តុក​គីប​ខោអាវ​ជជុះ​ម្នាក់​បាន​ខាតបង់ អស់ទ្រព្យ​សម្បត្តិ​ច្រើន​ជាងគេ ដោយ​គិត​ជា​ទឹកប្រាក់​រហូត​ទៅ​ដល់​ជាង​១​លាន​ដុល្លារ​ឯណោះ​។ ចំណែកឯ ២​គ្រួសារ​ចំនួន​ផ្សេង​ទៀត​ក៏​រង​ការ​បាត់បង់​ផ្ទះសម្បែង និង​ទ្រព្យសម្បត្តិ​អស់ទាំង​ស្រុង​ផង​ដែរ​។ ថ្វីបើ​រង​ការ​ខូចខាត​អស់ទ្រព្យ​សម្បត្តិ​បើ​គិត​ជា​ទឹកប្រាក់​អស់​រហូត​ទៅ​ដល់​ជាង​១​លាន​ដុល្លារ តែ​លោក​នឹង​មិន​ធ្វើការ​ប្តឹងផ្តល់​ទៅ​ដល់​អ្នក​ណា​ម្នាក់​ឡើយ នេះ​បើ​យោង​ទៅ​តាម​ការ​អះអាង​របស់​លោក ឡេ​ង ឆ័​យ​លី ជា​ថៅកែ​ខោអាវ​ជជុះ​ខាងលើ នា​ព្រឹក​ថ្ងៃ​ទី​០៣ ខែកក្កដា ឆ្នាំ​២០១៩ នេះ​។

លោក ឡេ​ង ឆ័​យ​លី អាយុ​៧៧​ឆ្នាំ បាន​ប្រាប់​រៀបរាប់​ប្រាប់​ឱ​ដឹង​ថា ក្នុង​ករណី​អគ្គិភ័យ​កាលពី​យប់​ម្សិលមិញ​នេះ បាន​ឆេះ​បំផ្លាញ​អស់​ឃ្លាំង​ធ្វើ​ពី​ដែក​ប្រក់​សង្ក​សី ដែល​មាន​ទំហំ ១០​គុណ​នឹង​១៤​ម៉ែត្រ ចំនួន​មួយ​ខ្នង ដោយ​មាន​ស្តុក​គីប​ខោអាវ​ជជុះ​ជា​ច្រើន​គីប​នៅ​ខាងក្នុង​អស់ទាំង​ស្រុង​។ ហើយ​ភ្លើង​ក៏​បាន​ឆាបឆេះ រាលដាល​មក​ដល់​ផ្ទះ​របស់​គាត់​មួយ​ខ្នង​ទៀត​ដែល​បាន​ទំហំ ១២​គុណ​នឹង​១២​ម៉ែត្រ (៣​ល្វែង​) ដែល​ជា​ផ្ទះ​ស្នាក់​នៅ​របស់​គាត់ ដែល​មា​នទី​តាំងនៅ​តាម​មាត់​ប្រឡាយ​ធ្វើ​ឲ្យ​រង​ការ​ខូចខាត អស់ទាំង​ស្រុង រួម​ទាំង​ខោអាវ​ជា​ច្រើន​គីប ដែល​ស្តុក​ទុក​នៅ​ជាន់​ខាងក្រោម​ជា​ច្រើន​គីប​ទៀត​ផង​ដែរ​។

មិនតែប៉ុណ្ណោះ ភ្លើង​ក៏​បាន​ឆេះ​រាលដាល​ទៅ​ដល់​ផ្ទះ​របស់​គាត់​ចំនួន​៤​ល្វែង​ទៀត ដែល​នៅ​ខាង​មុខ​ជាប់​នឹង​ផ្លូវ​លេខ ១៧៣ និង​រង​ការ​ខូចខាត អស់​មួយ​ចំនួន​ធំ​ទៀត​ផង​ដែរ​ទាំង​របស់​ដែល​មិន​អាច​ជញ្ជូន​យក​ចេញ និង​គីប​ខោអាវ​មួយ​ចំនួន​ទៀត​ដែល​បាន​ជញ្ជូន​យក​ចេញ​ទៅ​បាន​នោះ ពោល​គឺ​រង​ការ​ខូចខាត​ដូច​គ្នា ទាំង​គ្មាន​សល់​តែ​ម្តង​។ លោក​ក៏​បាន​ប្រាប់​បន្ត​ទៀត​ថា ក្នុង​ករណី​អគ្គិភ័យ​នេះ​ដែរ បាន​ឆេះ​បំផ្លាញ​អស់ ខោអាវ​របស់​លោក​អស់​ជា​ច្រើន​រាប់រយ​រាប់​ពាន់​គីប​ឯណោះ​។ ចំណែកឯ​ផ្ទះ​ចំនួន​៣​ល្វែង​ជា​ផ្ទះ​របស់ គាត់​រស់នៅ និង​មាន​ស្តុក​ខា​អាវ​ជា​ច្រើន​គីប​នៅ​ខាងក្រោម​ដែរ​នេះ គឺ​រង​ការ​ខូចខាត​ទាំងស្រុង និង មិន​អាច​រស់នៅ​បន្ត​ទៀត​បាន​ឡើយ ដោយ​មាន​តែ​វាយ​កម្ទេច​ចោល និង​សាងសង់​ជា​ថ្មី​ប៉ុណ្ណោះ​។

ចំណែកឯ​ផ្ទះ​របស់​គាត់​ចំនួន​៤​ល្វែង​ទៀត ដែល​នៅ ខាង​មុខ​ក៏​ត្រូវ​បាន​ភ្លើង​ឆេះ​រោល​ខាងក្រោយ ធ្វើ​ឲ្យ​រង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ «​បើ​គិត​ជា​ទឹកប្រាក់​អស់​រហូត​ទៅ​ដល់​ជាង ១​លាន់​ដុល្លារ​ឯណោះ​»​។ ដោយហេតុ​ការណ៍​នេះ​ដែរ គឺ​ឆេះ​ផ្តើម​ឡើង​ពី​ដំបូលផ្ទះ​លេខ​៣៥ ហើយ​ឆេះ​រាលដាល​មក​ដល់​ឃ្លាំង ស្តុក​គីប​ខោអាវ​ជជុះ​របស់​លោក និង​ឆេះ​រាលដាល​ផ្ទះ​ដែល​នៅ​ក្បែរ​ខាង​ជា​បន្តបន្ទាប់​មក​នោះ ថ្វីបើ​លោក​រង​ការ​ខូចខាត អស់ប្រាក់​រាប់​លាន​ដុល្លារ តែ​លោក​នឹង​មិន​ធ្វើការ​ប្តឹងផ្តល់​ទៅ​លើ​អ្នក​ណា ម្នាក់​នោះ​ឡើយ​។ ព្រោះ​ពួក​គាត់​សុទ្ធតែ​ជា​ញាតិ​មិត្ត​ជិតខាង​ធ្លាប់​រស់នៅ​អង្គុយ​ជជែក​គ្នា​លេង​តាំងពី​ឆ្នាំ ២០០០​មក​ម្លេះ​។

ដូច្នេះ​ហើយ​ពួក​គាត់​មិន​ចាំបាច់​ខ្លាចក្រែង ឬ​រត់គេច​ខ្លួន​ទៅ​ណា​ទេ​។ ចំណែកឯ​បញ្ហា​គំនរ​ខោអាវ​ជជុះ​របស់​លោក​ដែល​ត្រូវ​បាន​ភ្លើង​ឆេះ​ទាំង​អស់នេះ​វិញ លោក​នឹង​រក​វិធី ចាត់ចែង​រក​ជួល​ឡាន​គេ​មក​ដឹក និង អេ​ស្កា​វ៉េ​ទ័​រម​ក​ជួយ​កាយ​យក​ចេញ​សម្អាត​ទី​នេះ​ឡើង​វិញ​ផង​ដែរ​។ ដោយ​កាលពី​ពេល​ឆេះ​ភ្លាម​ៗ​កាលពី​ម្សិលមិញ គាត់​បានឃើញ​មាន​កម្លាំង​អាជ្ញាធរ បាន​យក​ឡាន ជា​ច្រើន​គ្រឿង និង​គ្រឿងចក្រ​មក​ជួយ​ឈូស​ឆាយ និង​កាយ​ដឹក​យក​ចេញ​អស់​ជា​ច្រើន​ផង​ដែរ តែ​សម្រាប់​ថ្ងៃនេះ​វិញ​មិនដឹង​ជា​ហេតុ​អី​បានជា​មិន​បានឃើញ​មក ដឹក​យក​ចេញ​ជា​បន្ត​ទៀត​នោះ​។

ស្ត្រី​ឈ្មោះ អ៊ុ​ង ណា​វី អាយុ​៥៤​ឆ្នាំ ជា​ម្ចាស់ផ្ទះ​លេខ​៣៥ ដែល​ផ្តើម​ឆេះ​ដំបូង​បាន​រៀបរាប់​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ រូប​គាត់​នឹង​ប្តី​របស់​គាត់​បាន​បើករថយន្ត​ដឹក​អីវ៉ាន់​យក​ទៅ​ឲ្យ​គេ​នៅ​ឯ​ម្តុំ​ត្រពាំង​ថ្លុ​ង ក្នុង​ខេត្ត​ត្បូងឃ្មុំ​ឯណោះ ដោយ​មាន​តែ​កូនប្រសារ​ស្រី​ចំនួន​២​នាក់ រួម​ទាំង​ចៅ​តូច​ៗ​ចំនួន ៣​នាក់​ទៀត​នៅផ្ទះ​ប៉ុណ្ណោះ ហើយ​ប្តី​ៗ​របស់​ពួក​គេ​ក៏​រវល់​ចេញ ទៅ​រកស៊ី​ខាងក្រៅ​អស់​មិន​នៅផ្ទះ​ដែរ​។ ផ្ទះ​របស់​គាត់​ដែល​ត្រូវ​បាន​ភ្លើង​ឆេះ​អស់នេះ គឺជា​ប្រភេទ​ផ្ទះ​ដែល​ធ្វើ​អំពី​ថ្ម​ខាងក្រោម ឈើ​លើ និង ប្រក់​ហ្វ្រូ​ស៊ីម៉ង់ត៍ ដែល​មាន​ទំហំ ៦​គុណ​នឹង ៦​ម៉ែត្រ ហើយ​ម៉ូតូ​ធំ​របស់​គាត់​ចំនួន​២​គ្រឿង រួម​ទាំង​ទ្រព្យសម្បត្តិ​មួយ​ចំនួន​ទៀត​ឆេះ​អស់​គ្មាន​សល់ និង​សល់​តែ​ខោអាវ​មួយ​សម្រាប់​ជាប់​នឹង ខ្លួន​ប៉ុណ្ណោះ​។

ស្ត្រី​ដដែល​ក៏​បាន​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​លោក ឡេ​ង ឆ័​យ​លី ដែល​ជា​ម្ចាស់ផ្ទះ និង​ជា​ម្ចាស់​ខោអាវ​ខាងលើ ដែល​មិន​បាន​ធ្វើការ​ប្តឹងផ្តល់ រករឿង​ដល់​ក្រុម​គ្រួសារ របស់​គាត់​នោះ​ផង​ដែរ​។ បុរស​ម្នាក់​ឈ្មោះ គង់ រិ​ទ្ធី អាយុ​២៩​ឆ្នាំ ជា​ម្ចាស់ផ្ទះ​លេខ​៣៥(​ស្ទួន​) រង​គ្រោះ​ដែរ​នោះ​បាន​រៀបរាប់​ប្រាប់​ឲ្យ​ដឹង​ថា ផ្ទះ​របស់​គាត់​មួយ​ខ្នង​ដែក​ធ្វើ​អំពី​ថ្ម​ក្រោម ឈើ​លើ​ប្រក់​ស័ង្កសី ដែល​មាន​ទំហំ ៥​គុណ​នឹង​១១​ម៉ែត្រ ត្រូវ​បាន​ភ្លើង​ឆេះ​អស់​រួម​ទាំង​ម៉ូតូ​ចំនួន ៣​គ្រឿង ឧបករណ៍​លក់ ប្រហិត​ចៀន​សម្រាប់​រកស៊ី និង​ទ្រព្យសម្បត្តិ​មួយ​ចំនួន​ទៀត​ក៏​ត្រូវ​បាន​ភ្លើង​ឆេះ​អស់​គ្មាន​សល់​ក្នុង ករណី​អគ្គី​ភ័យ​នេះ​ផង​ដែរ​។

ក្រោម​ដំបូលផ្ទះ​តែ​មួយ​ខាងលើ​តែ​មួយ​នេះ​ដែរ រស់នៅ​ចំនួន​៥​គ្រួសារ និង មាន​សមាជិក​ប្រុស ស្រី​ក្មេង និង​ចាស់ រហូត​ទៅ​ដល់​ចំនួន​១៧​នាក់ តែ​ពេល​នេះ​ផ្ទះ​របស់​គាត់ ក៏​ត្រូវ​បាន​ភ្លើង​ឆេះ​អស់​គ្មាន​សល់ ចំណែក​ពូក​គាត់​ក៏​ខ្វះ​ជម្រក​ស្នាក់​នៅ និង កំពុង​តែ​មានការ​ខ្វះខាត​ចំណីអាហារ​ហូប​ចុក​ផង​ដែរ​។ លោក​ក៏​បាន​ធ្វើការ អំពាវនាវ​សុំ​ទៅ​ដល់​រាជរដ្ឋាភិបាល កាកបាទក្រហម និង​អាជ្ញាធរ មេត្តា​ផ្តល់​ជំនួយ​ជួយ​ដល់ ក្រុម​គ្រួសារ​របស់​ពួក​គាត់​ទាំង​៥ គ្រួសារ​ដែល​រង​គ្រោះ​កំពុង​ខ្វះខាត​នេះ​ផង​ដែរ​។ ពាក់ព័ន្ធ​ទៅ​នឹង​ករណី​អគ្គិភ័យ​នេះ​ដែរ ក្រុម​គ្រួសារ​របស់​លោក​ក៏​មិន បាន​ធ្វើ​ប្តឹងផ្តល់​ទៅ​ដល់ ក្រុម​គ្រួសារ​ខាង​ផ្ទះ​បង្ក​ឡើយ ដោយ​ពួក​គាត់​សុទ្ធតែ​ជា​អ្នក​រស់នៅ​ក្បែរ​ខាង និង​រាប់អាន​គ្នា​ជា​យូរ មក​ហើយ​នោះ​ដែរ​។

គួរ​បញ្ជាក់​ថា ករណី​អគ្គិភ័យ​នេះ​ដែរ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១ និង ២៥​នាទី​យប់ ថ្ងៃ​ទី​០១ ខែកក្កដា ឆ្នាំ​២០១៩ ដោយ​ដំបូង​គេ​បានឃើញ​ភ្លើង​ឆេះ​ចេញពី​ដំបូលផ្ទះ​លេខ ៣៥ ដែល​មាន​ម្ចាស់​ឈ្មោះ អ៊ុ​ង នារី ភេទ​ស្រី អាយុ​៥៤​ឆ្នាំ មុខរបរ​រត់​ឡាន​ដឹក​ទំនិញ ហើយ​បាន​ឆាបឆេះ រាលដាល​ទៅ​ដល់​ផ្ទះ និង​ឃ្លាំង​ស្តុក​គីប​ខោអាវ​ជជុះ​មួយ​កន្លែង​នៅ​ក្បែរ សាលា​ភាសា​ចិន ទួន​ហ្វា ក្នុង​សង្កាត់​អូ​ឡាំ​ពិ​ក ខណ្ឌ​បឹង​កេងកង និង​អស់​រយៈពេល​ជាង​១៣​ម៉ោង រហូត​ដល់​រសៀល​ថ្ងៃ​ទី​០២ ខែ កក្កដា ឆ្នាំ​២០១៩ ទើប​កម្លាំង​មាន​សម្ថ​កិច្ច​ធ្វើការ​ពន្លត់​បាន​ទាំ​ស្រុង​នោះ​។

ក្នុង​ហេតុការណ៍​នេះ​ដែរ គេ​បានឃើញ​មាន​កម្លាំង​មាន​សម្ថ​កិច្ច​ជា​ច្រើន​នាក់ រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​ជាង ៤០​គ្រឿង ដោយ​ធ្វើការ​បាញ់​ទឹក​ពន្លត់​អស់​ទឹក​រហូត​ទៅ ដល់​ជាង​២៥០​ឡាន និង​មាន​គ្រឿងចក្រ​ចំនួន ៣​គ្រឿង​មក​ជួយ​ឈូស​ឆាយ និង​កាយ​យ​កម្ទេច​ខោអាវ​ជជុះ​ដែល​ឆេះ​ចេញ​ផង​ដែរ​។ តែ​នៅ​ក្នុង​ថ្ងៃ​ទី​០៣ ខែកក្កដា ឆ្នាំ​២០១៩​នេះ គេ​មិន​បានឃើញ​មាន​សកម្មភាព​កម្លាំង​មាន​សម្ថ​កិច្ច​ណា​ចុះ មក​ធ្វើការ​ត្រួតពិនិត្យ ឬ​មក​ធ្វើការ​ដឹក​កម្ទេច​ខោអាវ​ជជុះ​យក​ចេញ​ឡើយ ដោយ​មាន​តែ​ក្រុម ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​នៅ​ជួបជុំ​គ្នា និង​យាយ​ដោះស្រាយ​តែ​គ្នា​ឯង​ប៉ុណ្ណោះ​៕ ដោយ ៖ ភី ផល