នគរបាល​ប្រឆាំង​គ្រឿងញៀន​បង្ហាញ​មុខសញ្ញា​ជួញដូរ និង​គ្រឿងញៀន​ជិត​១​គីឡូ​កន្លះ

184

ខេត្តបន្ទាយមានជ័យ ៖ កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្តបន្ទាយមានជ័យ បង្ហាញ​មុខសញ្ញា ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​ចំនួន​៣​នាក់ រួម​ទាំង​វត្ថុ​តាង​ថ្នាំ​ញៀន​មួយ​ចំនួន​ធំ​។ ប្រតិបត្តិការ​បង្ក្រាប គ្រឿងញៀន​នេះ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​១១ និង​១៥​នាទី ព្រឹក​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០១៩ អនុវត្ត​ដោយ​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត និង​កម្លាំង​នគរបាល​ក្រុង​សិរី​សោភ័ណ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ ង៉េ​ង សុ​ជា ស្នងការ​រង ផែនការ​ងារ​ប្រឆាំង​គ្រឿងញៀន ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​នៅ​ចំណុច​ផ្ទះ​ជនសង្ស័យ ស្ថិត​ក្នុងភូមិ​កំពង់ស្វាយ សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ​។

Loading...

លោក​វរសេនីយ៍ទោ ង៉េ​ង សុ​ជា ស្នងការ​រង ផែនការ​ងារ​ប្រឆាំង​គ្រឿងញៀន​បាន​ឲ្យ​ដឹង​ថា​៖ អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ ដើម្បី​ឲ្យ​ភូមិ​ឃុំ មាន​សុវត្ថិភាព លោក​ឧត្តមសេនីយ៍​ស្នងការ តែងតែ​ដាក់​ចេញ​នូវ​បទបញ្ជា​ដល់​កម្លាំង​នគរបាល​ជំនាញ ត្រូវ​មាន​វិធានការ ស៊ើបអង្កេត​ស្រាវជ្រាវ មុខសញ្ញា​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​ដូច​ជា​ភ្លៀងរលឹម​។

ជា​លទ្ធផល នៅ​វេលា​ម៉ោង​១១ និង​១៥​នាទី ព្រឹក​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០១៩ កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត និង​កម្លាំង​នគរបាល​ក្រុង​សិរី​សោភ័ណ បាន​ធ្វើការ​ស៊ើបអង្កេត ស្រា​ជ្រាវ​តាម​វិធានការ​ជំនាញ និង​មានការ​ដឹកនាំ​សម្របសម្រួល​ដោយ​លោក តេ​ង សា​ម៉ៃ ព្រះរាជអាជ្ញា​រង អម​សាលាដំបូង​ខេត្ត ឈាន​ដល់​ការ​បង្ក្រាប​ចាប់​ឃាត់​ជនសង្ស័យ​ចំនួន​៣​នាក់ ស្រី​២​នាក់ មានឈ្មោះ ១-​ឈ្មោះ សៀ​ប ម៉ា​យ៉ា អាយុ​២០​ឆ្នាំ ជនជាតិ​ខ្មែរឥស្លាម ស្នាក់​នៅ​ភូមិ​កំពង់ស្វាយ សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ ខេត្ត បន្ទាយ​មាន​ជ័យ មុខរបរ​លក់​ខោអាវ​។

២-​ឈ្មោះ លាង ឧសភា អាយុ​២៥​ឆ្នាំ ជនជាតិ​ខ្មែរ ស្នាក់​នៅ​អគារ​កាស៊ីណូ ហូ​លី​ដេ ស្ថិត​ក្នុងភូមិ​ក្បាក​ស្ពាន សង្កាត់​/​ក្រុង​ប៉ោយ​ប៉ែ​ត មុខរបរ​ជា​បុគ្គលិក​កាស៊ីណូ​។ ដោយឡែក​ក្មេង​ប្រុស​ម្នាក់ មាន​អាយុ​១៣​ឆ្នាំ មានមុខ​ក្នុង​កន្លែង​ប្រ​តិ​ប​តិ្ត​ការ បង្ក្រាប ក្រោយ​ពី​ធ្វើការ​ស្រាវជ្រាវ រក​ឃើញ​មិន​ពាក់ព័ន្ធ សមត្ថកិច្ច​គ្រាន់តែ​ធ្វើការ​អប់រំ និង​ឲ្យ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​។ លោក​វរសេនីយ៍ទោ ង៉េ​ង សុ​ជា បាន​បន្ត​ថា​៖ ក្នុង​កិច្ច​ប្រតិបត្តិការ​នេះ សមត្ថកិច្ច​បាន​ធ្វើការ​ឆែកឆេរ​រក​ឃើញ​វត្ថុ​តាង​នៅ​នឹង​ផ្ទះ​របស់​ជនសង្ស័យ​មាន​៖ ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន ១៩​ថង់​តូច និង​១​ថង់​ធំ ថ្លឹង​ទាំង​សម្បក​ស្មើ​១,៤១០.៤២​ក្រាម -​ថ្នាំ​គ្រាប់​អ៊ិ​ក​ស្តា​ស៊ី ចំនួន​១៥​គ្រាប់​-​កូន​ដប​ដែល​មាន​វត្ថុ​រាវ​នៅ​ក្នុង​ដប​ចំនួន​៧​ដប​-​សំបក​ថង់​ប្លា​ស្ទិ​ក រួម​ទាំង​ឧបករណ៍​សម្រាប់​ប្រើប្រាស់​ថ្នាំ​ញៀន​មួយ​ចំនួន​៕ ដោយ ៖ ណុ​ប រក្សា