នគរបាល​ជំនាញ​បញ្ជូន​ជនសង្ស័យ​២​នាក់ និង​វត្ថុ​តាង​ថ្នាំ​ញៀន​ទៅ​តុលាការខេត្ត

55

ខេត្តបន្ទាយមានជ័យ ៖ នគរបាល​ការិយាល័យ ប្រឆាំង​ការ​ជួញដូរ​គ្រឿងញៀន នៅ​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០១៩​នេះ បាន​រៀបចំ​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ចំនួន​២​នាក់ និង​វត្ថុ​តាង​ថ្នាំ​ញៀន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។ លោក​វរសេនីយ៍ឯក ធិ​ន ស៊ិ​ន​ដេ​ត អធិការ​នគរបាល ក្រុង​ប៉ោយ​ប៉ែ​ត បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​១០ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០១៩ ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ល្អ ថា​មាន​ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន នៅ​ចំណុច​លើ​ផ្លូវលំ ក្នុងភូមិ​ទំនប់ (​ក​.៥) សង្កាត់​ផ្សារ កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត​។

Loading...

លោក​បាន​ដឹកនាំ​កម្លាំង​នគរបាល​ផ្នែក​ជំនាញ​ប្រឆាំង​គ្រឿងញៀន និង​កម្លាំង​នគរបាល ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ផ្សារ​កណ្តាល ចុះ​ទៅ​ដល់​កន្លែង​ដែល​ជនសង្ស័យ​ធ្វើ​សកម្មភាព និង​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ បាន​ម្នាក់ ឈ្មោះ សឿង សំណាង ហៅ​ពេជ្រ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ស្នាក់​នៅ​ភូមិ​ទំនប់ ក​.៥ សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត និង​ធ្វើការ​ឆែកឆេរ​រក​ឃើញ វត្ថុ​តាង​ម្សៅ ក្រាម​ពណ៌​ស សង្ស័យ​ជា​គ្រឿងញៀន សរុប​ចំនួន​៥៥​ថង់​តូច ស្មើ​៥៦.៣២​ក្រាម និង​ទូរស័ព្ទ​ដៃ​១​គ្រឿង​។

លោក​អធិការ​បាន​បន្ត​ថា ឆ្លង​តាម​ការ​សាកសួរ​ចម្លើយ ជនសង្ស័យ ឈ្មោះ សឿង សំណាង ហៅ​ពេជ្រ បាន​សារភាព​ថា ថ្នាំ​ញៀន​ទាំងនេះ គឺ​គេ​បាន​ទិញ​ពី​ឈ្មោះ​ត្រា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ នៅ​សង្កាត់​ផ្សារ​កណ្តាល និង​ឈ្មោះ អូន ភេទ​ប្រុស អាយុ​ប្រហែល​៣៦​ឆ្នាំ នៅ​ភូមិ​ទួល​ពង្រ សង្កាត់​ផ្សារ​កណ្តាល​។ ក្រោយ​ពី​ទទួល​បាន​ចម្លើយ នៅ​វេលា​ម៉ោង​៧ និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​១២ ខែកក្កដា លោក​បាន​ដឹកនាំ​កម្លាំង​ផ្នែក ជំនាញ​ប្រឆាំង​គ្រឿងញៀន និង​កម្លាំង​នគរបាល​ប៉ុស្តិ៍ ចុះ​បន្ត​អនុវត្ត​និ​តិ​វិធី ស្រាវជ្រាវ និង​ឈាន​ដល់​ការ​បង្ក្រាប ចាប់​ឃាត់ខ្លួន ជនសង្ស័យ​ឈ្មោះ សំ ចិ​ត្រា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ស្នាក់​ភូមិ​បា​លិ​លេ​យ្យ​២ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ត្រង់​នៅ​ចំណុច​ភូមិ​ទំនប់ ក​.៥ សង្កាត់​ផ្សារ កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត និង​ឆែកឆេរ​រក​ឃើញ វត្ថុ​តាង​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា សង្ស័យ​ជា​ថ្នាំ​ញៀន​ចំនួន​១​ថង់​ធំ និង​២​ថង់​តូច ស្មើ ១០៣.៩៧​ក្រាម និង​ទូរស័ព្ទ​ដៃ​១​គ្រឿង​។

លោក​វរសេនីយ៍ទោ ង៉េ​ង សុ​ជា ស្នងការ​រង ផែនការ​ងារ​ប្រឆាំង​គ្រឿងញៀន បាន​បញ្ជាក់​បន្ថែម​ថា​៖ នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​ទាំង​២​នាក់ បាន​សារភាព​ថា​៖ ពួក​គេ​ពិតជា​បាន​ប្រព្រឹត្ត​អំពើ​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​ពិតប្រាកដ​មែន ពី​មុន​ពួក​គេ​គ្រាន់តែ​ប្រើប្រាស់ ក្រោយមក​ក៏​បែកគំនិត​ជា​ជួញដូរ​វិញ​។ ដោយ​ផ្អែក​លើ​ករណី​បង្ក្រាប និង​ដកហូត​បាន​វត្ថុ​តាង​ជាក់ស្តែង និង​ចម្លើយ​សារភាព​របស់​ជនសង្ស័យ បច្ចុប្បន្ន​មុខសញ្ញា​ទាំង​២​នាក់ និង​វត្ថុ​តាង ត្រូវ​បាន​កម្លាំង​នគរបាល ជំនាញ​ការិយាល័យ ប្រឆាំង​គ្រឿងញៀន បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ហើយ​ដែរ​៕ ដោយ ៖ ណុ​ប រក្សា