ក្រោយ​ពី​ទី​អារាម​ស្ងាត់ជ្រងំ លោក​មេឃុំ​ចុះ​ដោះស្រាយ​អធិករណ៍​ក្នុង​វត្ត

62

ខេត្តឧត្តរមានជ័យ ៖ វត្ត​សុវណ្ណ​គី​រី​ស្វាយ​ជ្រុំ ហៅ​វត្ត​អូរ​ស្វាយ បាន​ចាប់ផ្តើម​កសាង​នៅ​លើ​ផ្ទៃដី ៤​ហិ​កតា កាលពី​អំឡុង​ឆ្នាំ​២០០៥ ស្ថិត​នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា ថៃ​ក្នុងភូមិ​អូរ​ស្វាយ ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំង​ប្រសាទ ខេត្តឧត្តរមានជ័យ ត្រូវ​បាន​ពុទ្ធបរិស័ទ​នាំ​គ្នា​រិះគន់​ព្រះ​ចៅអធិការ​សោម សុវណ្ណ ហេង សាងសង់​បង្គន់​អនាម័យ​ជាប់​នឹង​ឃឿ​នប​ល្ល័​ង្គ​ព្រះ និង​ឃុ​ត​ឃិ​ត​គ្នា​ឱ្យ​លោក​អនុ​ភូមិ​កាន់​បច្ច័យ​វត្ត គ្មាន​ការ​កសាង​ឱ្យ​ទី​អារាម​បាន​រីក​ចម្រើន​។

Loading...

ទី​អារាម​នេះ​តែងតែ​កើត​មានរឿង​អធិករណ៍​ដ៏​រ៉ាំរ៉ៃ​ជា​ប្រចាំ ដោយ​គ្មាន​ទី​បញ្ចប់​រហូត​ឈាន​ដល់​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត​រួម​ទាំង​ប្រជាពលរដ្ឋ​ទី​ជិត​ទី​ឆ្ងាយ​បាត់បង់​ជំនឿ​មិន​ចូល​គោរព​បូជា ធ្វើ​ឲ្យ​ទី​អារាម​មួយ​នេះ​ស្ងាត់ជ្រងំ​ដូច​ចោ​លួច​សេះ​។ នៅ​ព្រឹក​ថ្ងៃ​ទី​៥ កក្កដា ២០១៩ លោក កេ​ត សឿង មេឃុំ​អូរ​ស្វាយ​បាន​កោះ​អញ្ជើញ​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត លោកតា​អាចារ្យ អាជ្ញាធរ​ចូលរួម​ធ្វើការ​ដោះស្រាយ​រឿង​អធិករណ៍​នៅ​ក្នុង​បរិវេណ​ទី​អារាម​។

ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត រួម​ទាំង​លោកតា​អាចារ្យ គណៈកម្មការ​វត្ត​បានឱ្យ​ដឹង​ថា ទី​អារាម​មួយ​នេះ​បាន​កសាង​កាលពី​អំឡុង ឆ្នាំ​២០០៥ តែងតែ​កើត​មាន​អធិករណ៍​រហូត​មក​ទល់​ពេល​នេះ​មិន​ស្រុះស្រួល ដោយសារ​តែ​ពី​រឿង បច្ច័យ​វត្ត​ត្រូវ​បាន​លោក​អនុ​ភូមិ​អូរ​ស្វាយ​យក​ទៅ​គ្រប់គ្រង​ហើយ​ក្នុង​ការ​ចំណូល និង​ចំណាយ​នោះ ក្រុម​គណៈកម្មការ​អាចារ្យ​មិន​បានដឹង​ឮ​។

ខណៈ​នេះ​ទើប​ពុទ្ធបរិស័ទ​មិន​សប្បាយចិត្ត និង​មិន​ចូល​ទៅ​គោរព​បូជា​នៅ​ក្នុង​រដូវ​បុណ្យ​ទាន​ម្តង​ៗ សូ​ម្បី​ប្រជាពលរដ្ឋ​មក​ពី​ទី​ជិត​ទី​ឆ្ងាយ​ក៏​មិន​ចូល គោរព​បូជា​ផង​ដែរ​។ ខណៈ​នេះ​ពុទ្ធបរិស័ទ​សំណូមពរ​ឲ្យ​ព្រះ​ចៅអធិការ​វាយ​បង្គន់​ចោល ហើយ​បច្ច័យ​ដែល​ទុក​កសាង​ទី​អារាម​ត្រូវ​យក​ទៅ​ដាក់​នៅ​ក្នុង​ធានា​គា​ដែល​មាន​សុវត្ថិភាព​។

លោក កេ​ត សឿង មេឃុំ​អូរ​ស្វាយ​ក្រោយ​ពី​បាន​ស្តាប់​ពុទ្ធបរិស័ទ​លើក​ឡើង លោក​បាន​ធ្វើការ​សម្របសម្រួល​គ្នា​ដើម្បី​ឱ្យ​ទី​អារាម​មួយ​នេះ​ដែល​បាន​បាត់បង់​ពុទ្ធបរិស័ទ និង​បាត់បង់​ទៅ​លើ​ជំនឿ​នោះ លោក​បាន​ទទួលយក​ពី​សំណូមពរ​របស់​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត រួម​ទាំង​លោកតា​អាចារ្យ​ក្រុម​គណៈកម្មការ​វត្ត​ដើម្បី​បញ្ចប់រឿង​អធិករណ៍​នៅ​ក្នុង​ទី​អារាម​មួយ​នេះ​៕ ដោយ ៖ ឱម សា​រឿ​ន