ខេត្តកណ្តាល ៖ រថយន្តដឹកខ្សាច់ ដឹកដី ដឹកថ្ម និងរថយន្តកុងតឺន័រធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១១៥ ក្នុងក្រុងតាខ្មៅ កំពុងបំផ្លាញផ្លូវ១១៥ និងធ្វើឲ្យពលរដ្ឋក្តៅក្រហាយរាល់ថ្ងៃ ដោយមានការដឹកខ្សាច់ ដឹកដី ដឹកថ្មធ្លាក់ពេញផ្លូវ ហុយចង់ងងឹតមេឃ ចូលផ្ទះរបស់ពួកគាត់ និងដឹកទំនិញធ្ងន់ៗធ្វើឲ្យផ្លូវរងការខូចខាត មានជង្ហុកធំៗដក់ទឹក ដីធ្លាក់ ថ្មធ្លាក់ ខ្សាច់ហូរទឹកកង្វក់ពេញផ្លូវតែម្ដងគ្មានអាជ្ញាធរពាក់ព័ន្ធអើពើឡើយ ធ្វើឲ្យអ្នកដំណើរពិបាកធ្វើដំណើរ រអ៊ូមិនដាច់ពីមាត់ចោទលោក នូ សុវណ្ណរ៉ា អភិបាលក្រុងតាខ្មៅ ថាអសមត្ថភាព ក្នុងការថែទាំងមូលដ្ឋានមិនបានល្អ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានប្រាប់បន្តឲ្យដឹងថា រថយន្តដឹកខ្សាច់ ដឹកដី ដឹកថ្ម នេះធ្វើដំណើរជារៀងរាល់ថ្ងៃ រាល់យប់តែម្ដង ដោយដឹកនៅតាមបណ្ដោយផ្លូវលេខ១១៥ ពីសង្កាត់ព្រែកហូរ ទៅរង្វង់មូលព្រែកសំរោង ក្រុងតាខ្មៅ មិនឃើញមានអាជ្ញាធមូលដ្ឋានចុះដាក់គោលដៅត្រួតពិនិត្យសោះឃើញតែនគរបាលចរាចរខេត្តកណ្តាលដាក់ប៉ុស្តិ៍ជាច្រើនកន្លែងឈរ អង្គុយចាំយកលុយពីឡានដឹកថ្ម ដឹកដី ដឹកខ្សាច់ និងដឹកទំនិញទៅវិញ។

ពាក់ព័ន្ធបញ្ហារថយន្តដឹកខ្សាច់ ដឹកដី ដឹកថ្ម ទាំងអស់នេះ បងប្អូនប្រជាពលរដ្ឋ សំណូមពរ ដល់លោក នូ សុវណ្ណរ៉ា អភិបាលក្រុងតាខ្មៅ និងលោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាល ខេត្តកណ្តាលមេត្តាជួយមានវិធានការផង និងណែនាំកុំឲ្យកូនចៅរបស់លោក អង្គុយ និងឈរយកលុយ មិនមានវិធានការទៅលើរថយន្តទាំងនោះដែរកំពុងតែបំផ្លាញផ្លូវជារបស់រដ្ឋ និងខូចសុខភាពដល់ប្រជាពលរដ្ឋ ដែលរស់នៅទីនោះ។ ពួកគាត់បានសំណូមពរបន្ថែមទៀតថា មិនតែប៉ុណ្ណោះរថយន្តទាំងអស់នោះបើកបរលឿនៗ ជាងនេះទៅទៀត ក៏អាចបង្កគ្រោះថ្នាក់ចរាចរទៅអ្នកដំណើរទូទៅ ផងដែរ៕ ដោយ ៖ ប៉ឹង ឆដា





