ទប់ស្កាត់​ការ​រាលដាល​នៃ​ជំងឺឆ្លង​សត្វ ពិសេស​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក

57

ខេត្តសៀមរាប ៖ នៅ​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០១៩​នេះ ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ខេត្តសៀមរាប បាន​ចាត់​ឲ្យ​កម្លាំង​ចុះ​ប្រតិបត្តិការ​តាម​បណ្តា ស្រុក​មួយ​ចំនួន​ដូច​ជា​ស្រុក​ជីក្រែង និង​ស្រុក​សូទ្រនិគម ដើម្បី​ផ្សព្វផ្សាយ​ពី​វិធានការ​បន្ទាន់​ត្រួតពិនិត្យ និង​ទប់ស្កាត់​ការ​រាលដាល​នៃ​ជំងឺឆ្លង​សត្វ​ពិសេស​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​ដល់​បងប្អូន​អាជីវករ​លក់​ចំណី​សត្វ​ឱសថ​ម្ចាស់​សត្តឃាត ភ្នាក់ងារ​សុខភាព​សត្វ​ភូមិ អាជីវករ​ពិឃាតសត្វ ដឹក​ជញ្ជូន​សត្វ​ចំនួន​២៦​នាក់ និង​ចែក​លិខិត​ប័ណ្ណ​ចំនួន​៣៦០​សន្លឹក​។

Loading...

លោក ព្រំ វិច ប្រធាន​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តសៀមរាប បាន​ឲ្យ​ដឹង​កាលពី​រសៀល​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០១៩​ថា ក្រុមការងារ​មន្ត្រី​បច្ចេកទេស​របស់​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​ខេត្ត នៃ​មន្ទីរ កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តសៀមរាប​ចំនួន​៤​រូប បាន​បើក​ប្រជុំ​នៅ​ស្រុក​ជីក្រែង និង​សូទ្រនិគម ដើម្បី​ផ្សព្វផ្សាយ​ពី​វិធានការ​បន្ទាន់​ដើម្បី​ត្រួតពិនិត្យ និង​ទប់ស្កាត់​ការ​រាលដាល​នៃ​ជំងឺឆ្លង​សត្វ​ពិសេស ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​ដែល​ចូលរួម​ពី​អាជីវករ​លក់​ចំណី​សត្វ​ឱសថ ម្ចាស់​សត្តឃាត ភ្នាក់ងារ​សុខភាពសត្វ​ភូមិ អាជីវករ​ពិឃាតសត្វ ដឹក​ជញ្ជូន​សត្វ​ចំនួន​២៦​នាក់ និង​ចែក​លិខិត​ប័ណ្ណ​ចំនួន​៣៦០​សន្លឹក បាន​ចុះ​ត្រួត ពិនិត្យ​ចរន្ត​សត្វ​តាម​ដងផ្លូវ​ជាតិ​លេខ​៦ ក្នុងស្រុក​សូទ្រនិគម និង​បាន​ចុះ​ចែក​លិខិត​ប័ណ្ណ ដល់​អ្នក​ចិញ្ចឹម​ជ្រូក​ចំនួន​៣៦០​នាក់ បាន​ធ្វើ​វិធានការ​ជីវ​សុវត្ថិភាព​តាម​មធ្យោបាយ​ដឹក​ជញ្ជូន​សត្វ និង​សត្តឃាតដ្ឋាន ស្រុក​សូទ្រនិគម​។

លោក​បន្ត​ថា មន្ត្រី​ជំនាញ​មិន​បាន​នៅ​ស្ងៀម​ទេ គឺ​បាន​តាមដាន ស្រាវជ្រាវ​យ៉ាង​ហ្មត់ចត់ និង​ជា​ប្រចាំ​ទៅ​លើ​សុខភាព​សត្វ​ជ្រូក​នៅ​ទូ​ទាំង​ខេត្ត និង​បាន​ណែនាំ​ឲ្យ​អ្នក​ចិញ្ចឹម ជ្រូក កន្លែង​ប្រ​មូ​ផ្តុំ​ជ្រូក និង​ទីផ្សារ​ជ្រូក​ឲ្យ​ធ្វើ​អនាម័យ​ឲ្យ​បានជា​ប្រចាំ ដើម្បី​ធានា​សុវត្ថិភាព​ដល់​អ្នក​បរិភោគ សាច់​ជ្រូក ជា​ពិសេស​ភ្ញៀវ​ទេសចរណ៍​ដែល​បាន​មក​ស្នាក់​នៅ​កម្សាន្ត​សប្បាយ​នៅ​ក្នុង​ខេត្ត​។ លោក ព្រំ វិច បាន​បញ្ជាក់​ទៀត​ថា មន្ត្រី​ផលិតកម្ម និង​បសុព្យាបាល​ខេត្តសៀមរាប បាន​នឹង​កំពុង​តែ​បង្កើន​ការ​ត្រួត ពិនិត្យ លើ​សុខភាព​សត្វ​ជ្រូក​ដែល​ត្រូវ​យក​មក​ផ្គត់ផ្គង់​នៅ​លើ​ទីផ្សារ​ក្នុង​ខេត្តសៀមរាប ដូច​ជា​ការ​ពិនិត្យ សត្វ​ជ្រូក​ដឹក​តាម​រថយន្ត​តាម​ម៉ូតូ តាម​កសិដ្ឋាន និង​កន្លែង​ចិញ្ចឹម​ជា​លក្ខណៈ​គ្រួសារ ដោយ​មានការ បាញ់ថ្នាំ​សម្លាប់​មេរោគ​ជា​មុន​ផង​ដែរ ពិសេស​បាន​សហការ​ជាមួយ​មន្ត្រី​នគរបាល នៅ​គ្រប់​មូលដ្ឋាន ធ្វើការ​ត្រួតពិនិត្យ និង​តាម​ជាប់​ជា​និច្ច​អំពី​បញ្ហា​សុខភាព​សត្វ​ជ្រូក​ជា​ពិសេស​គឺ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​។

លោក ព្រំ វិច បាន​អះអាង​ទៀត​ថា រាល់​សត្វ​ជ្រូក​ទាំងអស់ ដែល​ដាក់​លក់​នៅ​លើ​ទីផ្សារ​នៅ​ក្នុង​ខេត្ត សៀមរាប គឺ​ត្រូវ​តែ​មាន​ត្រួតពិនិត្យ​ពី​មន្ត្រី​ជំនាញ ដែល​មាន​បោះត្រា​នៅ​លើ​សាច់​ជ្រូក​តែ​ម្តង ហើយ​ក្រៅពី​នេះ​មន្ត្រី​ជំនាញ ក៏​បាន​ហៅ​អ្នក​ដើរ​លក់​សាច់​ជ្រូក​ចល័ត មក​អប់រំ​ណែនាំ​ឲ្យ​យក​តែ សាច់​ជ្រូក​ដែល​មាន​សុវត្ថិភាព​ទៅ​លក់ ដោយ​មិន​អនុញ្ញាត​ឲ្យ​វាយ​ជ្រូក​ខ្លួនឯង យក​សាច់​ទៅ​លក់ ដោយ​គ្មាន​ការ​ត្រួតពិនិត្យ​ពី​មន្ត្រី​ជំនាញ​នោះ​ទេ​។

លោក​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា សត្វ​ជ្រូក​ដែល យក​មក​ផ្គត់ផ្គង់​នៅ​ក្នុង​ខេត្តសៀមរាប​បច្ចុប្បន្ន​នេះ មាន​ប្រមាណ​ជា​២០០​ទៅ ២៥០​ក្បាល​ក្នុង​១​ថ្ងៃ ហើយ​សត្វ​ជ្រូក​ទាំងនោះ​គឺជា​ជ្រូក​ក្នុងស្រុក និង​មានការ​នាំ​ចូល​ពី​ប្រទេស​ថៃ​តិចតួច និង​គ្មាន​ការ នាំ​ចូល​ពី​ប្រទេស​វៀតណាម​នោះ​ទេ ហើយ​បច្ចុប្បន្ន​នេះ សម្រាប់​សាច់​ជ្រូក​ដែល​នាំ​ចេញពី​សត្តឃាត ដ្ឋា​ន​យក​ទៅ​ដាក់​លក់​នៅ​លើ​ទីផ្សារ​ក្នុង​ខេត្តសៀមរាប គឺ​គ្មាន​មេរោគ​ឆ្លង​ទេ ប្រជាពលរដ្ឋ​អាច​បរិភោគ​បាន ដោយ​មាន​សុវត្ថិភាព​។ ពីព្រោះ​នូវ​រាល់​សត្វ​ជ្រូក​ទាំងអស់​ដែល​ដឹក​ចូល​សត្តឃាតដ្ឋាន មុន និង​ពិឃាត​យក​សាច់​ជ្រូក​ទាំងអស់​ត្រូវ​បាន​ត្រួតពិនិត្យ​យ៉ាង​ត្រឹមត្រូវ​ពី​មន្ត្រី​ជំនាញ​៕ ដោយ ៖ ច័ន្ទ រស្មី