ទីបំផុត​សម្រេច​រឹបអូស​សម្ភារ​សំណង់​ឃ្លាំង​ជនជាតិ​ចិន ក្រោយ​ហាម​ច្រើន​លើក​មិន​ស្ដាប់

268

រាជធានី​ភ្នំពេញ ៖ កម្លាំង​អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​សហ​ការណ៍​ជាមួយ​កម្លាំង​អាជ្ញាធរ​សង្កាត់ ចោម​ចៅ​ទី​៣ បាន​ចុះ​ទៅ​ធ្វើការ​រឹបអូស​យក​សម្ភារ​សំណង់​មួយ​ចំនួន​ធំ​របស់​ជនជាតិ​ចិន ដែល​បាន​សាងសង់​ឃ្លាំង​ដ៏​ធំ​មួយ​កន្លែង​ហើយ​ប្រើ​ដែក​សុទ្ធ ជា​ពិសេស​ប្រើ​ដែក​ស្ដើង​ៗ ជា​សំណង់​គ្មាន​គុណភាព និង​គ្មាន​ច្បាប់​អនុញ្ញាត​។ ដែល​ធ្វើ​ឲ្យ​មានការ​ព្រួយបារម្ភ ចំពោះ​ហានិភ័យ ទៅ​ថ្ងៃក្រោយ ហើយ​សំណង់​មួយ​នេះ​ត្រូវ​បាន​អាជ្ញាធរ​សង្កាត់​ចុះ​ទៅ​ហាមឃាត់​កាលពី​៥​ថ្ងៃមុន ម្ដង និង​លើក​ក្រោយ​ៗ៤​ដង​ទៀត​។

Loading...

ប៉ុន្តែ​ជនជាតិ​ចិន​ខាងលើ​មិន​ព្រម​ស្ដាប់​ទើប​លើក​ចុង​ក្រោយ​នេះ អាជ្ញាធរ​បាន​សម្រេច​ចុះ​ទៅ​រឹបអូស​យក​សម្ភារ​សំណង់​បែប​នេះ​តែ​ម្ដង ហើយ​បើ​ពេល​ក្រោយ នៅ​តែ​រឹងទទឹង​ទៀត​នោះ​នឹង​ត្រូវ​នាំ​ខ្លួន​ម្ចាស់​ទៅ​ចាត់ការ​តាម​ច្បាប់​តែ​ម្ដង​។ ប្រតិបត្តិការ​នោះ​បាន​ធ្វើ​ឡើង កាលពី​វេលា​ម៉ោង​៣ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០១៩ ហើយ​សំណង់​អត់​ច្បាប់ មួយ​កន្លែង​នេះ​មាន​ទីតាំង​ស្ថិត​នៅ​តាម​ផ្លូវលំ ក្នុងភូមិ​ព្រៃ​ជី​សាក់ សង្កាត់ ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

អាជ្ញាធរ​បាន​និយាយ​ថា សំណង់​ឃ្លាំង​ដ៏​ធំ​មួយ​នេះ​ទាំង​សសរ និង​ទាំង​គ្រោងឆ្អឹង បាន​ប្រើ​ដែក​សុទ្ធសាធ មាន​ទំហំ​១,៦០០​ម៉ែត្រការ៉េ ដោយ​កាតរ​ដាំសសរ​ពុំ​មានការ​បុក​គ្រឹះ​ត្រឹមត្រូវ​ឡើយ គឺ​យក​សសរ​ដែក​ដាំ​បន្ទើត​នៅ​លើ​សាប​បេតុង​ដែល​មាន​សភាព​ប្រះ​ស្រាំ​ថែម​ទៀត​ផង​។ ម្យ៉ាងទៀត ប្រើប្រាស់​ដែក​ស្ដើង​ៗ​ក្នុង​ការ​សាងសង់​ស្តើង​ៗ ហើយ​ក៏​រៀប​ជញ្ជាំង​ឥដ្ឋ​ជាប់ ជាមួយ​សសរ​ដែក ដែល​គ្មាន​បទដ្ឋាន​បច្ចេកទេស និង​មិន​មាន​ភាពរឹងមាំ​នោះ​ឡើយ​។ ជា​ហេតុ​ធ្វើ​ឲ្យ​មានការ​ព្រួយបារម្ភ ខ្លាច​ដួលរ​លំនៅ​ពេល​មាន​ខ្យល់​កន្ត្រាក់ ឬ​អព្ភូតហេតុ​គ្រោះ​ធម្មជាតិ​អ្វីមួយ​កើតឡើង​។

ប្រភព​ដដែល បាន​បន្ត​ទៀត​ថា ការ​សាងសង់​មិន​ត្រឹមតែ​គ្មាន​គុណភាព គ្មាន​បច្ចេកទេស​ប៉ុណ្ណោះ​ទេ ថែម​ទាំង​គ្មាន​ច្បាប់​អនុញ្ញាត​ឡើយ ហើយ​បន្ទាប់​ពី​ទទួល​បាន​ដំណឹង​នោះ​ភ្លាម​កម្លាំង​អាជ្ញាធរ សង្កាត់​ចោម​ចៅ​៣ ដឹកនាំ​ដោយ​លោក​ចៅសង្កាត់ វ៉ា សា​វឿ​ន បាន​ចុះ​ទៅ​ធ្វើការ​ហាមឃាត់​ឲ្យ​ផ្អាក ជា​បណ្ដោះអាសន្ន​រង់ចាំ​ការ​សម្រេច​ពី​ថ្នាក់លើ​ជា​ក្រោយ​។ ប៉ុន្តែ​ក្រោយមក​ជនជាតិ​ចិន​ដែល​ជា​ម្ចាស់ សំណង់ ខាងលើ​មិន​បាន​ស្ដាប់​តាម​ឡើយ​ហើយ​នៅ​តែ​លួច​សាងសង់​ជា​បន្តបន្ទាប់ ចំណែក​កម្លាំង​ក៏ បាន​ចុះ​ទៅ​ហាមឃាត់​៤​ដង​បន្ថែម​ទៀត​ផង​ដែរ​ប៉ុន្តែ​នៅ​តែ​មិន​ស្ដាប់​។

ទើប​នៅ​ថ្ងៃ​ទី​១០ ខែកក្កដា កម្លាំង​អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ សហ​ការណ៍​ជាមួយ​កម្លាំង​អាជ្ញាធរ​សង្កាត់​ចោម​ចៅ​ទី​៣ បាន​ចុះ​ទៅ​ធ្វើការ​រឹបអូស​យក​សម្ភារ​សំណង់​មួយ​ចំនួន​ធំ និង​ផ្អាក​បន្ត​ទៀត ដើម្បី​ទប់ស្កាត់​គ្រោះថ្នាក់ ទៅ​ថ្ងៃក្រោយ ហើយ​បើ​លើក​ក្រោយ​នៅ​តែ​រឹងទទឹង​ទៀត​នោះ​នឹង​ត្រូវ​ឃាត់ខ្លួន​ម្ចាស់ នាំ​យក​ទៅ​ចាត់ការ​តាម​ច្បាប់​តែ​ម្ដង​៕ ដោយ ៖ យន់ ស៊ី​ថា