មនុស្ស​២​នាក់​ចងក​សម្លាប់​ខ្លួន​នៅ​២​ទីតាំង​ផ្សេង​គ្នា ក្នុង​ក្រុង​សៀមរាប

68

ខេត្តសៀមរាប ៖ បើ​តាម​សម្តីរ​របស់​សមត្ថកិច្ច​បាន​ប្រាប់​នៅ​ល្ងាច​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០១៩​នេះ​ថា មាន​ករណី​ចងក សម្លាប់​ខ្លួន​ចំនួន​២​នាក់​ក្នុង​ថ្ងៃ​តែ​មួយ​នោះ​មាន ប្រុស​ម្នាក់ និង​ស្រី​ម្នាក់ នៅ​២​ទីតាំង​ផ្សេង​គ្នា​ក្នុង សង្កាត់​ស្វាយ​ដង្គំ និង​សង្កាត់​ជ្រាវ ក្រុង​/​ខេត្តសៀមរាប បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ក្រុង​សៀមរាប​។ ហេតុការណ៍​ភ្ញាក់ផ្អើល​នោះ​បាន​កើតឡើង​នៅ​២​ទីតាំង​ផ្សេង​គ្នា​គឺ ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០១៩ ស្ថិត​នៅ​ចំណុច​ភូមិ​វាល សង្កាត់​ជ្រាវ និង ស្ថិត​នៅ​ក្នុងផ្ទះ​ទុក​ចោល​ក្រោយ​សកល​វិទ្យាល័យ បៀ​ល​ប្រាយ ក្នុង​ក្រុម​ទី​២ ភូមិ​វិហារ​ចិន សង្កាត់​ស្វាយ​ដង្គំ ក្រុង​/ ខេត្តសៀមរាប​។

Loading...

តាម​ប្រភព​ពី​សមត្ថកិច្ច​មូលដ្ឋាន បាន​ប្រាប់​ថា ករណី​អត្តឃាត​(​ចងក​) សម្លាប់​ខ្លួន​នៅ​២​ទីតាំង​ផ្សេង​គ្នា​នោះ​មាន សាកសព​ទី​១/​ឈ្មោះ ហឿ​ន សាវ​ន់ ភេទ​ស្រី អាយុ​៥០​ឆ្នាំ មានស្រុក​កំណើត​ភូមិ ត្រពាំង​សេះ ឃុំ​នគរធំ ស្រុក​សៀមរាប ខេត្តសៀមរាប​។ ទី​លំ​បច្ចុប្បន្ន​ភូមិ​វាល សង្កាត់​ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប បាន​ចងក នៅ​ក្នុង​បន្ទប់ទឹក បាន​ចង​នឹង​អាវ​ពណ៌​ខ្មៅ ចង​នឹង​ប្រហោង​ឥដ្ឋ ដែល​មាន​កម្ពស់​ប្រហែល ១.៣០​ម៉ែត្រ​។ មូលហេតុ មាន​ជំងឺ​ប្រចាំ​កាយ ។ និង​សាកសព​ទី​២/​ឈ្មោះ កាយ គឿ​យ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ក្រុម​ទី​២ ភូមិ​វិហារ​ចិន សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ខេត្ត សៀមរាប ដែល​មានឈ្មោះ ម៉ៅ សា​អែម ភេទ​ស្រី អាយុ​៣៩​ឆ្នាំ (​ជា​ប្រពន្ធ​)​។

មូលហេតុ​ញៀន​ស្រា ហើយ​រករឿង​ប្រពន្ធ​កូន​ជា​ប្រចាំ​។ ក្រោយ​ពី​បានឃើញ​ប្តី ចងក​សម្លាប់​ខ្លួន​ភ្លាម ក៏​រត់​មក​រាយការណ៍​សមត្ថកិច្ច​ថា​ប្តី​របស់​គាត់​ឈ្មោះ កាយ គឿ​យ អាយុ​៣៤​ឆ្នាំ បាន​ចងករ​ស្លាប់​ដោយ​ខ្លួនឯង បន្ទាប់​មក​សមត្ថកិច្ច​ចុះ​មក​ដល់​ឃើញ​ថា ពិតជា​បាន​ចងក​ស្លាប់​ដោយ ខ្លួនឯង​ពិតមែន​។ គួរ​បញ្ជាក់​ផង​ដែរ​ថា សព​បុរស​នេះ​ញៀន​ស្រា ហើយ​ប៉ុង​ប៉ង​ចងក និង​លេបថ្នាំ​កណ្តុរ ជា​ច្រើន​ដង​មក​ហើយ ប៉ុន្តែ​បាន​បងប្អូន សាច់ញាតិ និង​អ្នក​ជិតខាង​ជួយ​ទាន់​។

បើ​តាម​ការ​ពិនិត្យ របស់​សមត្ថកិច្ច​ជំនាញ បាន​សន្និដ្ឋាន​ថា សាកសព ប្រុស ស្រី ទាំង​២​នាក់ នៅ​ទីតាំង​២​ផ្សេង​គ្នា ក្នុង​ក្រុង​សៀមរាប​នោះ ពិតជា​ពុំ​ឃើញ​មាន​ស្នាក​ស្នាម​អ្វី​ពាក់ព័ន្ធ នឹង​បទល្មើស​ព្រហ្មទណ្ឌ​ឡើយ គឺ​ពួក​គាត់​ពិតជា​បាន​ចងក​សម្លាប់​ខ្លួនឯង​ពិតប្រាកដ​មែន​។ បច្ចុប្បន្ន​សាកសព ជន​រង​គ្រោះ ប្រុស ស្រី ដែល​បាន​ចងករ​សម្លាប់​ខ្លួន​នៅ​ទីតាំង​២​ផ្សេង​គ្នា ក្នុង​ក្រុង​សៀមរាប​នោះ ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ រៀបចំ​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​រួចរាល់​អស់ហើយ នៅ​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០១៩​នេះ​៕ ដោយ ៖ ច័ន្ទ រស្មី