ទំនាស់​អ្នក​ជិតខាង​ចាក់សាប​ខ្ពស់​ទាប និង​ទឹក​ដក់​មុខ​ផ្ទះ​ផ្អើល​អាជ្ញាធរ

101

រាជធានី​ភ្នំពេញ ៖ អ្នក​ជិតខាង​២​គ្រួសារ បាន​រស់នៅ​មិន​ចុះសម្រុង និង​មិន​ចេះ​យោគយល់​គ្នា ដោយសារ​តែ​ចាក់សាប​មុខ​ផ្ទះ​ទាប​ខ្ពស់ និង​ទឹក​ដក់​មុខ​ផ្ទះ អ្នកលក់​រថយន្ត​ក៏​បាន​ប្តឹង​អាជ្ញាធរ ឲ្យ​ចុះ​ទៅ​អន្តរាគមន៍​ណែនាំ​ឲ្យ​អ្នកលក់​គ្រឿង​សង្ហា​រឹម​វាយ​ចេញ​ចាក់សាប​ឲ្យ​ស្នើ​គ្នា​។ ហេតុការណ៍​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៣ និង​៤០​នាទី​រសៀល ថ្ងៃ​ទី​០៤ ខែកក្កដា ឆ្នាំ ២០១៩ នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​២០០៤ ភូមិ​ត្រពាំង​ឈូក សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ​។

Loading...

អ្វី​ដែល​ចាប់អារម្មណ៍​អ្នក​ជិតខាង​ទាំង​២​គ្រួសារ​មាន​ដី​២​ឡូត៍​ម្នាក់ ហើយ​មានការ​ចាក់សាប​ខ្ពស់​ទាប ជាង​គ្នា ត្រូវ​បាន​អាជ្ញាធរ​ណែនាំ​ឲ្យ​វាយ​ចោល​ដើម្បី​សម្រួល​ឲ្យ​ទឹក​ហូរ​។ តាម​លោក ហោ វាសនា អភិបាលរង​ខណ្ឌ​សែន​សុខ បាន​ឲ្យ​ដឹង​ថា ការ​ទាស់ទែង​ឈាន​ទៅ​ប្តឹង​អាជ្ញាធរ ដោយសារ​តែ​អ្នក​ជិតខាង ទាំង​២​នាក់​រស់នៅ​មិន​ចេះ​យោគយល់​គ្នា​។ ដោយសារ​តែ​មុខ​ផ្ទះ​របស់​ខ្លួន​ទាប​ហើយ ឃើញ​គេ​ចាក់សាប ខ្ពស់ អ្នកលក់​រថយន្ត​ក៏​បាន​ប្តឹង​ទៅ​អាជ្ញាធរ ដើម្បី​ជួយ​អន្តរាគមន៍ ឲ្យ​អ្នក​ជិតខាង​លក់​គ្រឿង​សង្ហា​រឹម វាយ​សាប​មុខ​ផ្ទះ​ឲ្យ​ស្នើ​ខ្លួន​។

នៅ​រសៀល​នោះ លោក​អភិបាលរង ក៏​បាន​ហៅ​ភាគី​ទាំង​២ មក​ជួប និង​ធ្វើការ​សម្របសម្រួល​គ្នា​។ ទន្ទឹម​នោះ លោក​អភិបាលរង​ក៏​បាន​ណែនាំ ដល់​អ្នក​ទាំង​២​នាក់ ដែល​មាន​ដី​២​ឡូត៍​ម្នាក់ ដោយ​ឲ្យ​កាត់​ប្រវែង​កន្លះ​ម៉ែត្រ​ស្រប​ផ្លូវ​វាយ​ធ្វើ​ជា​ចង្អូរ​ឲ្យ​ស្នើ​គ្នា ដើម្បី​ឲ្យ​ហូរ​ចូល​រ៉េ​ហ្គែ​ល​មិន​ឲ្យ​មានទឹក​ដក់​។ តាម​អាជ្ញាធរ​ក៏​បាន​បង្ហើប​ឲ្យ​ដឹង​ថា ស្ថានភាព​ទឹក​ដក់ ដោយសារ​តែ​អ្នកលក់​រថយន្ត​មិន​បាន​ចាក់សាប​ធ្វើ​ជា​ចង្អូ​ឲ្យ​ស្នើ​ផ្ទះ​អ្នក​ជិតខាង​នោះ​បានជា​ទឹក​ដក់​ហើយ​ក៏​ប្តឹង​ទើប​អាជ្ញាធរ​។

ដោយឡែក​ទៀត ចំពោះ​សាប​មុខ​ផ្ទះ​អ្នកលក់​រថយន្ត​ទាប​ជាង​អ្នកលក់​គ្រឿង​សង្ហា​រឹម ក៏​បាន​ប្តឹង​ឲ្យ​អាជ្ញាធរ​ជួយ​អន្តរាគមន៍ វាយ​ចោល​ដោយ​ចាក់​ឲ្យ​ស្នើ​។ ខណៈនោះ​អ្នកលក់​គ្រឿង​សង្ហា​រឹម ក៏​បាន​សំណូមពរ​ឲ្យ​វាយ​សាប​មុខ​ផ្ទះ​មួយទៀត​របស់​អ្នកលក់​រថយន្ត​ដែរ​។ ទោះបីជា​យ៉ាងណា​លោក ហោ វាសនា អភិបាលរង​ក៏​បាន​ណែនាំ​ឲ្យ​អ្នកលក់​គ្រឿង​សង្ហា​រឹម​វាយ​មុខ​ផ្ទះ​ឲ្យ​ប្រហាក់ប្រហែល​គ្នា រវាង​មុខ​ផ្ទះ​ទាំង​៤​នោះ​។ បើ​រស់នៅ​មិន​ចេះ​យោគយល់​គ្នា មាន​តែ​វាយ​ចោល​ទាំងអស់​គ្នា​៕ ដោយ ៖ ម៉េ​ង ធា