រថយន្ត​ចំនួន​៥​គ្រឿង​បើក​បុក​បន្តកន្ទុយ​គ្នា បណ្ដាល​ឲ្យ​រង​ការ​ខូចខាត

146

រាជធានី​ភ្នំពេញ ៖ ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរ​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​ល្ងាច ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០១៩ នៅ​លើក​កំណាត់​ផ្លូវជាតិ​លេខ​៤ ជិត​រង្វង់​មូល​ថ្នល់បំបែក​ចោម​ចៅ ស្ថិត​នៅ​ក្នុងភូមិ ថ្នល់បំបែក សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ រវាង​រថយន្ត និង​រថយន្ត​ចំនួន ៥​គ្រឿង បាន​បើកបរ​ក្នុង​ទិស​ដៅ​ស្របគ្នា​ស្រាប់តែ​ជ្រុល​ទៅ​បុក​បន្តកន្ទុយ​គ្នា បណ្ដាល​ឲ្យ​រង​ការ​ខូចខាត ធ្ងន់ធ្ងរ​ចំនួន​២​គ្រឿង និង​៣​គ្រឿង​ទៀត​រង​ការ​ខូចខាត​មធ្យម ប៉ុន្តែ​មិន​បង្ក​ឲ្យ​មនុស្ស​រង​របួស​ឡើយ​។

Loading...

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា រថយន្ត​ទាំង​៥​គ្រឿង​នោះ​រួម​មាន​៖ ១-​ម៉ាក​ហ៊ី​ណូ​ពណ៌​ឈាម​ជ្រូក ពាក់​ស្លាក​លេខ ភ្នំពេញ 3A-5649​។ ២-​ម៉ាក​ព្រូស​ពណ៌​ស រង​ការ​ខូចខាត​ខ្ទេច​ទាំង​មុខ​ទាំង​ក្រោយ ៣-​ម៉ាក​ហ្វ័​រ​ធុន​ន័​រ ពណ៌​ស ស៊េរី​ឆ្នាំ​២០១៨ ពាក់​ស្លាក​លេខ ភ្នំពេញ 2AN-7872​។ ៤-​ម៉ាក ហ៊ី​យ៉ា​ន់​ដាយ ទ្រុង​ពណ៌​លឿង ពាក់​ស្លាក​លេខ ភ្នំពេញ 3E-0381​។ ៥-​ម៉ាក​ហ៊ី​យ៉ា​ន​ដាយ​ទ្រុង​ដឹក​ទំនិញ ពណ៌​ស ពាក់​ស្លាក​លេខ តាកែវ 3A-1907​។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា នៅ​មុន​ពេល​កើតហេតុ​រថយន្ត ទាំង​៥​គ្រឿង​នោះ​បាន​បើកបរ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ស្រប​ទិស​គ្នា លុះ​ពេល​ទៅ​ដល់ ត្រង់​ចំណុច​កើតហេតុ​ខាងលើ ស្រាប់តែ​រថយន្ត​ខាងក្រោយ​គេ​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​សបាន​បើក បុក​រុញ​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​លឿង ដែល​កំពុង​បើក​ខាង​មុខ​។ បណ្ដាល​ឲ្យ​ជ្រុល​ទៅ​បុក​រុញ ត​ៗ​គ្នា​ទាំង​៥​គ្រឿង​តែ​ម្ដង ហើយ​រថយន្ត​ម៉ាក​តូ​យ៉ូ​តា​ព្រូស​ត្បុល​ចូល​ក្រោម​រថយន្ត កុងតឺន័រ​ខ្ទេច​ទាំង​មុខ ទាំង​ក្រោយ រីឯ​រថយន្ត​ម៉ាក​ហ្វ័​រ​ធុន​ន័​រ​ខ្ទេច​ទាំង​មុខក្រោយ​ដូច​គ្នា​ដែរ​។

ក្រោយ​ពេល​កើតហេតុ កម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ដែល​កំពុង​ឈរជើង​នៅ​ក្បែរ​នោះ​សហ​ការណ៍​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​៣​ចុះ​ទៅ​អន្តរាគមន៍ សម្រួល​ចរាចរ​មិន​ឲ្យ មានការ​កកស្ទះ និង​ឲ្យ​ភាគី​ទាំង​៥​នោះ​សម្របសម្រួល​គ្នា​បញ្ចប់រឿង​៕ ដោយ ៖ យន់ ស៊ី​ថា