ខេត្តព្រះសីហនុ ៖ នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩ លោក ហ៊ុន ម៉ានី រួមដំណើរជាមួយ លោក សាយ សំអាល់ និងក្រុមការងារបានអញ្ជើញចុះជួបសំណេះសំណាល ថ្លែងអំណរគុណចំពោះកងទ័ព ជើងទឹកមូលដ្ឋានសមុទ្ររាម និងតំបន់ប្រតិបត្តិការសឹករងខេត្តសរុបចំនួន៤១៥នាក់ ដែលបានចូលរួម ជួយសង្គ្រោះជនរងគ្រោះក្នុងឧបទ្ទវហេតុរលំបាក់អគារ នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី២២ ខែមិថុនា កន្លងទៅនេះ។ លោក ហ៊ុន ម៉ានី បានបង្ហាញពីការសោកស្តាយ និងចូលរួមរំលែកទុក្ខជាមួយ ក្រុមគ្រួសារជនរងគ្រោះដែលបានបាត់បង់ជីវិត និងជនរងគ្រោះដែលរស់រានមានជីវិត ហើយកំពុងសម្រាកព្យាបាលទាំងអស់។

ទន្ទឹមនឹងនោះ លោកក៏បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការលះបង់របស់កងកម្លាំងសង្គ្រោះទាំងអស់។ លោកបានមានប្រសាសន៍ថា៖ « ពិតណាស់ អ្វីដែលបានកើតឡើង វាបានចប់ផុតទៅហើយ តែអ្វីដែលយើងទាំងអស់គ្នាចងចាំមិនភ្លេចនោះ គឺការលះបង់អស់ពីកម្លាំងកាយ កម្លាំងចិត្ត និងស្មារតីរបស់ក្រុមសង្គ្រោះ ដោយបានដាក់គោលដៅរួមមួយ គឺការជួយបងប្អូនប្រជាជន យើងដោយមិនចង់បានអ្វីតបស្នង»។

លោកបានបន្តឲ្យដឹងបន្ថែមទៀតថា បើទោះបីជាទំហំនៃការបាត់បង់ មានវិសាលភាពធំធេង តែឧបទ្ទវហេតុនេះបានបង្ហាញច្បាស់ ពីការរួបរួមគ្នា របស់គ្រួសារខ្មែរ នៅក្នុងកាលៈទេសៈលំបាក ហើយបានបន្សល់នូវមេរៀន និងការចងចាំសម្រាប់ប្រជាជន ជាពិសេសយុវជនយើង។ លោក ហ៊ុន ម៉ានីបានបន្តថា៖ «ពូៗ បងប្អូនពិតជាបានបន្សល់ទុកនូវគំរូវីរភាពនៃការរួមចិត្ត រួមកម្លាំង ការចេះជួយគ្នាវិញទៅមក ក្នុងនាមជាមហាគ្រួសារខ្មែរតែមួយ ដល់យុវជនគ្រប់ៗរូប និងជាពិសេសដល់កូនចៅយើង ជំនាន់ក្រោយ។»។

ជាមួយគ្នានោះ លោកបានលើកឡើងពីចំណាត់ការដ៏ម៉ឺងម៉ាត់របស់ថ្នាក់ដឹកនាំ និងអាជ្ញាធរ ដើម្បីគ្រប់គ្រងកុំឲ្យមានឧបទ្ទវហេតុដូចគ្នានេះកើតឡើងជាថ្មីម្តងទៀត។ ជាមួយគ្នានេះផងដែរនៅរសៀលថ្ងៃដដែលនេះលោក ហ៊ុន ម៉ានី លោក សាយ សំអាល់ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះសីហនុនិងលោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ក៏បានអញ្ជើញជួបជុំសំណេះសំណាល និងប្រគល់ប័ណ្ណសរសើរ ជូនដល់ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្ត និងមន្ត្រីនគរបាលជាតិនៃស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុនៅសណ្ឋារគារសុខាផងដែរ៕ ដោយ ៖ រស់ ភីណា



