លទ្ធផល​បង្ក្រាប​ឆមាស​ទី​១ ឆ្នាំ​២០១៩ បាន​៣៦៧៦​ករណី

37

រាជធានី​ភ្នំពេញ ៖ នា​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០១៩ មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ បាន​បើក​កិច្ចប្រជុំ បូក​សរុប​លទ្ធផល នៃ​កិច្ច​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន សម្រាប់​ឆមាស​ទី​១ ឆ្នាំ​២០១៩ និង លើក​ទិស​ដៅ​ការងារ​ឆមាស​ទី​២ ក្រោម​អធិបតីភាព​នាយ​ឧត្តមសេនីយ៍ ម៉ក់ ជី​តូ អគ្គស្នងការ​រង នគរបាល​ជាតិ​។

Loading...

ពិធី​ត្រូវ​បាន​លោក​ឧត្តមសេនីយ៍ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ឡើង​ធ្វើ​របាយការណ៍​បញ្ជាក់​ជូន អង្គប្រជុំ​ថា នៅ​ឆមាស​ទី​១ ដើមឆ្នាំ​២០១៩ សមត្ថកិច្ច​នគរបាល​ជាតិ​ទូ​ទាំង​ប្រទេស បាន​ធ្វើការ​បង្ក្រាប បទល្មើស គ្រឿងញៀន​ចំនួន ៣.៦៧៦​ករណី ឃាត់ខ្លួន ៧៦៦៤​នាក់ (​ស្រី​៥៤៥) ក្នុង​នោះ​មាន​ជនបរទេស​ចំនួន​១៦៧ នាក់ (​ស្រី​៣៥) រួម​មាន​ករណី​ជួញដូរ រក្សា​ទុក​, កែ​ច្នៃ​,​ដាំ​ដុះ​,​ប្រើប្រាស់​,​ចាប់​តាម​ដីកា និង​រឹបអូស​គ្រឿងញៀន​សរុប ៣១២ គីឡូក្រាម និង​កាប់​បំផ្លាញ​ដំណាំ​កញ្ឆា ចំនួន​១៨​លើក ស្មើ ៤១.៤៣៥ ដើម​។

បន្ទាប់​ពី​របាយការណ៍​លោក ឧត្ត​សេនីយ៍ ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នាយ​ឧត្តមសេនីយ៍ ម៉ក់ ជី​តូ អគ្គស្នងការ​រង​នគរបាល​ជាតិ បាន​ឡើង​ថ្លែង​នូវ​សេចក្តី​កោត​ស​សើរ និង​វាយតម្លៃ​ខ្ពស់​ដល់​នគរបាល​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ទាំងអស់ ដែល​បាន​យកចិត្តទុកដាក់​ក្នុង​ការ​បង្ការ បង្ក្រាប​បទល្មើស​គ្រឿងញៀន ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​គួរ​ឲ្យ កត់សម្គាល់ ពិសេស​ឈាន​ដល់​ការ​ឃាត់ខ្លួន និង​រឹបអូស​គ្រឿងញៀន​ជា​បាន​យ៉ាងច្រើន​សន្ធឹកសន្ធាប់​នេះ​។

ទន្ទឹម​នេះ​លោកនាយ​ឧត្តមសេនីយ៍ បាន​ថ្លែង​ការ​កោតសរសើរ​ដល់​មន្ត្រី​អនុវត្ត​ច្បាប់​ប្រឆាំង​គ្រឿងញៀន នៅ​ពេល​ចុះ​ប្រតិបត្តិការ បាន​ប្រកាន់​ភ្ជាប់​នៅ​ក្រមសីលធម៌ ជំនាញ​វិជ្ជាជីវៈ កុំ​ឲ្យ​មានការ​ឃុបឃិត អន្តរាគមន៍ កុំ​អធ្យាស្រ័យ ដែល​ការ​បង្ក្រាប​គ្រឿងញៀន​ពេល​ខ្លះ​តូចតាច ក៏​វា​អាច​ឈាន​ទៅ​ដល់​ការ​ស្រាវជ្រាវ​ចាប់​បាន ករណី​ធំ​ៗ​ផង​ដែរ​។

នាយ​ឧត្តមសេនីយ៍ ម៉ក់ ជី​តូ បាន​ណែនាំ​ដល់​នគរបាល​ប្រឆាំង​គ្រឿងញៀន​ទាំងអស់ ត្រូវ​ប្តេជ្ញា​ចិត្ត​អនុវត្ត​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ដឹកនាំ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ខុសច្បាប់​លើក​ទី​៤ ក្នុង​ការ​លុប​បំបាត់​ការ​ជួញដូរ ប្រើប្រាស់​គ្រឿងញៀន នៅ​តាម​ក្លិប​កម្សាន្ត និង​ទីតាំង​សប្បាយដ្ឋាន ឲ្យ​បាន​ទាំងស្រុង​នា​ចុងឆ្នាំ​២០១៩ និង​ប្តេជ្ញា​ចិត្ត​អនុវត្ត​តាម​សេចក្តីណែនាំ​ស្តី​ពី​ការ គ្រប់គ្រង ប្រើប្រាស់​ក្រប​ខណ្ឌ​មន្ត្រី​នគរបាល​ជាតិ​ការ​គ្រប់គ្រង​ប្រើប្រាស់ អាវុធ​ជាតិ​ផ្ទុះ និង​មធ្យោបាយ​របស់ ក្រសួងមហាផ្ទៃ​។

​នាយ​ឧត្តមសេនីយ៍ អគ្គស្នងការ​រង​នគរបាល​ជាតិ បាន​ជំរុញ​ឲ្យ​មន្ត្រី​នគរបាល​ទាំងអស់ ត្រូវ​បន្ត​អនុវត្ត​តាម​ផែនការ​យុទ្ធសាស្ត្រ ៥​ឆ្នាំ​(២០១៩-២០២៤) យុទ្ធសាស្ត្រ​ទី​១ និង​មួយ​ផ្នែក​នៃ​យុទ្ធសាស្ត្រ​ទី​២ បង្ការ ទប់ស្កាត់ និង​ប្រយុទ្ធ​ប្រឆាំង​បទល្មើស​គ្រឿងញៀន រួមចំណែក​ការពារ​សណ្តាប់ធ្នាប់​សាធារណៈ និង​សន្តិសុខ​សុវត្ថិភាព​សង្គម ក៏​ដូច​ជា​ត្រៀម​អនុវត្ត​តាម​ផែនការ​ស្តី​ពី យុទ្ធនាការ​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​គ្រឿងញៀន​តាម​បណ្តោយ ព្រំដែន កម្ពុជា​-​វៀតណាម របស់​ក្រសួងមហាផ្ទៃ រួម​គ្នា​អនុវត្ត​តាម​ផែនការ របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ឆ្នាំ​២០១៩ ជា​បន្ត​ទៀត​៕ ដោយ ៖ ឃឹម ប៊ុ​ន​ណា​ក់