នៅ​កម្ពុជា​មាន​ជំងឺមហារីក​ឈាម​កុមារ ប្រមាណ​៧៥០​ករណី​ក្នុង​មួយ​ឆ្នាំ

30

រាជធានី​ភ្នំពេញ ៖ សាស្ត្រាចារ្យ គង់ សត្យា អគ្គនាយករង​មន្ទីរពេទ្យ​កាល់​ម៉ែ​ត បាន​ថ្លែង​ថា ជំងឺមហារីក​កុមារ មាន​ច្រើន​ប្រភេទ ហើយ​ភាគច្រើន​ជា​ជំងឺមហារីក​ឈាម និង​បន្ទាប់​មក​គឺ​ជំងឺមហារីក​ខួរក្បាល ដោយ​ក្នុង​មួយ​ឆ្នាំ​ៗ នៅ​កម្ពុជា​មាន​ប្រមាណ ៧៥០​ករណី​ថ្មី​។ លោក​សាស្ត្រាចារ្យ អគ្គនាយករង​មន្ទីរពេទ្យ​កាល់​ម៉ែ​ត បាន​ថ្លែង​បែប​នេះ ក្នុង​ឱកាស​បើក​សិក្ខាសាលា វគ្គ​បណ្តុះបណ្តាល​ស្តី​អំពី «​ការ​ថែទាំ​កុមារ​កើត​ជំងឺមហារីក​» នា​ព្រឹក​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០១៩ នៅ​សាល​ប្រជុំ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ដោយ​បាន​សហការ​ជាមួយ​ប្រតិភូ​ជាតិ និង​អន្តរជាតិ មក​ពី​សហរដ្ឋអាមេរិក ប្រទេស​ជប៉ុន ហ្វី​លី​ពី​ន និង​វៀតណាម ដែល​បាន​ចំណាយ​ពេលវេលា​ដ៏​មាន​តម្លៃ និង​ការ​ខិតខំ​ប្រឹងប្រែង​ដើម្បី​ជួយ​គាំទ្រ និង​បង្ហាត់បង្ហាញ​អំពី​«​ការ​ថែទាំ​កុមារ​កើត​ជំងឺមហារីក​»​។

Loading...

លោក​បាន​ថ្លែង​ទៀត​ថា ម​នី្ទ​រ​ពេទ្យ​កាល់​ម៉ែ​ត បាន​បើក​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ មជ្ឈមណ្ឌល​ជាតិ​ជំងឺមហារីក ជាមួយ​ផ្នែក​ជំងឺមហារីក​កុមារ នៅ​ក្នុង​ប្រទេស​កម្ពុជា នៅ​ដើមឆ្នាំ​២០១៨ គឺជា​ការ​រីក​ចម្រើន​មួយ​ផ្នែក​ទៀត លើ​វិស័យ​សុខាភិបាល​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ វគ្គ​បណ្តុះបណ្តាល​នេះ នឹង​ផ្តល់​នូវ​ការ​ថែទាំ​ព្យាបាល​ល្អ បំផុត​សម្រាប់​អ្នកជំងឺ​ដែល​នាំ​ឱ្យ​មាន​ភាព​ប្រសើរ​ជាង​មុន​នូវ​គុណភាព​ជីវិត ហើយ​ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ កាត់​បន្ថយ​ការ​ចំណាយ​របស់​អ្នកជំងឺ​។ ដោយសារ​មូលហេតុ​ទាំងនេះ បាន​ជំរុញ​ឲ្យ​ថ្នាក់ដឹកនាំ​មន្ទីរពេទ្យ ដើម្បី​គាំទ្រ​ការ​អភិវឌ្ឍ​កម្មវិធី​នេះ ក៏​ដូច​ជា​សិក្ខាសាលា​នៅ​ថ្ងៃនេះ​។

ក្នុង​នាម​ជា​ថ្នាក់ដឹកនាំ​មន្ទីរពេទ្យ លោក​សូម​គាំទ្រ​យ៉ាង​ពេញទំហឹង​ដល់​វគ្គ​បណ្តុះបណ្តាល​ការ​នេះ​នឹង​បន្ត​ធ្វើការ និង​សហការ​គ្នា​យ៉ាង​ជិត​ស្និទ្ធ លើ​កិច្ចការ​ដ៏​សំខាន់​នេះ​សម្រាប់​ប្រទេស​។ ក្នុង​ឱកាស​នោះ​ដែរ កញ្ញា Julie Ritter អ្នកចាត់ការ​ទូទៅ​ផ្នែក​ប្រព័ន្ធ សុខាភិបាល និង​កម្មវិធី​ក្នុង​តំបន់​ប៉ា​ស៊ី​ហ្វិ​ក​នៃ​មន្ទីរពេទ្យ St. Jude Children’s Hospital សហរដ្ឋអាមេរិក បាន​លើក​ឡើង​ថា ក្នុង​ស្មារតី​នៃ​កិច្ចសហការ​នេះ កញ្ញា​មាន​សេចក្តី​រីករាយ ដែល​មាន​វត្ត​មាននៅ​ថ្ងៃនេះ ជាមួយ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត មជ្ឈមណ្ឌល​មហារីក មជ្ឈមណ្ឌល​ជំងឺមហារីក​កុមារ រួម​ជាមួយ​គិលានុបដ្ឋាយិកា មក​ពី​ប្រទេស​វៀតណាម គ្រូពេទ្យ និង​គិលានុបដ្ឋាយិកា ពី​ហ្វី​លី​ពី​ន និង​ជា​ស្ថាបនិក​នៃ​សម្ព័ន្ធ​ថែទាំ​កុមារ​អាស៊ី សម្រាប់​ការ​ឈាន​ដល់​ចំណុច​ខ្ពស់​បំផុត​។

គិលានុបដ្ឋាយិកា មាន​តួនាទី​សំខាន់ ក្នុង​ការ​ថែទាំ​សុខភាព និង​ជា​សមាជិក​សំខាន់ នៃ​ក្រុម​ពហុ​វិន័យ ដែល​ត្រូវការ​សម្រាប់​ការ​ថែទាំ​ល្អ​បំផុត និង​ការ​ព្យាបាល​កុមារ និង​មនុស្ស​ពេញវ័យ​ដែល​មាន​ជំងឺមហារីក​៕ ដោយ ៖ ទុ​យ ប៊ុ​ន​រី