រថយន្ត​ធុន​ធំ​បើក​បុក​ម៉ូតូ​ស្លាប់​បុរស​ម្នាក់ យ៉ាង​អាណោចអាធ័ម

37

ខេត្តកណ្តាល ៖ គ្រោះថ្នាក់​ចរាចរ​មួយ​បាន​កើតឡើង​បង្ក​ដោយ​រថយន្ត​ធុន​ធំ​ម៉ាក ហ៊ី​ណូ បើក​បុក​រួច​កិន​លើ​ម៉ូតូ បណ្តាល​ឲ្យ​បុរស​ម្នាក់​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ​យ៉ាង​អាណោចអាធ័ម​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​០៦ និង​៤០​នាទី​ព្រឹក ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០១៩ ស្ថិត​ក្នុងភូមិ​ព្រៃខ្លា ឃុំ​ក្រាំង​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្ដាល​។

Loading...

ជន​រង​គ្រោះ​ឈ្មោះ ប៉ិច ទូច ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ ជនជាតិ​ខ្មែរ ស្នាក់​នៅ​ភូមិ ត្រពាំង​ជ្រៅ ឃុំ​ក្រាំង​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្ដាល​។ អ្នក​បើករថយន្ត​ឈ្មោះ ផុ​ន សុធា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិ​ខ្មែរ ស្នាក់​នៅ​ភូមិ​បឹង​គ្រុំ​ក្រោម ឃុំ​បឹង​គ្រុំ ស្រុក​ល្វាឯម ខេត្តកណ្ដាល​។ នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ ជន​រង​គ្រោះ​ជិះ​ម៉ូតូ ម៉ាក​ហុងដា​ឌ្រី​ម ធុន​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កណ្ដាល 1B-1158 ធ្វើ​ដំណើរ​ពី​លិចទៅ​កើត​។

លុះ​មក​ដល់​ចំណុច​កើតហេតុ ស្រាប់​មាន​រថយន្ត​ធុន​ធំ​មួយ​គ្រឿង ម៉ាក​ហ៊ី​ណូ​ប្រភេទ​បែន ពណ៌​បៃតង ពាក់​ស្លាក​លេខ ភ្នំពេញ​1A-0312 មក​ពីក្រោយ​បុក​ម៉ូតូ​ជន​រង​គ្រោះ បណ្ដាល​ឲ្យ​ជន​រង​គ្រោះជា​អ្នក បើកបរ​ម៉ូតូ​ស្លាប់​មួយ​រំពេច​។ ក្រោយ​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​វាស់វែង និង​យក​មធ្យោបាយ​ទាំង​២​គ្រឿង ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ហើយ​សព ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ ដោយ ៖ ប៉ឹង ឆដា